ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណឹងរីករាយ!ជប៉ុន ប្រកាសជួយអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែតំបន់

61

ក្រុងតូក្យូ, ជប៉ុន៖លោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ប្រកាសជួយអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែតំបន់ និងជាមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០។

ការប្រកាសនេះធ្វើឡើងតបតាមសំណើរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារនៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងអញ្ជើញជាតំណាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី «អនាគត របស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិខាងលើនេះ ឯកឧត្ដមឧបនាយក រដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក Saito TETSUO។ ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណមិត្តជប៉ុន ដែលតែងតែចូលរួម យ៉ាង សកម្មក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនា សម្ព័ន្ធ នៅកម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តថា នៅដើមអាណត្តិទី៧នេះ រាជរដ្ឋាភិបាល បាន សម្ពោធ និង បើកការដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ដែលជាជំនួយរបស់មិត្តជប៉ុនជា បន្តបន្ទាប់រួមមាន ផ្លូវ ជាតិ លេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋាន លើកកម្ពស់ កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី២ ជំហានទី១។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានសំណូមពរជប៉ុន ជួយពន្លឿនការអនុវត្តគម្រោងលើក កម្ពស់ កំពង់ផែក្រុងព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យ កំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅ ឆ្នាំ ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋមន្ត្រី Saito TETSUO បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ នឹងជំរុញ ឱ្យភាគី ពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុនេះ ឱ្យ បានកាន់តែឆាប់រហ័ស ដើម្បីធានាបានថាគម្រោងការនេះអាចបញ្ចប់តាម ផែនការ ដែលបាន គ្រោងទុក។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីក៏បានបង្ហាញការតាំងចិត្ត នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យ លើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែ តំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យ ការសិក្សា គម្រោង នេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង