ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមលី ធុជ បើកប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរិះរកវិធានការឆ្ពោះទៅកម្ពុជា មួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

24

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំស្តី ពីបច្ចុប្បន្នភាពស្ថានភាពសកម្មភាពមីននៅកម្ពុជា ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង- ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការសកម្មភាពមីនខេត្ត(ភីម៉ាក់) និងក្រុមការងាររៀបចំផែនការសកម្មភាពមីន(ម៉ាពូ)  នៅទីស្នាក់ការអាជ្ញាធរមីនកម្ពុជា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ។

        ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានធ្វើការប្តេជ្ញាចិត្តខ្ពស់ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម» (Toward a Mine/ERW-Impact-Free Cambodia)។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងដោះស្រាយផលប៉ះពាល់រយៈពេលវែង ដែលបង្កដោយមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម រួមមាន កិច្ចសង្គ្រោះជនរងគ្រោះ ការជួយដល់ប្រជាពលរដ្ឋ និងសហគមន៍ដែលរងការធ្វើបម្លាស់ទី និងការស្តារសេដ្ឋកិច្ច-សង្គម ក្នុងតំបន់ដែលធ្លាប់រងការគំរាមកំហែងដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម។

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តអនុវត្តន៍នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ក្នុងការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន និងរួមចំណែកអភិវឌ្ឍន៏ ជាតិ។

    ក្នុងនាមតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានអរគុណ ជូនចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែធ្វើការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹង ប្រែង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាយកចិត្តទុកដាក់ និងចាត់ទុកការងារបោសសម្អាតមីន ជាការងារអាទិភាពមួយរបស់ខ្លួន។

    ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ដល់ អាជ្ញាធរ.រាជធានី-ខេត្ត ដែលតែងតែផ្តល់នូវការដឹកនាំ សហការ និងសម្របសម្រួលសកម្មភាពមីននៅតាមភូមិសាស្រ្តរបស់ខ្លួន ដើម្បីផ្តល់លក្ខណៈ ងាយស្រួល និងជំរុញឱ្យការបោសសម្អាតមីន/គ្រាប់ មិនទាន់ផ្ទុះទទួលបានជោគជ័យកន្លងមក  ៕ដោយ ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង