ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីថា៖អាកាសយានដ្ឋានអន្តរជាតិធំៗ ចំនួន២របស់កម្ពុជា នឹងជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ឱ្យកាន់តែល្អប្រសើរឡើង

51

ភ្នំពេញ៖ឯកឧត្ដមស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា នៅមានកម្រិតនៅឡើយ ដោយសារតែអាកាសយានដ្ឋានរបស់កម្ពុជា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលយន្តហោះដឹកជញ្ជូនទំនិញធំៗបាន ។

តែយ៉ាងអាកាសយានដ្ឋានអន្តរជាតិសៀមរាមអង្គរថ្មី ដែលបានដាក់ឱ្យដំណើរកាលពីឆ្នាំមុន និង អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ នឹងបម្រើឱ្យការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសកាន់តែប្រសើរជាមុន។

ឯកឧត្ដមបានកត់សម្គាល់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស តាមរយៈអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឃើញថាការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលច្រើនជាងគេ គឺនៅភ្នំពេញ បន្ទាប់មកខេត្តព្រះសីហនុ និងសៀមរាប មានការដឹកជញ្ជូនទំនិញតិចតួច។

ឯកឧត្ដមបានលើកឡើងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស នៅមានកម្រិតតិចតួច ដោយសារកម្ពុជាមិនទាន់មាន ប្រភេទយន្តហោះដឹកជញ្ជូនទំនិញធំៗចុះចត ដោយសារកត្តាមួយចំនួន ជាពិសេសកត្តាហេដ្ឋារចនាសម្ព័ន្ធ ពោលគឺនៅតាមអាកាសយានដ្ឋាន មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ទទួលនូវយន្តហោះប្រភេទធំនោះទេ ដែលជំរុញឱ្យក្រុមហ៊ុនមួយចំនួនដឹកជញ្ជូនទំនិញ ត្រឹមតែយន្តហោះខ្នាតតូច និងខា្នតមធ្យមប៉ុណ្ណោះ។

យ៉ាងណានេះក្តីលោកលើកឡើងថា អាកាសយានដ្ឋានសៀមរាមអង្គរថ្មី មានឧបករណ៍ និងសម្ភារគ្រប់គ្រាន់ សម្រាប់ សម្រួលដល់ការដឹកជញ្ជូន បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលប្រភេទយន្តហោះដឹកទំនិញធុនធំ។ ជាមួយគ្នានេះ
អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រៀមបើកដំណើរការនៅឆ្នាំក្រោយ បានកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ទទួលប្រភេទយន្តហោះដឹកទំនិញខ្នាតធំផងដែរ។

ឯកឧត្ដមមានប្រសាសន៍បន្ថែមថា «យើងគិតថា បន្ទាប់ការបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅឆ្នាំ២០២៥ គឺយើងរំពឹងទុកថានឹងមានការដឹកជញ្ជូនទំនិញប្រហែល ១ម៉ឺនតោនក្នុងមួយឆ្នាំ។ សមត្ថភាពឃ្លាំងស្តុកទំនិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានសមត្ថភាពគ្រប់គ្រាន់ សម្រួលដល់ការចេញចូលយន្តហោះធំបាន»។

សូមជម្រាបថា អាកាសយានដ្ឋានសៀមរាមអង្គរថ្មី ដែលបានដាក់ឱ្យដំណើរកាលពីចុងឆ្នាំ២០២៣ មានសមត្ថភាពអាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕

អត្ថបទដែលជាប់ទាក់ទង