ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនស្រ្តីមេតុងទីនម្នាក់ប្រចាំបុរីកន្ទោក ស៊ីដាច់ប្រាក់កូនតុងទីន ជាង៩ម៉ឺនដុល្លារ

74

ភ្នំពេញៈ​ ស្រ្តីម្នាក់ ជាមេតុងទីនប្រចាំបុរីកន្ទោក ដែលស៊ី​ដាច់ប្រាក់កូនតុងទីនជាច្រើននាក់ ប្រមាណ៩ម៉ឺនដុល្លារ នៅរសៀលថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួន ដោយប្រកាន់ពីបទរំលោភសេចក្តីទុកចិត្ត។

ស្រ្តីរូបនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូន មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ យោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ជួប សៅណា អាយុ៣៩ឆ្នាំ ជាមេតុងទីន មានទីលំនៅក្នុងបុរីកន្តូក សង្កាត់កន្ទោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោកស្រី ជួប សៅណា បានប្រមែប្រមូលពលរដ្ឋ ដែលរស់នៅក្នុងបុរីកន្ទោកលេងតុងទីន ជាច្រើនក្បាលមានទាំងលុយដុល្លារ និងលុយរៀល ដោយគាត់ធ្វើជាមេ។ ក្នុងពេលលេងកន្លងទៅ មេតុងទីនរូបនេះ តែងតែប្រមូលលុយពីអ្នកលេងតុងទីនទាំងអស់បង់ឲ្យអ្នកដែលដេញបាន តាមកាលកំណត់ លុះមួយរយៈកាលក្រោយនេះ មេតុងតុងទីនរូបនេះ បានដេញប្រមូលយកខ្លួនឯងគ្រប់តែក្បាល មានទឹកប្រាក់ប្រមាណ៩ម៉ឺនដុល្លារ ក៏ប្រកាសរំសាយឈប់លេង ថែមទាំងមិនព្រមបង់ប្រាក់ឲ្យកូនតុងទីន ដែលមិនទាន់បានដេញ ទើបអ្នកដែលមិនទាន់ដេញបាន ក៏រួមគ្នាដាក់ពាក្យបណ្ដឹង ទៅកងរាជអាវុធហត្ថ ដើម្បីចាត់ការតាមច្បាប់។
ក្រោយពីទទួលពាក្យបណ្ដឹងហើយ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីពិនិត្យ។
ដំបូងឡើយសំណុំរឿងតុងទីននេះ ស្ថិតក្នុងចំណាត់ការរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងចាត់ការជាបន្តបន្ទាប់ តែជនសង្ស័យមិនព្រមចូលខ្លួន មកឆ្លើយបំភ្លឺ ទើបលោក សៀង សុខ ចេញដីកាបញ្ជាឲ្យចូលខ្លួនតែម្ដង ។ រហូតដល់ថ្ងៃទី ៣១ខែ ធ្នូ សមត្ថកិច្ចកងរាជអាវុធហត្ថ ក៏បាននាំខ្លួនលោកស្រី ជួប សៅណា មកអយ្យការសាលាដំបូង ប៉ុន្តែដោ​យសារលោក សៀង សុខ បានផ្លាស់ទៅបម្រើ​ការជាព្រះរាជអាជ្ញាអមតុលាការខេត្តព្រះសីហនុ សំណុំរឿងតុងទីននេះ ក៏បានចាត់មកឲ្យលោក ប្លង់ សុផល ជាអ្នកចាត់ការជំនួសវិញ៕

អត្ថបទដែលជាប់ទាក់ទង