សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅភាគីថៃ ដែលកំពុងរៀបចំលេណដ្ឋានថា «រៀបចំនៅលើដីអ្នកឯងចុះ តែកុំរៀបចំលើដីកម្ពុជា»
ភ្នំពេញ៖ក្រោយពីទទួលបានដំណឹងថា ភាគីថៃ កំពុងតែរៀបចំលេណដ្ឋានរបស់ខ្លួន នៅចំណុចបញ្ហាព្រំដែន, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់ទៅភាគីថៃថា រៀបចំអ្វីក៏រៀបចុះ ប៉ុន្ដែកុំមករៀបចំ នៅលើទឹកដីប្រទេសកម្ពុជា។
ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានដឹងថា គេកំពុងតែរៀបចំលេណដ្ឋាន […] រៀបចំនៅក្នុងដីអ្នកឯងរៀបចុះ តែសូមកុំមករៀបចំ លើដីរបស់ខ្ញុំតែប៉ុណ្ណឹងទេ»។
ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវចំពោះប្រជាជនកម្ពុជា យកចិត្ដទុកដាក់ តាមដានអំពីសភាពការណ៍នេះ ប៉ុន្ដែសូមកុំស្លន់ស្លោ ហើយផ្ដល់ការគាំទ្រលើកទឹកចិត្ដ ចំពោះកងទ័ពនៅសមរភូមិមុខ។
សម្ដេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអរគុណដល់សប្បុរសជនទាំងឡាយ ដែលបាននាំយកអំណោយ ទៅក្នុងទឹកដីកម្ពុជា ដើម្បីលើកទឹកចិត្ដកងទ័ព និងសួរសុខទុក្ខកងទ័ពផងដែរ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ មានការប៉ះទង្គិចគ្នា។ ហេតុការណ៍នេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់មុំបីនេះ បានពលីជីវិត។
នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា អង្គសមាជទាំងមូល ដែលមានសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែន ជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ (ICJ)៕