លោក គីម ជុងអ៊ុន ៖ព្រមានប្រើកម្លាំងយោធា បើអាមេរិកហ៊ានប៉ះរុស្ស៉ី
សេអ៊ូល៖នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ការចូលរួមពាក់ព័ន្ធនៃប្រទេសរបស់លោក ក្នុងសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន គឺមានហេតុផលត្រឹមត្រូវ ដោយលោកចាត់ទុកវាថាជា ការអនុវត្តសិទ្ធិអធិបតេយ្យក្នុងការពារប្រទេសមួយ ដែលប្រៀបដូចជាបងប្អូននឹងគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក គីម បាននិយាយដូច្នេះថា «ការចូលរួមរបស់យើងក្នុងជម្លោះនេះ គឺមានហេតុផលសមស្រប ហើយវាគឺជាសិទ្ធិអធិបតេយ្យ នៃប្រទេសរបស់យើង។ ខ្ញុំចាត់ទុកទាហានអង់អាចក្លាហានទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនៅតំបន់ Kursk ជាវីរបុរស និងជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់បំផុតនៃកិត្តិយសរបស់ប្រទេសកូរ៉េខាងជើង»។ លោក គីម បានបន្ថែមទៀតថា ទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរបន្តិចឡើយ ក្នុងការសម្រេចចិត្តប្រើប្រាស់កម្លាំងយោធា ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានធ្វើសកម្មភាពបង្កហេតុ ផ្នែកយោធា ប្រឆាំងរុស្ស៉ី។
គួរបញ្ជាក់ថា រហូតទាល់តែដល់ចុងខែមេសាកន្លងទៅ ទើបកូរ៉េខាងជើងបានទទួលស្គាល់ជាផ្លូវការថា ខ្លួនពិតជាបានបញ្ជូនកងទ័ព ប្រមាណជាង១០ ០០០នាក់ ព្រមទាំងសព្វាវុធទៅកាន់រុស្ស៉ី ខណៈដែលទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ បានរីកដុះដាល យ៉ាងខ្លាំង នៅក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលត្រូវបានចុះហត្ថលេខាដោយលោក គីម និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីឆ្នាំមុន៕