ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញជម្រុញអោយមន្ទីរកសិកម្មនិងមន្ទីរសាធារណការរាជធានីរួមគ្នាថែរក្សាសួនច្បារ និងដាំដើមឈើនៅក្នុងរាជធានីភ្នំពេញអោយក្លាយជាទីក្រុងមានពណ៌បៃតង

170

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានធ្វើការជម្រុញអោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីរួមគ្នាថែរក្សាសួនច្បារ និងដាំដើមឈើនៅក្នុងរាជធានីភ្នំពេញអោយបានច្រើន ដើម្បីអោយទីក្រុងមួយនេះក្លាយជាទីក្រុងមានពណ៌បៃតងស្រស់ស្អាត។

   ការជម្រុញបែបនេះរបស់លោកនួន ផារ័ត្នបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ធ្នូ២០១៨ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញថ្មីនៅសាលារាជធានីភ្នំពេញ។
  ពិធីនេះត្រូវបានតែងតាំង លោក ចាន់ រិទ្ធី ជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ ជំនួសលោកសៀង បូរិន ដែលត្រូវចាកចេញពីមុខតំណែងទៅបំពេញការងារថ្មី។
   លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា ចំពោះការងារដែលត្រូវអនុវត្តបន្តមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវ
រួមគ្នាថែរក្សាសួនច្បារទាំងអស់បានល្អនិងមានសោភណ្ឌភាពទាក់ទាញ ។ ក្រៅពីការងារនេះ ការងារដាំដើមឈើ ការថែទាំដើមឈើធំៗនៅក្នុងរាជធានីភ្នំពេញក៏ត្រូវរួមគ្នាជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញផងដែរ។
  លោកបន្តថា នៅក្នុងរាជធានីភ្នំពេញរបស់យើង គ្មានដើមឈើអោយកាប់ទេ មានតែថែទាំនិងការដាំដើមឈើបន្ថែម សំដៅធ្វើយ៉ាងណាអោយរាជធានីក្លាយជាទីក្រុងមានពណ៌បៃតងស្រស់ស្អាត។ ក្រៅពីការងារខាងលើ លោកនួន ផារ័ត្ន ក៏បានជម្រុញអោយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញត្រូវចុះពិនិត្យជាប្រចាំទីតាំងសត្វឃាតដ្ឋាន ពិសេសអនាម័យសាច់សត្វនិងផលិតផលសាច់សត្វដែលនាំចូលដែលខូចគុណភាព ។ ត្រូវចូលរួមទប់ស្កាត់បង្កាបបទល្មើសព្រៃឈើ ការជួញដូរសត្វព្រៃ បទល្មើសជលផលអោយមានប្រសិទ្ធភាពខ្ពស់។ ជាងនេះទៅទៀត លោកនួន ផារ័ត្ន ក៏បានស្នើអោយប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ ដែលទើបឡើងថ្មីនេះមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងមន្ទីររបស់ខ្លួនរួមនិងសាមគ្គីភាពជាមួយនឹងស្ថាប័នរដ្ឋផ្សេងៗទៀត ដូចជាមន្ទីរនានា សង្កាត់ ខណ្ឌ និងជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
   លោក នុត ចាន់សុខា រដ្ឋលេខាធិកាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងថា ការប្រកាសតែងតាំងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីភ្នំពេញ នាពេលនេះ គឺបានបង្ហាញពីស្នាដៃជាច្រើនរបស់មន្ទីរដែលបានសំរេចនាពេលកន្លងមក។ ចំពោះការងារបន្តប្រធានមន្ទីរថ្មីត្រូវយកចិត្តទុកដាក់បំពេញការងារ គ្រប់គ្រងកូនចៅអោយបានល្អ ចេះស្រលាញ់កូនចៅ សាមគ្គីផ្ទៃក្នុងអោយបានល្អ មានក្រមសីលធម៌ល្អ មិនបក្សពួក មិនត្រូវលាបពណ៌អោយគ្នា ជៀសវាងបែកបាក់ផ្ទៃក្នុង ។ ប្រធានមន្ទីរត្រូវមានការសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដែលនៅជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញ
 ដើម្បីជំរុញការងាររបស់ខ្លួនអោយបានកាន់តែល្អប្រសើរ និងត្រូវសិក្សាអោយបានច្បាស់លាស់ពីការថែទាំ ការដាំកូនឈើនៅក្នុងរាជធានី ដើម្បីអោយទីក្រុងរបស់យើងមានពណ៌បៃតង៕
អត្ថបទដែលជាប់ទាក់ទង