ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើកណ្តៀវក៏អាចភ្ជង់ប្លន់កាបូបនិងទូរស័ព្ទពីស្រ្ដីម្នាក់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន

62


ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ ប្រើប្រាស់កណ្តៀវច្រូតស្មៅ ជាអាវុធភ្ជង់ប្លន់ស្រ្ដីម្នាក់ គំរាមយកកាបូបលុយ និងទូរស័ព្ទដៃ បានសម្រេច។ បន្ទាប់ពីធ្វើសកម្មភាព និងយោងតាមពាក្យប្តឹងរបស់ជនរងគ្រោះ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងសហការជាមួយ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះស្រាវជ្រាវ និងឃាត់ខ្លួន បានជនសង្ស័យ។

លោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុក ផែនព្រហ្មទណ្ឌបានអោយដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ ពីជនរងគ្រោះឈ្មោះ អ៊ុករះ សុភានាថ អាយុ២៤ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយមានជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពដោយប្រើអាវុធកណ្តៀវភ្ជង់ប្លន់យកកាបូបលុយ និងទូរស័ព្ទដៃ ភ្លាមនោះកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ម៉ោង១៤ ថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញកំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ុំ រតនះ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ វត្ថុតាងដែលដកហូតបានរួមមានទូរស័ព្ទដៃ១គ្រឿង កាបូបស្បែក១ អត្តសញ្ញាណប័ណ្ណ១សន្លឹក លិខិតឆ្លងដែន១ក្បាល និងប្រាក់ដុល្លា ៥០ដុល្លារ។

ជនសង្ស័យក្រោយពីឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង