ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងនេប៉ាល់ ចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៤

118


ភ្នំពេញ៖ កម្ពុជានិងនេប៉ាល់ បានជំរុញកសាងកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យមានការរីកចម្រើនឈានឡើង ដោយបានចុះហត្ថលេខាលើឯកសារ៤សំខាន់ ដូចជា ទាក់ទងនឹងការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការជាពិសេសកិច្ចព្រមព្រៀងពាក់ ព័ន្ធវិស័យដឹកជញ្ជូន តាមផ្លូវអាកាស និងអនុស្សរណៈយោគយល់គ្នា រវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli)នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់។

នៅក្នុងជំនួបនេះផងដែរ លោកនាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់ បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់ប្រទេសនេប៉ាល់ លោកក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិចឆ្នាំ២០១៨ ដែលរៀបចំឡើងដោយប្រទេសនេប៉ាល់នាពេលនេះ។

លោកនាយករដ្ឋមន្ត្រីនេប៉ាល់​ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ពិតជាមានសារសំខាន់នៅក្នុងប្រវត្តិសាស្ត្រ ហើយលោកបានចាត់ទុកថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព។ លោកបានមានមានប្រសាសន៍បន្តថា ប្រទេសយើងទាំងពីរបានចាប់ផ្ដើម មានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៧៥ មកម្លេះ លោកក៏បានកត់សម្គាល់ អំពីស្ថិរភាពនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី​ និងបានអបអរសាទរផងដែរ ចំពោះគណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក ទន្ទឹមនឹងនេះលោក ក៏បានមើលឃើញពីការរីកចម្រើនជាច្រើន របស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បានមានប្រសាសន៍ថា កម្ពុជា និងនេប៉ាល់ អាចផ្លាស់ប្ដូរបទពិសោធន៍ គ្នាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ទាំងសងខាង ហើយលោកក៏បានជម្រាបជូនសម្តេចតេជោអំពីការវិវឌ្ឍ របស់ប្រទេសនេប៉ាល់កន្លងមកនេះ ជាពិសេសការបោះឆ្នោត ដោយលទ្ធិប្រជាធិបតេយ្យក្នុងការបង្កើតប្រព័ន្ធ សហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេសនេប៉ាល់មានស្ថិរភាព និងបានប្រែក្លាយប្រទេសគាត់ឲ្យមានការរីកចម្រើនជាលំដាប់ ដោយឈរលើគោលការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនេប៉ាល់ រស់នៅមានភាពល្អប្រសើរ។

ការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចពិតជាអរគុណចំពោះលោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្តល់កិត្តិយសឲ្យសម្ដេចអញ្ជើញបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ជាពិសេសអរគុណ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់ កាលពីខែកញ្ញា ២០១៨ នៅទីក្រុងញូវយ៉ក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
សម្ដេចតេជោ​ ក៏បានមានប្រសាសន៍ផងដែរថា ក្នុងជំនួបទ្វេភាគីនេះចាត់ទុកថា ឆ្នាំ២០១៩ខាងមុខនេះ គឺជាខួបលើកទី៥៥ផងដែរ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចតេជោ​ នាយករដ្ឋមន្ត្រីក៏បានអរគុណដល់លោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្ញើសារអបអរសាទរខួប៦៥ឆ្នាំ នៃបុណ្យឯករាជ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ និងអរគុណចំពោះ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ផងដែរ​ ដែលបានផ្ញើសារចំពោះភាពជោគជ័យ របស់គណបក្សប្រជាជន ដែលជាប់ឆ្នោតកន្លងមកនេះ។ សម្ដេចតេជោ​ បានបន្តថា តាមពិតសម្ដេចចង់មកទស្សនកិច្ច នៅប្រទេសនេប៉ាល់យូរមកហើយ ប៉ុន្តែមិនអាចឆ្លៀតពេលបាន។ ប្រទេសនេប៉ាល់នេះ គឺជាប្រទេសទីកន្លែងកំណើតដែលព្រះពុទ្ធបានប្រសូត សម្តេចក៏អរគុណប្រទេសនេប៉ាល់ផងដែរ ដែលបានបានផ្ដល់ដីសម្រាប់សង់ប្រាសាទ និងវត្តនៅប្រទេសនេប៉ាល់នេះ។

សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ បានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវការលំបាកជាច្រើន ជាពិសេសឆ្លងកាន់សម័យសង្រ្គាម រហូតដល់សម័យប្រល័យពូជសាសន៍ ប៉ុន្តែអ្វីដែលសំខាន់កម្ពុជាបានសង្គ្រោះជាតិឡើងវិញ ហើយសម្តេចបានជំរាបជូនលោកនាយករដ្ឋមន្ត្រីនេប៉ាល់ថា ឆ្នាំនេះកម្ពុជានឹងប្រារព្ធខួប២០ឆ្នាំ នៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ ក្នុងការបង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម ពីប្រទេសដែលមានតំបន់ត្រួតត្រាច្រើន មកជាប្រទេសដែលមានតំបន់ត្រួតត្រា១ រដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ និងទទួលបាននូវសុខសន្តិភាព។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានសំដែងការអបអរសាទរ ចំពោះប្រទេសនេប៉ាល់ ដែលទទួលបាននូវសុខសន្តិភាព ក្នុងនោះសម្ដេចតេជោ​ ក៏បានមានប្រសាសន៍ពាក់ព័ន្ធ នឹងការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណា ឲ្យប្រទេសទាំងពីរមានផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរបន្តែមទៀត។​

ចំពោះទំនាក់ទំនងទ្វេភាគីវិញ​ សម្ដេចតេជោ​ ក៏បានមានប្រសាសន៍ថា កម្ពុជានឹងបើកស្ថានទូត នៅទីក្រុងកដ្ឋមណ្ឌូប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់ អាចបង្កើតស្ថានទួតនៅទីក្រុងភ្នំពេញផងដែរ។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលត្រូវជំរុញនាពេលបច្ចុប្បន្ននេះ គឺត្រូវធ្វើយ៉ាងណាជំរុញកសាង កិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យ មានការរីកចម្រើនឈានឡើង ជាពិសេសនៅថ្ងៃនេះ នឹងមានការចុះហត្ថលេខាលើឯកសារ៤សំខាន់ ដូចជាទាក់ទងនឹងការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការជាពិសេស កិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យ ដឹកជញ្ជូនតាមផ្លូវអាកាស និងអនុស្សរណៈយោគយល់គ្នា រវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕

អត្ថបទដែលជាប់ទាក់ទង