ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រប់ក្រសួង-ស្ថាប័ន ក្រោមការដឹកនាំរបស់គណៈកម្មាធិការសេដ្ឋកិច្ចរៀបចំដាក់បញ្ចូលអនឡាញនូវសេវាសំខាន់ៗដែលជាសេចក្តីត្រូវការសម្រាប់ធុរកិច្ច

32

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញនូវសេវាសំខាន់ៗដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។

គួរបញ្ជាក់ដែរថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញ ទំនិញ ពីគយ តាមមធ្យោបាយអេឡិចត្រូនិក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គ្រប់ក្រសួងស្ថាប័ន, ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវសេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគ្រប់ក្រសួង ស្ថាប័ន រួមសហការគ្នារៀបចំជាក្របខណ្ឌរួមមួយ ដែលសម្តេចសូមដាក់ឈ្មោះថា «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» ដើម្បីជាមូលដ្ឋានឈានទៅពង្រីកការដ្ឋានការងារផ្សេងៗទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និងបង្កើនភាពទាក់ទាញរបស់កម្ពុជា សម្រាប់ការវិនិយោគ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្រសួង-ស្ថាប័ន ត្រូវបន្តលើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួលពាណិជ្ជកម្ម, ជាពិសេសត្រូវជំរុញអនុវត្តឱ្យបានជោគជ័យនូវវិធានការទាំងឡាយដែលត្រូវបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង