ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរមីន ទទួលថវិកាពីសប្បុរសធម៌ សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជាMBCCនិងធនាគារវីង សម្រាប់រួមចំណែកក្នុងកម្មវិធីសកម្មភាពមីននៅកម្ពុជា

115

                 

   ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ពី សភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា (MBCC) អង្គភាព Virtus Media (Khmer Times) និងធនាគារវីង ប្រគល់ជូនអាជ្ញាធរមីន សម្រាប់យកមកប្រើ ប្រាស់ក្នុងកម្មវិធីសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីនកម្ពុជា ។

        ក្នុងពិធីប្រគល់-ទទួលនេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយស ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតចាត់តាំងម៉ាឡេស៊ីប្រចាំនៅកម្ពុជា លោកឧកញ៉ា Tan Khee Meng ប្រធាន MBCC, លោក Mohan Bandam និពន្ធនាយកនៃអង្គភាព Virtus Media (Khmer Times), លោក Han Peng Kwang នាយកប្រតិបត្តិនៃធនាគារវីង និងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ផងដែរ ។

     ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានទទួលស្គាល់ គាំទ្រភាពជាដៃគូ និងថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងសហការីនៃសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា អង្គភាពVirtus Media (Khmer Times) និងធនាគារវីង ដែលបានរៃអង្គាសថវិកា និងជំរុញកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេសក្នុងរួមចំណែកដល់កម្មវិធីសកម្មភាពមីននៅកម្ពុជា ដែលជាបញ្ហាសំខាន់សម្រាប់ប្រជាពលរដ្ឋ សេដ្ឋកិច្ច និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

       ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ  បានបន្តទៀតថា សន្តានចិត្តមនុស្សធម៌ នឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីន តាមរយៈកិច្ចសង្រ្គោះអាយុជីវិត បង្កើនការយល់ដឹងអំពីមីន ផ្តល់ដីសុវត្ថិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជូនដល់ប្រជាពលរដ្ឋកម្ពុជា។ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរជាក់ស្តែងក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូលដ្ឋាន និងបង្កើតអនាគតមួយដែលប្រជាជនយើងអាចរស់នៅដោយសេរីពីការភ័យខ្លាចដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

     ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានរំលឹក និងសម្តែងនូវការដឹងគុណ ចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងបានបោះជំហានយ៉ាងសំខាន់ ឆ្ពោះទៅរកប្រទេសកម្ពុជាដែលមានសុវត្ថិភាពជាងមុន។ ក្រោមការតស៊ូមតិ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការកាត់បន្ថយជនរងគ្រោះដោយសារគ្រាប់មីន បង្កើនលទ្ធភាពទទួលបានដីសម្រាប់កសិកម្ម សកម្មភាពសេដ្ឋកិច្ច និងការទាក់ទាញការគាំទ្រពីអន្តរជាតិ។ នេះអាចកើតឡើងដោយសារតែការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ក្នុងការលើកកម្ពស់ភាពជាម្ចាស់នៃការងារសកម្មភាពមីន និងផ្តល់អាទិភាពដល់ការបោសសម្អាតតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

      ឯកឧត្តមទេសរដ្ឋមន្រ្តី តំណាងសហគមន៍រងផលប៉ះពាល់ដោយសារមីន បានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានបន្តគាំទ្រ និងដឹកនាំឥតងាករេ ក្នុងបុព្វហេតុដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ ចក្ខុវិស័យ ការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់សម្តេចធិបតី ចំពោះបញ្ហានេះពិតជាមានការបំផុសគំនិត និងរំលឹកអំពីអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលយើងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ។

      ដើម្បីសម្រេចបាននូវចក្ខុវិស័យដឹកនាំរបស់ សម្តេចធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកវិភាគទានពីជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឆាប់រួចចាកផុតពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នាពេលអនាគត៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង