ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហេង សំរិន៖ ចលនា២ធ្នូ មិនត្រឹមបង្ហាញពីការលះបង់ ពលីកម្ម តស៊ូ ស្នេហាជាតិទេ តែជាកញ្ចក់ ជាមេរៀន សម្រាប់កម្ពុជាកុំឲ្យធ្លាក់ក្នុងសង្រ្គាមទៀត

94


រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានប្រារព្ធខូបលើកទី៤០ ថ្ងៃបង្កើតរណសិរ្សយ៉ាងឱឡារិក នៅព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងជាប្រធានស្ថាបនិករណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការ និងកងកម្លំាងប្រដាប់អាវុធ រួមនិងភ្ញៀវអន្តរជាតិ ចូលរួមប្រមាណជាង៣ម៉ឺននាក់។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា បានកកើតឡើងដោយកម្លំាងមហាសាមគ្គីប្រជាជនទំាងមូល ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរៈជនស្នេហាជាតិជាច្រើនទៀត ជាប្រមុខដឹកនាំ។ រណសិរ្ស២ធ្នូបានរំដោះ ប្រជាជននិងប្រទេសកម្ពុជា ចេញពីរណ្តៅរមណៈនៃរបបប៉ុលពត ដោយជោគជ័យនាថ្ងៃ៧មករាឆ្នាំ១៩៧៩ ។ ពិធីប្រារព្ធខូប៤០ឆ្នាំថ្ងៃបង្កើតរណសិរ្ស បានរៀបចំធ្វើឡើងនៅលើទឹកដីប្រវត្តិសាស្រ្ត ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ជាទីកន្លែងនៃការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨។

ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០នេះ គឺជាស្មារតីរំលឹកការចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុប្រយុទ្ធផ្តួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុលពត។

ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋសប្បាយរីករាយចំពោះ ការរស់រានមានជីវិតឡើងវិញ ប៉ុន្តែកម្ពុជាត្រូវប្រឈមនឹងឧបសគ្គ ផលលំបាករាប់ម៉ឺនជំពូក។សម្តេចបានគូសបញ្ជាក់ថា “យើងបានកសាងអភិវឌ្ឍន៍កម្ពុជាពីបាតដៃទទេ។ ដៃម្ខាងកសាងជាតិ ដៃម្ខាងការពារកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ កម្ពុជាដ៏ក្រីក្របំផុត ថែមទំាងត្រូវទទួលរងនូវការហ៊ុមព័ទ្ធ ទាំងខាងនយោបាយ និង សេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀត ពីសំណាក់ប្រទេសមួយចំនួន ដែលប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជាទៀត “។

សម្តេចសង្កាត់ធ្ងន់ថា “ទំរាំមានថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែង អស់ពីកម្លំាងកាយចិត្តក្នុងបុព្វហេតុជាតិនិងប្រជាជន។ យើងបានយក អាយុជីវិតប្តូរនឹងសេចក្តីសុខ របស់ប្រជាជននិង ការរីកចម្រើនប្រទេសជាតិ”។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេសនយោបាយឈ្នះ-ឈ្នះ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរ របស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ កម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច គឺពីប្រទេសពឹងផ្អែកលើវិស័យ កសិកម្មតាមបែបយថាផល ទៅជាកសិឧស្សាហកម្ម ឧស្សាហកម្ម និងសេវាកម្ម។ “កម្ពុជា បានប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាប ហើយកំពុងបន្តធ្វើដំណើរឆ្ពោះទៅជា ប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ២០៣០ “។

សម្តេចអគ្គមហាពញាចក្រី បានបន្ថែមថា ស្មារតី២ធ្នូ ក៏ដូចជា ស្មារតី៧មករាតែងបានចារិកជាប់ ក្នុងមនសិការរបស់ប្រជាជនគ្រប់រូប និងបានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមទ្ធិផល ធំៗនៃសង្គមជាតិ។

ក្នុងន័យនេះ បើទោះបីត្រូវលះបង់ក្នុងតម្លៃ ណាក៏ដោយ គឺយើងមិនអាច ទុកឱកាសឱ្យក្រុមប្រតិកិរិយា បំផ្លិចបំផ្លាញសមិទ្ធផល ទាំងឡាយដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបាននាពេលកន្លងមកបានឡើយ។

ហេតុនេះ ចូរយើងទាំងអស់គ្នារួមគ្នាការពារ សន្តិភាពជាតិយើង ឲ្យគង់វង្សយូររអង្វែងនិងអភិវឌ្ឍន៍ប្រទេសឲ្យបានសម្បូរសប្បាយរុងរឿង។


អត្ថបទដែលជាប់ទាក់ទង