សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍
ទីម័រឡេស្តេ៖នៅរសៀលម៉ោង១៣.០០ម៉ោងនៅទីម័រឡេស្តេ(ត្រូវនឹងម៉ោង១១.០០ ម៉ោងនៅរាជធានីភ្នំពេញ) ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ នីកូឡៅ លូបាតូ រាជធានីឌីលី ដោយជើងយន្តហោះពិសេស និវត្តមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់។
សូមគោរពជូនពរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូទាំងអស់ សូមទទួលបានសុខសុវត្ថិភាពក្នុងការធ្វើដំណើរនិវត្តមកមាតុប្រទេសវិញ។
ដំណើរអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសខ្ពង់ខ្ពស់ពីសំណាក់មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រឡេស្តេ ឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតរបស់កម្ពុជា។
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ សម្តេចតេជោ ប្រធានព្រឹទ្ធសភា មានជំនួបដាច់ដោយឡែកពីគ្នាជាមួយលោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, លោក កៃ ប៉ឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្ត និងលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្ត។
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និងផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតីផងដែរ៕