ឯកឧត្ដម ឃួង ស្រេងបានណែនាដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អលឿន មានតម្លាភាព តាមរយៈច្រកចេញចូលតែមួយខណ្ឌ និងសង្កាត់ ហើយចៀសវាងយកសេវាក្រៅនាំឱ្យខុសច្បាប់ហើយមានទោសទណ្ទដល់ខ្លួន
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ និងចៅសង្កាត់ទាំងអស់ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។
ការណែនាំបែបនេះបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២, និរោធ និងព្រែកប្រា ខណ្ឌច្បារអំពៅ ក្រោយបញ្ចប់ម៉ោងរដ្ឋបាល នាល្ងាចថ្ងៃទី១៩សីហា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា៖ លោកអភិបាលខណ្ឌ អធិការ មេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌច្បារអំពៅ និងចៅសង្កាត់ មេភូមិ សូមរួមគ្នា បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដើម្បីឱ្យភូមិ សង្កាត់យើងមានសុវត្ថិភាព ដើម្បីឱ្យបទល្មើសទាំងនេះអស់ពីក្នុងមូលដ្ឋាន ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ។ ប្រទេសកម្ពុជាត្រូវការសេដ្ឋកិច្ចពណ៌ ស មិនចង់បានសេដ្ឋកិច្ចពណ៌ខ្មៅ ឬប្រផេះឡើយ។
ក្នុងនោះឯកឧត្ដម ឃួង ស្រេងបានណែនាដល់អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អលឿន មានតម្លាភាព តាមរយៈច្រកចេញចូលតែមួយខណ្ឌ និងសង្កាត់ ហើយចៀសវាងយកសេវាក្រៅនាំឱ្យខុសច្បាប់ហើយមានទោសទណ្ទដល់ខ្លួន។ ចៅសង្កាត់ជាសមាជិកបក្ស គឺអ្នកបម្រើប្រជាពលរដ្ឋ។ ឯកឧត្តមឃួង ស្រេង បានបន្តថា៖ គណបក្សប្រជាជនកម្ពុជាបង្កើតបានស្នាដៃជាច្រើនសំរាប់សង្គមជាតិ ពិសេសក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានភាពសំបូរសប្បាយ។ គណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជីវិតនិងផ្តល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋកម្ពុជា បានបង្រួបបង្រួមជាតិ សង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីជម្ងឺរាតត្បាតកូវីដ-១៩ កសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន និងមានចក្ខុវិស័យធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ គណបក្សប្រជាជនកម្ពុជាត្រូវកាន់អំណាចជារៀងរហូត ព្រោះថាគ្មានបក្សណាមួយ មានសមត្ថភាពការពារសន្តិភាព អភិវិឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជឿនលឿនដូចគណបក្សប្រជាជនកម្ពុជានោះទេ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ក្នុងនាមសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ត្រូវធ្វើការងារព្រមៗគ្នា ដើម្បីការពារឧត្ដមប្រយោជន៍ប្រជាពលរដ្ឋ កាត់បន្ថយភាពអសកម្មនានា ដែលនាំឱ្យខូចកិត្តយសខ្លួនឯង និងប៉ះពាល់ផលប្រយោជន៍របស់បក្ស។
ក្នុងឱកាសនោះដែរ ចៅសង្កាត់ទាំង៤ រួមមាន៖ សង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២, និរោធ និងសង្កាត់ព្រែកប្រា ព្រមទាំងមេភូមិ បានលើកឡើងពីសមិទ្ធផលការងារបស់គណបក្សក្នុងមូលដ្ឋានសម្រេចបាន ជាមួយ និងការលើកឡើងពីផែនការសកម្មភាព ដែលបាននិងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស ពិសេសគឺការប្តេជ្ញាចិត្ត ក្នុងការកែប្រែសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹកជូនគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៧-២០២៨ខាងមុខនេះ។ បន្ថែមពីនេះ ចៅសង្កាត់ និងមេភូមិក៏បានស្នើសុំ ការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ៕



