ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ យុវជនបន្តវេន ជាអ្នកដឹកនាំគួរតែមានកូនអ្នកក្រ កូនកសិករផង!

294

ភ្នំពេញ៖ថ្ងៃ២ធ្នូ ឆ្នាំ២០១៨ ជាខួប ៤០ ឆ្នាំ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឬហៅថា “រណសិរ្ស ២ធ្នូ”។ មីទ្ទិញអបអរសាទរខួបគម្រប់ ៤០ឆ្នាំ នៃរណសិរ្ស ២ធ្នូ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅវិមានអនុស្សាវរីយ៍ ២ធ្នូ ស្ថិតក្នុងភូមិជើងឃ្លូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ។
នៅឆ្នាំនេះ ក្រុមយុវជន ដឹកនាំដោយលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានដើរចម្ងាយ “៤០ គីឡូម៉ែត្រ ទៅកាន់ប្រវត្តិសាស្ត្រ” ពោលគឺដើរ ២ថ្ងៃ ១យប់ គឺនៅថ្ងៃតី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ដោយនៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបក្រុមយុវជន បានទៅដល់បរិវេណវិមានអនុស្សាវរីយ៍ ២ធ្នូ ស្ថិតក្នុងភូមិជើងឃ្លូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ។
សកម្មភាពដឹកនាំយុវជនដើរចម្ងាយ ៤០គីឡូម៉ែត្រ ដែលលេខ ៤០ តំណាងឲ្យ ៤០ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ ត្រូវបានគេលើកឡើងថា ដើម្បីឲ្យក្រុមយុវជនបានស្វែងយល់ពីការលំបាករបស់អតីតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រួមមាន៖ សម្តេចហេងសំរិន សម្តេចជាស៊ីម និងសម្តេចតេជោ ហ៊ុន សែន ជាដើម ក្នុងអតីតកាល ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានតស៊ូការលំបាក យកជីវិតធ្វើដើមទុន ក្នុងការស្នើសុំការជួយឧបត្ថម្ភពីវៀតណាម ដោយបង្កើតរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ នៅឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ មុននឹងវាយផ្តួលរំលំរបបខ្មែរក្រហម ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីវាលពិឃាត រហូតទទួលជ័យជំនះ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក បានលើកឡើងថា ការដើរ ៤០គីឡូម៉ែត្រនេះ ដើម្បីឲ្យយុវជនជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីការតស៊ូដ៏លំបាក ពីអតីតកាល របស់វីរៈជនស្នេហាជាតិជំនាន់មុន ដែលបានតស៊ូរំដោះ និងកសាងប្រទេសជាតិ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះ។
លោក ហ៊ុន ម៉ានី បន្តថា ព្រឹត្តិការណ៍នេះ បានធ្វើឡើងពីថ្ងៃទី២៩ ខែវិច្ឆិកា ដោយត្រូវធ្វើដំណើរកាត់ព្រៃ ឆ្លងទឹក និងសម្រាកក្នុងព្រៃមួយយប់ មុននឹងមកជួបជុំគ្នា នៅវិមានអនុស្សាវរីយ៍ ២ធ្នូ កន្លែង ដែលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបសំណេះសំណាល និងរៀបរាប់ពីដំណើរតស៊ូរបស់សម្តេច និងឥស្សរជនស្នេហាជាតិផ្សេងៗទៀត ក្នុងបុព្វហេតុប្រជាជន និងប្រទេសជាតិ។
ចំណែកសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឬរណសិរ្ស ២ធ្នូ បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ អោយថែរក្សាសន្តិភាព ដែលជាមរតករណសិរ្ស ២ធ្នូ។
រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានបង្កើតឡើង នៅលើទឹកដី ជាប្រវត្តិសាស្រ្ត ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលពីមុន ជាឃុំជើងឃ្លូ។ កន្លែងនេះហើយ គឺជាមូលដ្ឋានដំបូង នៃការប្រកាសជាឱឡារិកចំពោះមតិជាតិ-អន្តរជាតិ ពីការប្រមូលផ្តុំកម្លាំងមហាជន និងការចូលរួមពីគ្រប់កម្លាំងចលនាតស៊ូ ដើម្បីបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨។
សម្តេចពញាចក្រី បានគូសបញ្ជាក់ថា យុវជនសម័យសម្តេច បានហែលឆ្លងការលំបាក ជាច្រើន រួមទាំងឆ្លងកាត់ ការទម្លាក់គ្រាប់បែក ពីអាកាស គ្រាប់រថគ្រោះ និងគ្រាប់បែកគ្រប់ធន់ ដោយជីវិតយុវជនសម័យនោះត្រូវផ្សងគ្រោះថ្នាក់ ដល់អាយុជីវិតគ្រប់វិនាទី។ បើមិនមានឆន្ទៈខ្ពស់បំផុត ដើម្បីប្រជាជននិងប្រទេសជាតិទេ ការតស៊ូប្រមូលកម្លាំងមហាជន ដើម្បីផ្តួលរំលំរបបប៉ុលពត នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ គឺមិនអាចចូលរួមចលនាតស៊ូ និងទទួលបានជោគជ័យនាថ្ងៃ៧ មករា ១៩៧៩នោះឡើយ។
សម្តេចប្រធានស្ថាបនិក ២ធ្នូ បានគូសបញ្ជាក់ថា ការតស៊ូរំដោះប្រទេសជាតិ ជាការលំបាក ការកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ពីបាតដៃទទេ កាន់តែលំបាក ដូច្នេះ សូមយុវជនជំនាន់ក្រោយ រួមគ្នាថែរក្សា សមទ្ធិផលដែលកម្ពុជា ទទួលបានដោយលំបាកនេះ អោយបានគង់វង្ស រហូតទៅ។
សម្តេច ហេង សំរិន បានផ្តាំផ្ញើដល់យុវជន អោយចេះរួមគ្នាថែរក្សាសមិទ្ធផលសន្តិភាព ដែលជាមរតក ២ធ្នូ។ មានតែសុខសន្តិភាពទេ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពក្នុងការរស់នៅ រីកចម្រើន និងការអភិវឌ្ឍ។
យ៉ាងណាក៏ដោយ យុវជនរបស់យើង នៅជំនាន់ក្រោយនេះ អ្នកដឹកនាំមិនមែនតែជាយុវជនកូនអ្នកធំ កូនអ្នកមានអំណាចទេ អ្នកបន្តវេន គួរឲ្យមានកូនអ្នកក្រ កូនកសិករផង បានវាមានតម្លាភាព។
រាល់ថ្ងៃ យើងមើលឃើញហើយ សូម្បីសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ភាគច្រើន ជាកូនអ្នកធំ អ្នកមានអំណាចទើបអាចក្លាយជាអ្នកដឹកនាំគ្មានទេកូនអ្នកក្រ។ ដូច្នេះយើងគួរអនុវត្តដូចកាលពីអតីតរដ្ឋកម្ពុជា មានកូនអ្នកក្រ កូនកសិករ នៅជនបទ បានកាន់អំណាចខ្លះផង កុំឲ្យវានៅឃ្លាតឆ្ងាយពីគ្នាខ្លាំងពេក រវាងអ្នកមាន និងអ្នកក្រ។
ម្យ៉ាងវិញទៀត យុវជនជំនាន់សម្តេចតេជោ ហ៊ុន សែន សម្តេចហេងសំរិន និងសម្តេចជាស៊ីម ព្រមទាំងវីរៈជនស្នេហាជាតិដទៃទៀត ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ គឺសុទ្ធតែប្រសូត្រចេញពីគ្រួសារកសិករ និងកូនចៅអ្នកក្រ ទើបពួកគាត់មានបទពិសោធន៍ និងដឹងសុខដឹងទុក្ខលំបាករបស់ប្រជាជន ពិសេសកសិករ នៅជនបទ។ ហេតុនេះហើយ ទើបថ្នាក់ដឹកនាំយើង ទទួលនូវការគោរពស្រឡាញ់ និងការគាំទ្រ ដោយប្រជាជនកម្ពុជាច្រើនលើសលប់ បានបន្តបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំប្រទេសដល់សព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង