ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ធាតុអាកាសប្រែប្រួល នយោបាយក៏ប្រែប្រួលដែរ!

293


ភ្នំពេញ៖ក្នុងរយៈកាលចុងក្រោយនេះ ធាតុអាកាស មិនថានៅលើពិភពលោក និយាយជារួម ហើយនិយាយដោយឡែក សម្រាប់ប្រទេសកម្ពុជាយើង គឺបានប្រែប្រួលជាខ្លាំង។ ជាមួយនឹងការប្រែប្រួលអាកាសធាតុនេះ នយោបាយរបស់ប្រទេសកម្ពុជាយើង ក៏បានប្រែប្រួល គួរឲ្យកត់សម្គាល់ផងដែរ សម្រាប់អតីតគណបក្សប្រឆាំង។
ក្នុងនោះ យើងឃើញការប្រែប្រួលចុងក្រោយ គឺប្តូរការឃុំខ្លួនលោកកឹមសុខា ចេញពីពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ មកជាការឃុំឃាំងនៅក្នុងផ្ទះរបស់លោក នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ពោលគឺប្តូរពីការដាក់ឃុំលោកកឹមសុខា ក្នុងគុក មកជាការដាក់ឃុំនៅក្នុងផ្ទះ ហើយវិវត្តរហូត។
កាលពីខែវិច្ឆិកា ទណ្ឌិត សមរង្ស៊ី បានយកជីវិតនយោបាយរបស់លោកកឹមសុខា ទៅបបួលសម្តេចតេជោ ហ៊ុនសែន ភ្នាល់គ្នាថា នៅបំណាច់ឆ្នាំនេះ ឬក៏យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០១៩ នឹងមានការដោះលែងលោកកឹមសុខា។ ទណ្ឌិតសមរង្ស៊ី លើកឡើងថា បើមានការដោះលែងលោកកឹមសុខា នោះសម្តេចតេ ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី តែបើមិនដោះលែងទេ ទណ្ឌិតរត់ចោលស្រុកនេះ សុខចិត្តចូលមកទទួលទោសក្នុងប្រទេសកម្ពូជា។
ករណីយកលោកកឹមសុខា ធ្វើជាល្បែងភ្នាល់នេះ នាំឲ្យលោកកឹមសុខា កូនស្រី និងអ្នកគាំទ្រលោកកឹមសុខា ខឹងសម្បារម្តងហើយ នឹងទង្វើអសីលធម៌របស់ទណ្ឌិត សមរង្ស៊ី។ ថ្មីៗនេះទៀត ទណ្ឌិតសមរង្ស៊ី ដែលកំពុងរត់ចោលស្រុក ក៏បានធ្វើសន្និសីទស្អីគេនោះ នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក កាលពីថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០១៨ ហើយបានដំឡើងខ្លួនឯង ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ។
ទង្វើរបស់ទណ្ឌិតសមរង្ស៊ីនេះ នាំឲ្យលោកកឹមសុខា កូនស្រីលោក និងក្រុមអ្នកគាំទ្រលោកកឹមសុខា ប្រតិកម្មជាថ្មី ដោយចាត់ទុកទណ្ឌិតសមរង្ស៊ី ថាបានធ្វើបក្សប្រហារ ដើម្បីដណ្តើមអំណាចដោយខុសច្បាប់ ខុសលក្ខន្តិកៈគណបក្ស និងប្រកាសមិនទទួលស្គាល់លទ្ធផលសន្និសីទស្អីគេនោះឡើយ។
យ៉ាងណាក៏ដោយចុះ ក្រៅពីការវិវត្តនៃជម្លោះផ្ទៃក្នុងនយោបាយរបស់អតីតគណបក្សប្រឆាំងនេះ នៅក្នុងស្រុក ពោលគឺនៅកម្ពុជា ក៏មានការវិវត្តជាវិជ្ជមានល្អដែរ សម្រាប់អតីតអ្នកនយោបាយគណបក្សប្រឆាំង នោះគឺរដ្ឋសភា បានចាប់ផ្តើមធ្វើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មីស្ទួន នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាមរបស់តុលាការកំពូល ហាមមិនឲ្យធ្វើនយោបាយក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃរំលាយគណបក្សសង្គ្រោះជាតិ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចវិលចូលធ្វើនយោបាយឡើងវិញ។
ការលើកលែងបម្រាមនេះ ត្រូវបានច្បាប់ថ្មី កំណត់ថា អាចធ្វើបាន តាមរយៈព្រះរាជក្រឹត្យ លើកលែងរបស់ព្រះមហាក្សត្រ តាមសេចក្តីក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្ត្រី ដោយមានសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយចុះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាស់ថា អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូល បានសម្រេចដាក់ឲ្យស្ថិតក្នុងបម្រាម ហាមធ្វើនយោបាយ ៥ឆ្នាំ ចំនួន ១១៨ នាក់ គឺមិនមែនត្រូវស្នើលើកលែងទាំងអស់ទេ។ ពោលគឺការលើកលែងនេះ នឹងធ្វើឡើងសម្រាប់តែអតីតអ្នកនយោបាយណា ដែលគោរពបានខ្ជាប់ខ្ជួនតាមបម្រាមរបស់តុលាការកំពូលតែប៉ុណ្ណោះ។ ក្នុងនោះ ករណីលោកកឹមសុខា គឺនឹងត្រូវពិនិត្យពិចារណា។
សរុបមក ទោះបីជាសេចក្តីស្នើច្បាប់ ដើម្បីកែប្រែច្បាប់គណបក្សនយោបាយ នឹងមិនសំដៅដល់ការលើកលែងបម្រាមលើអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ទាំង ១១៨ នាក់ក៏ដោយ តែច្បាស់ណាស់ថា សម្រាប់អតីតគណបក្សប្រឆាំង ពិសេសលោកកឹមសុខា នឹងបានធូរស្រាល ហើយអាចនឹងវិលចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ ខណៈដែលទណ្ឌិតសមរង្ស៊ី បានបង្ហាញចេតនាម្តងជាពីរដង មិនចង់ឲ្យលោកកឹមសុខា បានរួចផុតពីការចោទប្រកាន់ និងវិលចូលធ្វើនយោបាយឡើងវិញនោះទេ។
ប៉ុន្តែយ៉ាងណាក៏ដោយ បំណងអាក្រក់របស់ទណ្ឌិតសមរង្ស៊ីដូច្នេះ នឹងមិនទទួលបានជោគជ័យឡើយ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិពិតប្រាកដ រវាងខ្មែរ និងខ្មែរ ហើយក៏បើកទូលាយដល់គ្រប់គណបក្សនយោបាយ ដើម្បីបន្តការប្រកួតប្រជែងតាមរយៈការបោះឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕

អត្ថបទដែលជាប់ទាក់ទង