ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហេង សំរិន ផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ អោយថែរក្សាសន្តិភាព ដែលជាមរតករណសិរ្ស២ធ្នូ

53

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានជួបសំណេះសំណាល ជាមួយក្រុមយុវជន ដើរ« ៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ» នៅឯបរិវេណវិមានអនុស្សាវរីយ៍២ធ្នូ ក្នុងភូមិសាស្រ្ត ទឹកដីភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នារាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។

ដើម្បីអបអរសាទរខួបទី៤០ឆ្នាំថ្ងៃបង្កើត រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយ មានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បានដឹកនាំយុវជនប្រមាណ៨៤៥នាក់ ចូលរួម ព្រឹត្តិការណ៍ «៤០ គីឡូម៉ែត្រ ទៅកាន់ ប្រវត្តិសាស្ត្រ» ក្នុង គោលបំណង សិក្សាស្វែងយល់ពី ការតស៊ូដ៍លំបាក ពីអតីតកាល របស់វីរៈជនស្នេហាជាតិជំនាន់មុន ដែលបានតស៊ូរំដោះ និងកសាងប្រទេសជាតិ រហូតទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ព្រឹត្តិការណ៍នេះ បានធ្វើឡើងពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ដោយត្រូវធ្វើដំណើរកាត់ព្រៃ ឆ្លងទឹក និងសម្រាកក្នុងព្រៃមួយយប់ មុននឹងមកជួបជុំគ្នា នៅវិមានអនុស្សាវរីយ៍ ២ធ្នូ កន្លែងដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសំណេះសំណាល និង រៀបរាប់ពីដំណើរតស៊ូ របស់សម្តេច និងឥស្សរជន ស្នេហាជាតិផ្សេងៗ ទៀតក្នុងបុព្វហេតុប្រជាជននិងប្រទេសជាតិ។

សម្តេចបានជម្រាប ក្រុមយុវជនថា រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានបង្កើតឡើង នៅលើទឹកដី ជាប្រវត្តិសាស្រ្ត ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ កន្លែងនេះហើយ គឺជាមូលដ្ឋានដំបូង នៃការប្រកាសជាឱឡារិកចំពោះមតិជាតិ-អន្តរជាតិ ពីការប្រមូលផ្តុំកម្លាំងមហាជននិងការចូលរួមពីគ្រប់កម្លាំងចលនាតស៊ូ ដើម្បីបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ។

សម្តេចពញាចក្រី បានគូសបញ្ជាក់ថា យុវជនសម័យសម្តេច បានហែលឆ្លងការលំបាក ជាច្រើន រួមទាំងឆ្លងកាត់ ការទម្លាក់គ្រាប់បែក ពីអាកាស គ្រាប់រថគ្រោះ និងគ្រាប់បែកគ្រប់ធន់ ដោយជីវិតយុវជនសម័យនោះត្រូវផ្សងគ្រោះថ្នាក់ ដល់អាយុជីវិតគ្រប់វិនាទី។ បើមិនមានឆន្ទៈខ្ពស់បំផុត ដើម្បីប្រជាជននិងប្រទេសជាតិទេ ការតស៊ូប្រមូលកម្លាំងមហាជន ដើម្បីផ្តួលរំលំរបបប៉ុលពត នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ គឺមិនអាចចូលរួមចលនាតស៊ូ និងទទួលបានជោគជ័យនាថ្ងៃ៧ មករា ១៩៧៩នោះឡើយ។

សម្តេចប្រធានស្ថាបនិក ២ធ្នូ បានគូសបញ្ជាក់ថា ការតស៊ូរំដោះប្រទេសជាតិជាការលំបាក ការកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ពីបាតដៃទទេ កាន់តែលំបាក ដូច្នេះ សូមយុវជនជំនាន់ក្រោយ រួមគ្នាថែរក្សា សមទ្ធិផលដែលកម្ពុជា ទទួលបានដោយលំបាកនេះ អោយបានគង់វង្ស រហូតទៅ។

សម្តេច ហេង សំរិន បានផ្តាំផ្ញើដល់យុវជន អោយចេះរួមគ្នាថែរក្សាសមិទ្ធផលសន្តិភាព ដែលជាមរតក ២ធ្នូ។ មានតែសុខសន្តិភាពទេ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពក្នុងការរស់នៅ រីកចម្រើន និងការអភិវឌ្ឍ ។

អត្ថបទដែលជាប់ទាក់ទង