ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមអភិបាលរាជធានីបានណែនាំ ឲ្យអភិបាលខណ្ឌទាំង១៤ និងកំលាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនមានក្មេងទំនើង

60

ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកំលាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឲ្យដល់ឬសគល់សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនគឺមិនមានក្មេងទំនើង។

ការណែនាំរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ក្នុងខណៈឯកឧត្ដមដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ឧសភានេះ នៅសាលារាជធានីភ្នំពេញ។

  ឯកឧត្ដមឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖ ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចរបស់យើងបានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីពួកគេធ្វើសកម្មភាព គឹកម្លាំងរបស់យើងចាប់បានភ្លាម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចរបស់យើងត្រូវពង្រឹងបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះ។

  ឯកឧត្តមឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានស្នើឱ្យអភិបាលខណ្ឌនៅជាប់ព្រំប្រទល់ជាមួយនឹងស្រុកនៃខេត្តកណ្ដាលប្រជុំជាមួយអភិបាលស្រុកជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើងទាំងនេះ។បន្ថែមពីនេះក៏ត្រូវសហការជាមួយនឹងនាយកសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើងជាមួយនិងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្សដែលយើងសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។

  ឯកឧត្តមបានបញ្ជាក់ផងដែរថា៖ ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ចរបស់យើង អនុវត្តបានល្អប្រសើរហើយ។ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់ កុំឲ្យមានក្មេងទំនើងទើបជារឿងដែលល្អបំផុត។ក្រៅពីបង្ក្រាប បង្ការទប់ស្កាត់ក្មេងទំនឿហើយនោះ ឯកឧត្តមឃួង ស្រេងក៏បានណែនាំឲ្យយកចិត្តទុកដាក់ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់កែច្នៃដាវសាំម៉ូរ៉ៃ ការបង្ក្រាបនៅល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឲ្យភូមិសង្កាត់ មានសុវត្ថិភាព។

  ជាមួយគ្នានោះដែរឯកឧត្តមឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ នៅរាជធានីភ្នំពេញមានក្រុមក្មេងទំនើងចំនួន១២ក្រុម ហើយក្នុងចំនួន១២ក្រុមនេះកម្លាំងមានសមត្ថកិច្ចរបស់យើង ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ១០ក្រុម នៅសល់២ក្រុម ដែលជាក្រុមមិនទាន់បានធ្វើសកម្មភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងចំនួន១០ក្រុមនេះ ក៏មានក្រុមទំនើងខ្លះកំពុងតែរត់គេចខ្លួន ដែលសមត្ថកិច្ចរបស់យើងកំពុងតែស្រាវជ្រាវតាមចាប់៕

អត្ថបទដែលជាប់ទាក់ទង