ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ពិធីបុណ្យអុំទូក បញ្ចប់ដោយជោគជ័យ ពលរដ្ឋជិត ៥លាននាក់ សាទរសប្បាយរីករាយ!

309


ភ្នំពេញ៖ ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋជិត ៥លាននាក់ បានមកចូលរួមអបអរសាទរ និងចូលរួមដើរកម្សាន្តសប្បាយរីករាយ ប្រកបដោយភាពកក់ក្ដៅ និងសុខដុមរមនាយ៉ាងពន្លឹក។ នេះបញ្ជាក់ឱ្យយើងឃើញយ៉ាងច្បាស់ថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងដើរលើត្រឹមត្រូវយ៉ាងពិតប្រាកដ ពិសេសដោយសារតែសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាយើង មានឱកាសប្រារព្ធព្រះរាជពិធីបុណ្យធំៗ យ៉ាងសប្បាយរីករាយនេះ។
ជាការពិត ព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃកន្លងមក នៅមុខព្រះបរមរាជវាំង បានប្រារព្ធឡើង ក្រោមបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងសោមនស្សរីករាយក្រៃលែង។ នេះក៏ដោយសារថ្នាក់ដឹកនាំកំពូលជាតិស្រុះស្រួលគ្នា ស្រឡាញ់គ្នា ជាវាសនាល្អនៃពលរដ្ឋកម្ពុជា នាពេលនេះ។
ប្រជាពលរដ្ឋជិត ៥លាននាក់ ដែលបានមកទស្សនាព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំនេះ ច្រើនបែបនេះ ក៏បង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋ មានជំនឿលើសន្តិភាព មានសេចក្តីកក់ក្ដៅក្នុងចិត្ត មានជីវភាពធូរធារ ទើបបងប្អូនមានលទ្ធភាព ចូលរួមទទួលយកនូវភាពសប្បាយយ៉ាងច្រើនសន្ធឹកសន្ធាប់។
ម្យ៉ាងវិញទៀត បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នៅឆ្នាំនេះ មានលក្ខណៈល្អប្រសើរ ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយក្តីសោមនស្សរីករាយ ក៏ដោយសារតែការដាក់ចេញនូវផែនការហ្មត់ចត់ ប្រកបដោយបទពិសោធន៍ របស់កងកម្លាំងអាជ្ញាធរសមត្ថកិច្ចកម្ពុជា ក្នុងកិច្ចការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម និងចរាចរណ៍ ព្រមទាំងសង្គ្រោះទូកលិច ជាដើម។ ក្នុងនោះ កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ក៏បានបំពេញតួនាទីភារកិច្ចតាមដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។
ក្នុងបរិបទ ដែលកម្ពុជា កំពុងមានសន្តិភាព និងសន្តិសុខល្អ ពិសេសការរៀបចំព្រះរាជពិធីបុណ្យធំៗបែបនេះ ពុំមានឧបទ្ទវហេតុ ឬហេតុការណ៍អាក្រក់ណាមួយកើតឡើង គឺប្រទេសមួយចំនួនលើពិភពលោក កំពុងជួបបញ្ហាអសន្តិសុខ និងសង្គ្រាមរ៉ាំរ៉ៃ ភេរវកម្ម ជាដើម។
ផ្ទុយពីសភាពការណ៍អសន្តិសុខពិភពលោក កម្ពុជាយើង ចាប់តាំងពីនយោបាយឈ្នះឈ្នះ បានអនុវត្តដោយជោគជ័យ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ ពោលគឺបញ្ចប់អង្គការចាត់តាំងខ្មែរក្រហម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មក សុខសន្តិភាព ក៏បានកើតឡើង រហូតដល់សព្វថ្ងៃ។ បើប្រទេស មិនមានសុខសន្តិភាព សណ្តាប់ធ្នាប់របៀបរៀបរយល្អទេ នោះកុំថាឡើយជួបជុំប្រារព្ធពិធីបុណ្យជាតិធំៗ ដូចជាព្រះរាជពិធីបុណ្យអុំទូក សូម្បីតែជួបជុំក្រុមគ្រួសារ ក៏មិនអាចធ្វើទៅបានផង។ ពលរដ្ឋកម្ពុជាយើង រាប់ត្រឹមតែក្រោយរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០ គឺឆ្លងកាត់អស់ហើយ ការលូនក្រាប បាយមិនត្រង់មាត់ រត់ចូលត្រង់សេ ដោយសារតែកាលណោះ កងទ័ពឧទ្ទាមខ្មែរក្រហម តែងតែវាយឆ្មក់ ចូលស្រុកភូមិ ដុតសាលារៀន សាលាឃុំ មន្ទីរពេទ្យ ស្ទើរតែរាល់យប់ នៅស្ទើរទូទាំងប្រទេស។
ដូច្នេះសរុបមក ក្នុងសម័យតេជោ ក្រោមទង់សន្តិភាព ក្នុងរយៈកាលប៉ុន្មានទស្សវត្សរ៍ចុងក្រោយ បន្តដល់បច្ចុប្បន្ន កូនខ្មែរយើង ត្រូវរក្សាឲ្យបាននូវសន្តិភាព ដើម្បីឲ្យប្រទេសបន្តការអភិវឌ្ឍន៍ និងរីកចម្រើន។ កាលណា សង្គមជាតិមានសុខសន្តិភាព នោះយើងក៏បានបន្តជួបជុំ ប្រារព្ធពិធីបុណ្យជាតិធំៗ ហើយរួមគ្នាសប្បាយតកូនតចៅតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង