ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងទំនើង៥នាក់ តុលាការសម្រេចឃុំខ្លួន ក្រោយបង្ក្រាបបានពាក់ព័ន្ធការបង្កហិង្សា នៅខណ្ឌច្បារអំពៅ

54

ភ្នំពេញ៖ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៥នាក់ ក្រោយកម្លាំងនគរបាលបង្ក្រាបបានពាក់ព័ន្ធការបង្កអំពើហិង្សាបណ្ដាលឲ្យជនរងគ្រោះរបួស និងខូចខាតទ្រព្យសម្បត្តិ ប្រព្រឹត្តនៅចំណុចខាងមុខវត្តចំប៉ា ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៣៨ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាបង្កឡើងដោយជនត្រូវចោទមួយក្រុម ក្នុងនោះមានជនត្រូវចោទមានខ្លួនចំនួន៥នាក់ គឺទី១៖ឈ្មោះ មុត សុជាតិ, ទី២៖ឈ្មោះ សឿន រតនះ, ទី៣៖ឈ្មោះ ខាន់ ពន្លឺ, ទី៤៖ឈ្មោះ គង់ ម៉េងហាក់ និងទី៥៖ឈ្មោះ រ័ត្ន ខេមរា បក្សពួកកំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុចខាងមុខវត្តចំប៉ា ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤១១ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីហិង្សានេះ បង្កឡើងដោយ ក្រុមជនត្រូវចោទមួយក្រុម បានយកដុំថ្មគប់លើក្រុមបង្ហោះម៉ូតូមួយក្រុមទៀត បណ្តាលឲ្យមានអ្នករងរបួសម្នាក់ និងធ្វើឲ្យខូចខាតដោយចេតនានូវម៉ូតូមួយគ្រឿង។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ៥នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ រួមជាមួួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕

អត្ថបទដែលជាប់ទាក់ទង