ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ជំនួយការ ជំនាន់ទី៣ ជាង២០០ នាក់ដើម្បីប្រសិទ្ធភាពការងារ និងផ្តល់ឱកាសការងារដល់មន្ត្រីវ័យក្មេង!

504


ភ្នំពេញ៖នៅខែតុលា និងខែវិច្ឆិកានេះ ពោលគឺមួយខែ-ពីរខែក្រោយ បង្កើតរាជរដ្ឋាភិបាល អាណត្តិថ្មី គឺយ៉ាងហោចណាស់ មានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការប្រមាណជាង ២០០ នាក់ ត្រូវបានតែងតាំងបន្ថែម នៅក្នុងជួររាជរដ្ឋាភិបាល និងរដ្ឋសភា។ ការតែងតាំងបន្ថែមទាំងនេះ ដើម្បីជំរុញប្រសិទ្ធភាពការងារ និងផ្ដល់ឱកាសការងារដល់មន្ត្រីវ័យក្មេងផងដែរ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី រួមទាំងព្រះរាជក្រឹត្យ ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី ត្រូវបានគេផ្សព្វផ្សាយជាបន្តបន្ទាប់ នៅក្នុងខែតុលា និងនៅខែវិច្ឆិកានេះ។ ព្រះរាជក្រឹត្យទាំងនោះ បានត្រាស់បង្គាប់ តែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ នៅរដ្ឋសភា និងតាមក្រសួងនានា ដូចជា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងរ៉ែ និងថាមពល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាដើម។
ការតែងតាំងបន្ថែមនូវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ នាពេលនេះ ជាជំនាន់ទី៣ គិតចាប់តាំងពីរាជរដ្ឋាភិបាល អាណត្តិទី៦ បានបង្កើតឡើង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។ នោះគឺការតែងតាំងជំនាន់ទី១ បានធ្វើឡើងជាកញ្ចប់តាមក្រសួងទាំងអស់ ក្រោយបង្កើតរាជរដ្ឋាភិបាល និងរដ្ឋសភា នីតកាលទី៦។
ចំណែកការតែងតាំងជំនាន់ទី២ បានធ្វើឡើង នៅក្នុងខែកញ្ញាដដែល ក្រោយពេលសម្តេចនាយករដ្ឋមន្ត្រី ពិនិត្យឃើញចំណុចខ្វះចន្លោះ ក៏សម្តេចបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីតែងតាំងឥស្សរជនបន្ថែម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឬជំនួយការ តាមក្រសួងស្ថាប័នជាតិ។
ដោយឡែក ការប្រកាសតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងនាពេលនេះ ជាជំនាន់ទី៣ ដែលបានធ្វើឡើងតាមការស្នើសុំពីរដ្ឋមន្ត្រី តាមក្រសួងនានាផង និងតាមរយៈបុគ្គលខ្លួនឯងផ្ទាល់ ដែលបានស្នើសុំឡើងតំណែង ព្រោះថា ឥស្សរជនមួយចំនួន កាលពីពេលបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៦ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការរួចទៅហើយ តែពេលនេះ ត្រូវបានតែងតាំងជារដ្ឋលេខាធិការ ដោយសារការតែងតាំងនៅជំនាន់ទី៣នេះ។
ទៅថ្ងៃខាងមុខ អាចនឹងមានការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ ជំនាន់ទី៤ ដែលនៅតាមក្រសួងស្ថាប័ននានា មន្ត្រីម្នាក់ៗ អាចថា អ្នកនេះ បានឡើងធំ អ្នកនោះបានឡើង ចុះខ្ញុំ ហេតុអីក៏មិនបាន ធ្វើជារដ្ឋលេខាធិការ ឬក៏ជាអនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការនឹងគេ? ចំណុចនេះ បុគ្គលនោះ អាចនឹងស្នើសុំទៅកាន់រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ហើយរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ក៏ស្នើបន្តជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទូលថ្វាយព្រះមហាក្សត្រ តែងតាំងបន្ថែម។
ជាងនេះទៅទៀត ទៅថ្ងៃក្រោយ អាចថា ជិតដល់ពេលបោះឆ្នោត នៅឆ្នាំ២០២២ ឬក៏ឆ្នាំ២០២៣ ក៏នឹងអាចមានការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឬជំនួយការបន្ថែមទៀត តាមរយៈការចុះចូលនយោបាយ ពិសេសមន្ត្រីមកពីគណបក្សប្រឆាំង។
ជាការពិត ចំនួនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការតាមក្រសួងនានា មានចំនួនច្រើន ដែលនាំឲ្យមានមតិរិះគន់ថា ការតែងតាំងទាំងនេះ ជាការបែងចែកអំណាច និងធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនលើសលប់ ជាដើម។
ក៏ប៉ុន្តែផ្ទុយទៅវិញ ការតែងតាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការទាំង ៣ជំនាន់មកនេះ ក៏គ្មានអ្វីក្រៅពីដើម្បីប្រសិទ្ធភាពការងារផង និងជាការផ្តល់ឱកាសដល់មន្ត្រីវ័យក្មេងដែរ។
ក្រៅពីនោះ ក៏មានហេតុផលសំខាន់ ៤ យ៉ាង ដែលនាំដល់ការតែងតាំងបន្ថែមនេះ គឺទី១-មន្ត្រីដែលទើបតែងតាំងថ្មីទាំងនោះ ជាថ្នាក់ដឹកនាំក្នុងក្រសួងស្ថាប័ននោះស្រាប់ ទី២-ដោយសារតែតម្រូវការ និងជំនាញ ទី៣-តែងតាំងដោយសារការយោគយល់ ដែលពួកគាត់សកម្មក្នុងការងារបម្រើជាតិមាតុភូមិកន្លងមក ទី៤-កត្តាសមហេតុ សមផល តាមរយៈខ្សែ ដែលឪពុកជារដ្ឋមន្ត្រី ដូច្នេះស្នើសុំតែងតាំងកូន ជារដ្ឋលេខាធិការ ឬក៏ជាអនុរដ្ឋលេខាធិការ នៅក្រសួងនោះបន្ថែមទៅ។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋលោកថា “តែងតាំងអី តែងតាំងចុះ តែសុំតែម្យ៉ាងទេ គឺកុំតែងតាំងឪពុកកូន ក្នុងស្ថាប័នតែមួយ ដូចជា ឪពុកជារដ្ឋមន្ត្រី បែរជាតែងតាំងកូនជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការ ជាអគ្គនាយកនៃនាយកដ្ឋានរដ្ឋបាល ហិរញ្ញវត្ថុ គណនេយ្យ និងបុគ្គលិក ឬក៏ឪពុកជាប្រធានស្ថាប័នមន្ទីរមួយ ហើយតែងតាំងកូន កាន់ខាងគណនេយ្យ រដ្ឋបាល ជាដើម ដែលនាំឲ្យមានទំនាស់ផលប្រយោជន៍ ក្នុងស្ថាប័ននោះ មិនដឹងជា “បាយបិណ្ឌ ជាបាយបាត្រ” ហើយលុយកាក់ ក៏មិនដឹងចាយវាយ ធ្វើសវនកម្មរបៀបណានោះទេ”៕

អត្ថបទដែលជាប់ទាក់ទង