ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

117

ភ្នំពេញ៖ ក្នុងរយៈពេល២ពោលគឺនៅថ្ងៃទី២៩ និង៣០ធ្នូ២០១៨ជាប់គ្នានេះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិជិតកន្លះលាននាក់បានអញ្ជើញ និងដើរលេងកម្សាន្ដនៅវិមាន ឈ្នះ ឈ្នះក្នុងភាពសប្បាយរីករាយ ។

   នេះបើតាមការបញ្ជាក់អោយដឹងពីលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ធ្នូនេះ ។ លោកម៉េត មាសភក្តី បានបញ្ជាក់ថា សម្រាប់នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី២៩ធ្នូ វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ បានទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិមកដើរលេងកំសាន្តសប្បាយចំនួនប្រមាណជាង ១៥ម៉ឺននាក់ ហើយសម្រាប់ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៣០ធ្នូ វិញ វិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ បានទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិមកដើរលេងកំសាន្តសប្បាយចំនួនប្រមាណ៣០ម៉ឺននាក់ ។ មានន័យថា ត្រឹមរយៈពេល២ថ្ងៃជាប់គ្នានេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្ដរជាតិ ចំនួនប្រមាណ៤៥ម៉ឺននាក់បានអញ្ជើញ និងដើរលេងកម្សាន្ដនៅវិមាន ឈ្នះ ឈ្នះក្នុងភាពសប្បាយរីករាយ។

  គួរបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៣០ ធ្នូថា នៅពេលព្រឹកថ្ងៃទី២៩ ធ្នូមានបងប្អូន ប្រជាពលរដ្ឋបានចូលរួម ជាមួយកម្មវិធី ជាមួយសម្តេចតេជោ ប្រមាណ ៧ម៉ឺននាក់ និងចាប់ពីពេលនោះ មកដល់ពេលយប់ មានជាង៨ម៉ឺននាក់ ។

លោកបន្តថា សម្រាប់បញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈវិញ គឺគ្មានបញ្ហាអ្វីទាំងអស់ ខណៈដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបានដាក់ពង្រាយការពារ យ៉ាងល្អប្រសើរ ជូនអ្នកទស្សនាទាំងអស់។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ធ្នូ កាំជ្រួចប្រមាណ ៩ម៉ឺនគ្រាប់ ត្រូវបានបាញ់រំលេច សម្រស់លើវេហារ។ ការបាញ់កាំជ្រួចនេះ មានភាពអស្ចារ្យ ដោយមានរយៈពេលវែង និងមានរំលេចចេញជារូបផ្សេងៗ ដូចជាបេះដូងជាដើម។

  សម្រស់ភ្លើងកាំជ្រួចដ៏ស្រស់ស្អាត និងមានភាពអស្ចារ្យមិនធ្លាប់មាន នៅកម្ពុជានោះ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្ត ដ៏ច្រើនកុះករ។ ក្រៅពីការបាញ់កាំជ្រួច ក៏មានការប្រគំតន្ត្រី និងផ្ទាំងទស្សនីយភាពសិល្បៈមួយចំនួនទៀតផងដែរ ។

   រដ្ឋបាលរាជធានីភ្នំពេញក៏បានបន្តអំពាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកលេងកំសាន្ត និងចូលរួមឆ្លងឆ្នាំសាកល រាប់ថយក្រោយទាំងអស់គ្នា ឲ្យបានច្រើនកុះករ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះដោយភាពសប្បាយរីករាយ៕

អត្ថបទដែលជាប់ទាក់ទង