ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីចិនថា កម្ពុជាផ្លាស់ប្តូរនាយករដ្ឋមន្ត្រី តែមិនផ្លាស់ប្តូរជំហរទំនាក់ទំនងទេ

25

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសុំចិន មើល កម្ពុជា ជាមិត្តដែលគួរឱ្យទុកចិត្ត ព្រមទាំងបញ្ជាក់ប្រាប់មិត្តចិនថា កម្ពុជាមិនផ្លាស់ ប្តូរ ជំហរ ទំនាក់ទំនងនោះឡើយ ទោះបីមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីជំហរកម្ពុជា ក្នុងទំនាក់ទំនងជាមួយចិន ក្នុង ជំនួបជាមួយលោក សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈ កម្មាធិការ អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។

នៅក្នុងជំនួបនេះ លោក សូរ៉ាត ហ្សាគៀរ បានរំលឹកពីចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន ហើយបានគូសបញ្ជាក់ថា ចិន ចាត់ទុកសម្តេចតេជោ គឺជាមិត្តចាស់ដ៏ល្អ មួយ រូប។

លោក សូរ៉ាត ហ្សាគៀរ បានរំលឹកពីចំណងទំនាក់ទំនងរវាងកម្ពុជា និងចិនយ៉ាងដូច្នេះ «ចំណងមិត្តភាពកម្ពុជាចិន ដែលបានបង្កើតជាច្រើន ជំនាន់ ផ្ដួចផ្ដើមដោយសម្ដេច ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុជាមួយថ្នាក់ដឹកនាំចិន ហើយត្រូវបានពូនជ្រុំដោយ ថ្នាក់ដឹកនាំចិន និងកម្ពុជាជា បន្តបន្ទាប់រៀងរហូតមកដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឱ្យគ្នាទៅវិញទៅមក»

មន្ត្រីជាន់ខ្ពស់សភាប្រជាជនចិនរូបនេះ បន្ថែមថា «រហូតមកដល់ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងសម្ដេចតេជោ បានផ្ដួចផ្ដើម និងការ កសាង សហគមន៍ជោគវាសនារួមកម្ពុជាចិន ក្នុងដំណាក់កាលថ្មី ប្រកបដោយគុណ ភាពខ្ពស់។ ភាគីចិន ចាត់ទុកកម្ពុជា ជាប្រទេសអាទិភាពហើយគាំទ្រកម្ពុជាយ៉ាង មុតមាំនូវ មាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមសភាពការណ៍ជាក់ស្ដែង។ ប្រទេសចិន ប្តេជ្ញា សហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក»

លោក សូរ៉ាត ហ្សាគៀរ ក៏បានប្រកាសពីជំហររបស់ចិនដែរថា ចិន ប្ដេជ្ញាសហការជាមួយ កម្ពុជា ធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ការពារអធិបតេយ្យ និងសន្តិសុខ របស់ ប្រទេសទាំងពីរ។ ភាគីចិន ក៏នឹងខិតខំធ្វើ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងការធ្វើ ទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ជាមួយកម្ពុជា លើគ្រប់វិស័យ ។

លោក សូរ៉ាត ហ្សាគៀរ ក៏បានបញ្ជាក់ដែរថា ភាគីចិន និងជំរុញកិច្ចសហប្រតិបត្តិការ លើ វិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការ អភិវឌ្ឍន៍ ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិ បត្តិ ការ ក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។

បន្ថែមពីលើនេះ ចិន ក៏នឹងជំរុញការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនដោយសារឆ្នាំនេះ ជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍។ ចិន ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ល្បែង អនឡាញ ការជួញដូរមនុស្ស និងការផ្សព្វផ្សាយ ព័ត៌មាន វិជ្ជមានជាដើម។

សម្ដេចតេជោ ហ៊ុន សែន អរគុណចិន ដែលបានបង្ហាញការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញកិច្ចសហប្រតិបត្តិការច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ។ល។។ សម្តេចតេជោ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងអស់នេះ បានផ្ដល់ប្រយោជន៍ច្រើនដល់ កម្ពុជា។

ពាក់ព័ន្ធទំនាក់ទំនងរវាងកម្ពុជា និងចិន សម្ដេចតេជោ បានសុំឱ្យចិនមើលមកកម្ពុជា ជាមិត្តដែលគួរឱ្យទុកចិត្តមួយ ហើយចិន ក៏ត្រូវទទួលយកនូវការពិតមួយ ពីការផ្លាស់ ប្ដូរនាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែកម្ពុជាពុំមានការផ្លាស់ប្ដូរគោលជំហរ ក្នុងទំនាក់ទំនង ជាមួយ ចិននោះទេ។

«រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិត ខំពង្រឹង ទំនាក់ទំនងដែលមានស្រាប់ ឱ្យកាន់តែរឹងមាំថែមទៀតជាមួយគំនិតថ្មីៗ ដើម្បីធ្វើឱ្យ ទំនាក់ ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមរបស់សម្តេច។

ទាក់ទងទៅនឹងកិច្ចសហ ប្រតិ បត្តិ ការទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានអរគុណ មិត្តចិន ដែល បានជួយឱ្យកម្ពុជា អាចទប់ទល់នឹងជំងឺនេះ បានប្រកបដោយភាព ជោគ ជ័យ។ សម្ដេចតេជោ បន្តថា កិច្ចសហប្រតិបត្តិការប្រឆាំងកូវីដ១៩នេះ ពិតជាមានតម្លៃ សំខាន់ ណាស់សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

សម្ដេចតេជោ ក៏បានកោតសរសើរលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩កន្លងទៅនេះ។ សម្ដេចតេជោ បាន ចាត់ ទុកការជួយរបស់ចិន មិនត្រឹមតែជួយអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះនោះទេ តែបានជួយពង្រឹងដល់ឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសុំឱ្យលោក សូរ៉ាត ហ្សាគៀរ ពាំនាំការ ផ្ដាំផ្ញើ សួរ សុខ ទុក្ខ ប្រធានាធិបតីចិន ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ ឱ្យ មានសុខភាពល្អ និងបន្តទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត។

ក្នុងជំនួបនេះ លោក សូរ៉ាត ហ្សាគៀរ បានអញ្ជើសម្ដេចតេជោ ហ៊ុន សែន បំពេញ ទស្សនកិច្ច ទៅកាន់ប្រទេសចិន តាមពេលវេលាសមស្របណាមួយ នាពេលខាងមុខ។ លោក សូរ៉ាត ហ្សាគៀរ សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន នឹងត្រូវបានជំរុញ និងលើកកម្ពស់ឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង