ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខុទ្ទកាល័យលោកកឹម សុខា ថា សន្និសីទនៅអាត្លង់តា មិនអាចយកការបាន

70


ភ្នំពេញ៖ នាយកខុទ្ទកាល័យលោកកឹម សុខា បានចេញសារមួយដោយបានប្រកាសទាត់ចោល និងមិនអាចទទួលយកបានទេ ចំពោះសន្និសីទដែលធ្វើនៅថ្ងៃទី២ ធ្នូ នៅអាត្លង់តា ដែលអញ្ជើញលោក សម រង្ស៊ី មកដឹកនាំជាប្រធានស្តីទី ។

នៅព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៨ លោកម៊ុត ​ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានសរសេរលើផេកហ្វេសប៊ុកថា “ការសម្រេចរបស់អ្វីដែលហៅថាសន្និសីទពិភពលោក នៅថ្ងៃទី២ ធ្នូ នៅអត្លង់តា សហរដ្ឋអាមេរិក ដែលអញ្ជើញលោក សម រង្ស៊ី មកដឹកនាំជាប្រធានស្តីទី ផ្ទុយពីលក្ខន្តិកៈរបស់គណបក្ស និងមិនអាចយកការបានជាដាច់ខាត!”។

បើតាម លោកម៊ុត ​ចន្ថា ដោយហេតុថា ៖ ទី១. អ្នកចូលរួមធ្វើសេចក្តីមស្រេច ក្នុងសន្និសីទនោះ មិនមាននីតិសម្បទាដែលមានសិទ្ធិស្នើ ឬ ជ្រើសតាំងប្រធានស្តីទីគណបក្ស ស្របតាមលក្ខន្តិកៈគណបក្សនោះទេ។ ទី២. យោងតាមលក្ខន្តិកៈ អាចធ្វើជាប្រធានស្តីគណបក្សបាន លុះត្រាតែអវត្តមានប្រធាន ដែលត្រូវផ្ទេរសិទ្ធិឲ្យទៅអនុប្រធានមួយរូបដែលមានអាយុច្រើនជាងគេ (ប្រការ ៤៥ថ្មី នៃលក្ខន្តិកៈ)។ មិនអាចយកអ្នកដទៃណា ដែលសមាជគណបក្ស មិនបានជ្រើសតាំងជាអនុប្រធានហើយនោះ មកធ្វើជាប្រធានស្តីទីបានឡើយ។
ទី៣. ចំពោះសេចក្តីសម្រេច ឬសំណើណាមួយរបស់សន្និសីទនេះ គឺគ្រាន់តែជាមតិរបស់មនុស្សមួយក្រុមតែប៉ុណ្ណោះ ដែលមិនអាចចាប់បង្ខំ ឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍ យកមកពិនិត្យ និងឆ្លើយតបឡើយ។

កាលពីថ្ងៃទី១ ធ្នូ ២០១៨ សន្និសីទពិភពលោក នៅទីក្រុង Atlanta សហរដ្ឋអាមេរិក រៀបចំដោយសាខាគណបក្សសង្គ្រោះជាតិ ទូទាំងពិភពលោក។ លោកសម រង្ស៊ី បានប្រកាសទទួលយកឋានៈ ជាប្រធានស្តីទី របស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីសន្និសីទពិភពលោក របស់គណបក្សដែលបានរៀបចំ នៅទីក្រុងអាត្លង់តា រដ្ឋចរចា បានសម្រេចអញ្ជើញ លោកមកដឹកនាំវិញ ក្នុងពេលដែលលោកកឹម សុខា នៅជាប់ឃុំឃាំងក្នុងគេហដ្ឋាន។ នេះជាការសម្រេចមួយ ដែលទំនងជានឹងធ្វើ ឱ្យក្រុមអ្នកគាំទ្រលោកកឹម សុខា មិនគាំទ្រ ពីព្រោះពួកគេបានប្រកាស មិនទទួលស្គាល់សន្និសីទនេះទេ។


អត្ថបទដែលជាប់ទាក់ទង