ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វែងយល់ពីវឌ្ឍនភាពថ្មីៗ នៃគោលនយោបាយពន្ធគយ កិច្ចសម្រួលពាណិជ្ជកម្ម នីតិវិធីគយ និងទស្សនវិស័យគយនៅពេលអនាគត

177

ភ្នំពេញ៖ នាថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានតូប៉ាស មានប្រារព្ធកិច្ចសន្ទនាអាហារថ្ងៃត្រង់ដែលរៀបចំដោយសភាពាណិជ្ជកម្មសហគមអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាពថ្មីៗនៃគោលនយោបាយពន្ធគយ កិច្ចសម្រួលពាណិជ្ជកម្ម នីតិវិធីគយ និងទស្សនវិស័យគយនៅពេលអនាគត។ កិច្ចសន្ទនានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងមានការចូលរួមដោយឯកឧត្ដម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា, លោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មសហគមអឺរ៉ុបនៅកម្ពុជា, លោក Blaise Kilian នាយកប្រតិបត្តិរបស់ EuroCham និងពីថ្នាក់ដឹកនាំ អគរ, នាយកប្រតិបត្តិ និងតំណាងសហគមអាជីវកម្មប្រមាណ ១០០ នាក់ ។

ក្នុងសុន្ទរកថាបើកកិច្ចសន្ទានានេះ លោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មសហគមអឺរ៉ុបនៅកម្ពុជា បានថ្លែងអំណរគុណ និងបានកោតសរសើរពីការរីកចម្រើនរបស់ អគរ ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងជាពិសេសកិច្ចសហប្រតិបត្តិការគយ និងសភាពាណិជ្ជកម្មសហគមអ៊ឺរ៉ុបនៅកម្ពុជា ដែលបានដោះស្រាយបញ្ហាជាច្រើនគួរឲ្យកត់សម្គាល់។
នាឱកាសនេះដែរ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា បានថ្លែងអំណរគុណ EuroCham និង អគរ ក្នុងការរៀបចំកិច្ចសន្ទនានេះឡើងដើម្បីផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធស្វែងយល់និងដោះស្រាយនូវបញ្ហាពាក់ព័ន្ធនឹងគយនានា។ លោក បាន វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់គយក្នុងការប្រមូលចំណូល និងការសម្រួលពាណិជ្ជកម្ម ព្រមទាំងបានបញ្ជាក់ពីការគាំទ្រររបស់សហភាពអឺរ៉ុប ក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការគយ និងសាមញ្ញកម្មនីតិវិធីគយតាមរយៈកម្មវិធី ARISE PLUS។

នៅក្នុងបទអន្តរាគមន៍លោក គុណ ញឹម បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មល្អក្នុងឆ្នាំ២០១៨ ដែលមានកំណើនសេដ្ឋកិច្ចលើសពី ៧%និងបានគូសរំលេចវឌ្ឍនភាពនានារបស់ អគរ ជាពិសេសជោគជ័យនៃការប្រមូលចំណូលបានលើសផែនការនិងមានកំណើនជារៀងរាល់ឆ្នាំ គ្របដណ្តប់ប្រមាណ៥០%នៃចំណូលសារពើពន្ធ ទោះបីស្ថិតក្នុងកាលៈទេសៈដែលអត្រាពន្ធគយនៃមុខទំនិញភាគច្រើនត្រូវបានចុះមក០%ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយចំណូលពន្ធ ផ្ទៃក្នុងដែលប្រមូលអគ្គនាយកដ្ឋានពន្ធដារកាន់តែកើនឡើងជាលំដាប់។ លោក បានលើកឡើងថា ជោគជ័យនេះកើតចេញពីកត្តាមួយចំនួន រួមមាន ការអនុវត្តកម្មវិធីកំណែទម្រង់និងទំនើបកម្មគយ, សាមញ្ញកម្មនីតិវិធីគយ, ការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ, និងការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន។ ឆ្លៀតក្នុងឱកាសនោះ លោក គុណ ញឹម បានថ្លែងអំណរគុណ សហភាពអឺរ៉ុប ដែលបានរួមចំណែកផ្តល់ជំនួយក្នុងការបង្កើតនិងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) និងបានសហការយ៉ាងជិតស្និទ្ធក្នុងក្របខណ្ឌភាពជាដៃគូគយ-ផ្នែកឯកជននាពេលកន្លងមក។
បន្ទាប់មក លោក គុណ ញឹម បានឆ្លើយបំភ្លឺ និងបានសន្យាពិនិត្យលទ្ធភាពដោះស្រាយនូវសំណូមពរនិងសំណួរមួយចំនួនដែលបានលើកឡើងដោយវិស័យឯកជន ពាក់ព័ន្ធនឹងនីតិវិធីបំពេញបែបបទគយ, ការកំណត់តម្លៃគិតពន្ធគយ, ការផ្ទៀងផ្ទាត់វិញ្ញបនបត្រដើមកំណើតទំ។និញ, ការបង្ការនិបង្ក្រាបអំពើរត់គេចពន្ធ, គោលនយោបាយពន្ធគយ ព្រមទាំងបានផ្តាំផ្ញើឲ្យធុរជនទាំងអស់ខិតខំពង្រឹងអនុលោមភាពច្បាប់របស់ខ្លួន និងសុំចូលជាសមាជិកធុរជនល្អបំផុត ដើម្បីទទួលបាននូវប្រព្រឹត្តកម្មពិសេសបន្ថែមទៀត លើការបំពេញបែបបទបញ្ចេញទំនិញពីគយ៕

អត្ថបទដែលជាប់ទាក់ទង