ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្មានការដកតំណែងសម្តេច ស ខេង និង សម្តេច សាយ ឈុំនោះ ទេ គឺ ក្រុមប្រឆាំង​បំភ្លៃព័ត៌មាន ដែល ឆាំ ឆានី ជាមេខ្លោង

116


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា ការបំផុសបំផុលរបស់ក្រុមប្រឆាំង​តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលមាន ឆាំ ឆានី ជាមេខ្លោង ដែលថា គណបក្សប្រជាជននឹងដកតំណែងសម្តេច ស ខេង និង សម្តេច សាយ ឈុំនោះ គឺជារឿងភូតកុហកសុទ្ធសាធ។ ជាមួយគ្នានេះសម្តេចបានអះអាងថា ដោយសារតែក្រុមប្រឆាំង ពូកែភូតភរ បំភ្លៃនេះហើយ ទើបធ្វើឱ្យបក្សរបស់ខ្លួនរលាយ។

សម្តេច ហ៊ុន សែន បានហៅ ឆាំ ឆានី ថា​ជា ក្មេងពាល ដែលផ្សាយព័ត៌មានសម្ងាត់នៃកលល្បិចរបស់លោក។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈដែលសម្តេច បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង ជាពិសេសសកម្មជនប្រឆាំង ឆាំ ឆានី បានផ្សព្វផ្សាយបំភ្លៃថា ​គណបក្សប្រជាជនកម្ពុជា នឹងធ្វើសមាជរបស់ខ្លួននៅពេលខាងមុខនេះ ហើយសម្តេចតេជោហ៊ុន សែន នឹងដកដំណែងពីសម្តេចក្រឡាហោម ស ខេង និងសម្តេច សាយ ឈុំ ព្រមទាំងបំភ្លៃទៀតថា សម្តេចតេជោ ហ៊ុន សែន នឹងទៅចិន ហើយគ្មានឱកាសចូលប្រទេសឡើយ។
ប៉ុន្តែសម្តេច បានតបទៅវិញថា នឹងគ្មានករណីខាងលើ កើតឡើងជាដាច់ខាត ព្រោះផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជា មានភាពរឹងមាំខ្លាំង។

សម្តេចបានមានប្រសាសន៍ថា៖ «ឱ ! អាតិរច្ឆានអើយ ! ថ្ងៃ២៤ អញទៅកោះកុង ថ្ងៃ១៥ អញថ្លែងការណ៍នៅកោះកុង អញមានទៅស្រុកចិនឯណាអញ បើភូតថ្លុកភូតត្រពាំងរបៀបនេះ ឯងធ្វើៗអី? កុំភូត ដោយសារតែពួកឯងពូកែភូតហ្នឹងហើយ បានវាអញ្ចឹង វារលាយ»។
សម្តេចបានបន្តថា «ខ្ញុំនៅក្នុងស្រុកទេ ហើយក៏គ្មានរឿងហ្នឹងកើតឡើងដែរ ចាំមើលទៅ ! គណបក្សប្រជាជនគេចេះណាស់ គេចេះត្រង់ថា នៅជាមួយគ្នាជាង៤០ឆ្នាំហើយ គេអត់ទៅណាឱ្យបែកគ្នាទេ ខ្ញុំមិនចង់ថាឱ្យនរណាទេ»។
សម្តេចបានថ្លែងថា «អាហ្នឹងយើងឈ្នះគេហើយ តែយើងប៉ាន់ជំហានដើររបស់គេត្រូវ អាហ្នឹងក៏យើងឈ្នះគេ តែគេប៉ាន់ជំហានដើររបស់យើងអត់ត្រូវទេ អាហ្នឹងគឺគេចាញ់ហើយ»។

សម្តេចបន្តថា ដោយសារពួកបក្សប្រឆាំង ពូកែភូតភរបែបនេះ បានជារលាយគ្មានថ្ងៃរស់ឡើងវិញ ។
នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងនាមជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗទៅអ្នកប្រឆាំង ផ្កាប់មុខទាំងនោះថា គ្មានរឿងដកតំណែងសម្តេច សាយ ឈុំ និងសម្តេច ស ខេង នោះទេ ព្រោះពួកគាត់បានធ្វើការងាររួមសុខ រួមទុក្ខជាមួយគ្នាអស់រយៈពេល៤០ឆ្នាំមកហើយ ដូច្នេះអត់មានបែកបាកគ្នានោះទេ ។ គណបក្សប្រជាជនកម្ពុជា ធ្វើការងារតាមក្បួនខ្នាតត្រឹមត្រូវ ពួកអ្នកឯងមកចង់បំបែកបំបាកមិនបាននោះទេ ៕

អត្ថបទដែលជាប់ទាក់ទង