ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនសង្ស័យ ៣នាក់ ពីបទរំលោភបូកលើនារីម្នាក់ ក្រោយផឹកស្រាជាមួយគ្នា

111


កណ្ដាល ៖ ក្រុមជនសង្ស័យ៣នាក់ ដែលជាមនុស្សពេញកម្លាំង បានធ្វើសកម្មភាពចាប់រំលោភបូក លើនារីម្នាក់ បានសម្រេចជាបន្ដបន្ទាប់គ្នា ក្រោយពេលពួកគេ បានផឹកស៊ីស្រវឹងស្រា នៅក្បែរកន្លែងបុណ្យសពមួយ។ បន្ទាប់ពីធ្វើសកម្មភាពរួច ត្រូវបាននគរបាលស្រុកកោះធំ ធ្វើការចាប់ខ្លួន តាមពាក្យប្តឹងផ្ទាល់មាត់របស់ក្មេងស្រីរងគ្រោះ។
ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
លោកអនុសេនីយ៍ឯក សួស ដាណារី នាយផ្នែកព្រហ្មទណ្ឌស្រុកកោះធំ បានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ស គ.ប អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ ទី១-ឈ្មោះ លន ហ៊ីម ភេទប្រុស អាយុ៣២ឆ្នាំមានទីលំនៅភូមិសំចត ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ទី២-ឈ្មោះ ស្រ៊ិន ស្រ៊ ភេទប្រុស អាយុ១៨ឆ្នាំ និងទី៣-ឈ្មោះ ចក់ ណាក់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដើមពោធិ៍ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកវត្ថុតាងដកហូតបានមាន៖ ស្រោមអនាម័យប្រើរួចចំនួន១ និងខ្សែក្រវាត់ពណ៌ខ្មៅចំនួន១។

លោក សួស ដាណារី បន្ដថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណ៦ល្ងាច នារីរងគ្រោះខាងលើ និងមិត្តភក្តិម្នាក់ទៀត បាននាំគ្នាជិះកង់ ចេញពីផ្ទះរបស់ខ្លួនម្នាក់មួយគ្រឿង ទៅលេងផ្ទះមិត្តភក្តិម្នាក់ទៀត នៅផ្សារព្រែកប៉ុក ឃុំព្រែកស្តី ។ លុះជិះកង់ត្រឡប់មកផ្ទះមិត្ដភក្ដិវិញ មកជិតដល់វត្តព្រែកស្ដី នារីរងគ្រោះ និងមិត្ដភក្ដិ បានបបួលគ្នាទិញស្រាបៀរ ហើយនាំគ្នាទៅផឹកនៅមាត់ទន្លេ ខាងមុខវត្តព្រែកស្ដី ដែលជាកន្លែងពួកគេ ធ្លាប់ទៅលេងនៅទីនោះជាញឹកញាប់ ។ ខណៈដែលកំពុងផឹក ក៏ស្រាប់តែពួកជនសង្ស័យទាំងបីនាក់ ដែលជាអ្នកស៊ីឈ្នួលជួលមេនមកបូជាសព នៅក្បែរនោះ បាននាំគ្នាដើរទៅមាត់ទន្លេ ដោយមានស្រាបៀរយកទៅជាមួយផងដែរ លុះដល់មាត់ទន្លេ បានឃើញនារីរងគ្រោះ និងមិត្ដភក្ដិគេ កំពុងផឹក ភ្លាមនោះក្រុមជនសង្ស័យ បានសុំនារីរងគ្រោះផឹកជាមួយផងដែរ ។ លុះផឹកបានមួយសន្ទុះ មិត្ដភក្ដិនារីរងគ្រោះ បានជិះកង់ចេញមុន ដោយនៅតែនារីរងគ្រោះ និងក្រុមជនសង្ស័យ កំពុងផឹកជាមួយគ្នា រហូតមកដល់ម៉ោងប្រមាណ១៩យប់ ជនសង្ស័យឈ្មោះ ស្រ៊ិន ស្រ៊ ស្រវឹងស្រឿងៗ មានអារម្មណ៍ចង់រួមភេទទៅលើនារីរងគ្រោះ ក៏បានចាប់បីនារីរងគ្រោះ យកទៅដល់ចំណុចគុម្ពព្រៃត្រែង ក្បែរមាត់ទន្លេ រួចក៏ធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ រហូតបានសម្រេច ដោយបន្សល់ទុកខ្សែក្រវាត់ នៅកន្លែងកើតហេតុ បន្ទាប់ពីមក ជនសង្ស័យ២នាក់ទៀត គឺឈ្មោះ ចក់ ណាក់ និង លន ហ៊ីម បានចូលទៅរំលោភ លើនារីរងគ្រោះបន្តបន្ទាប់គ្នា រហូតបានសម្រេច ម្នាក់មួយលើក ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៣នាក់ បានដើរទៅកន្លែងមេនបូជាសពរបស់ពួកគេវិញ រីឯនារីរងគ្រោះ ក៏បានដើរមកត្រឡប់មកផ្ទះ ដោយយំសោក ហើយបានជួបនឹងសមត្ថកិច្ចនគរបាល កំពុងល្បាតក្នុងភូមិសាស្រ្ដ។ ភ្លាមនោះ សមត្ថកិច្ចនគរបាល បានធ្វើការសួរនាំនារីរងគ្រោះ រួចនារីរងគ្រោះ បានរៀបរាប់រឿង ប្រាប់សមត្ថកិច្ច។ ក្រោយពីសមត្ថកិច្ចនគរបាល បានចម្លើយរបស់នារីរងគ្រោះ ភ្លាមនោះ ក៏បានធ្វើការចាប់ខ្លួន ជនសង្ស័យ៣នាក់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈ ទៅលើនារីរងគ្រោះបន្តបន្ទាប់គ្នា ពិតប្រាដកមែន ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿង បនញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង