ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហ៊ុន ម៉ានី៖ ណែនាំដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តសៀមរាប គ្រប់លំដាប់ថ្នាក់ទាំងអស់ រក្សាឲ្យបាននូវសាមគ្គីផ្ទៃក្នុង និងការអនុវត្តគោលការណ៍ផ្សេងៗ

36

សៀមរាប៖ឯកឧត្ដមហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាប។

មានវត្តមានក្នុងពិធីខាងលើ រួមមានថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមហាជន គណៈកម្មាធិការកណ្តាល សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ទូទាំងខេត្តសៀមរាប សរុបប្រមាណ៥៧០នាក់។

ឯកឧត្ដមប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនគណបក្សខេត្តសៀមរាប បានថ្លែងអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្ដម ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈចលណាមហាជន ជូនដល់អគ្គលេខាធិការ និងគណៈប្រតិភូដែលបានផ្តល់កិត្តិយសដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្ត។

បន្ទាប់ពីស្តាប់ការរាយការណ៍របស់ប្រធានគណបក្សខេត្ត អគ្គលេខាធិការ បានធ្វើការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំកសាងនូវសមិទ្ធផលកន្លងមក។

ក្នុងឱកាសនោះឯកឧត្ដម ហ៊ុន ម៉ានី ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តសៀមរាប គ្រប់លំដាប់ថ្នាក់ទាំងអស់ រក្សាឲ្យបាននូវសាមគ្គីផ្ទៃក្នុង និងការអនុវត្តគោលការណ៍ផ្សេងៗ ដែលបានដាក់ចេញដោយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងចូលរួមបំផុស និងផ្សព្វផ្សាយ ទៅដល់សមាជិក សមាជិកាគណបក្ស ឲ្យស្វែងយល់ និងគាំទ្រដល់វិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសការលើកឡើងពីការប្តេជ្ញាចិត្តចំពោះការអនុវត្តគម្រោងព្រែកជីក ហ្វូណន-តេជោ របស់សម្តេចតេជោ កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ឲ្យសមាជិកទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។

ឯកឧត្ដមបានរំឭកឡើងវិញ នូវប្រសាសន៍របស់សម្តេចធិបតី ដែលជាសារដាស់តឿន ដល់សមាជិក សមាជិកាទាំងអស់ថា «ជំនឿទុកចិត្តដែលបានមកពីប្រជាជន ត្រូវការកសាងជាប្រចាំ ហើយត្រូវការពេលវេលាយូរ ដើម្បីទទួលបាន»។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធ និងតួនាទីរបស់ការងារចលនាមហាជនរបស់គណបក្សនៅថ្នាក់មូលដ្ឋានរបស់គណបក្ស ដើម្បីរួមចំណែកដល់ការធានាជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង