ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧក្រិដ្ឋជនគ្រឿងញៀន ទម្ងន់ជាង៥៤គីឡូក្រាម ឈ្មោះ ដាំ ញ៉ា ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៦០ លានរៀល

77

ភ្នំពេញ៖ ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់សែលរត់គេចខ្លួនពីសំណាញ់ច្បាប់អស់ជាង៤ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបាន នៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការនិងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវ ចាប់បាន ឈ្មោះ ដាំ ញ៉ា នៅចំណុចស្ប៉ា ម៉ាស្សា សង់អេលីហ្ស៊េ តាមផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានប្រាប់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ចាប់បានជនល្មើស៤នាក់ (ស្រីម្នាក់) ព្រមទាំងបានរឹបអូសវត្ថុតាង៖ គ្រឿងញៀនសរុប 54kg 599.6g (ICE=38178,34g, WY=16068,24g, Heroine=345,32g និង កញ្ឆា=7,85g) ប៉ុន្តែមេខ្លោង ឈ្មោះ ដាំ ញ៉ា បានរត់គេចខ្លួនទៅប្រទេសឡាវ។ ជនជាប់ចោទឈ្មោះ ដាំ ញ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ ទីកន្លែងកំណើតភូមិសៀមប៉ាង ឃុំសេកុង ស្រុងសៀមប៉ាង ខេត្តស្ទឹងត្រែង និងមានទីលំនៅបច្ចុប្បន្ន ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញសាលក្រមលេខ ៩៧ ហ ក្រ៥ សម្រេចផ្ដន្ទាទោសជនល្មើសទាំង២នាក់ និងផ្ដន្ទាទោស ឈ្មោះ ដាំ ញ៉ា (មេខ្លោង គេចខ្លូន) ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់៦០លានរៀល។
នាយឧត្តមសេនីយ៍បន្តថា នៅម៉ោង៤ល្ងាច ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវចាប់បានឈ្មោះ ដាំ ញ៉ា នៅចំណុចស្ប៉ាម៉ាស្សា សង់អេលីហ្ស៊េ តាមផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លោក ពេជ្រ វិជ្ជធរ ប្រធានក្រុមប្រឹក្សាជំនុះជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់មកភ្នាក់ងារមានសមត្ថកិច្ចដែលជាមន្រ្តីនគរបាលយុត្តិធម៌ ឲ្យចាប់ខ្លួនឈ្មោះ ដាំ ញ៉ា ដែលមានសាវតាជាតិ ដូចខាងលើ និងនាំទៅបង្ហាញខ្លួនក្នុងរយៈយ៉ាងខ្លីបំផុតនៅចំពោះមុខព្រះរាជអាជ្ញារ នាទីកន្លែងចាប់ខ្លួនដែលឲ្យដំណឹងដល់សាមីខ្លួនអំពីដីកានេះ និងធ្វើការឃុំខ្លួន។ លោកប្រធានមណ្ឌលអប់រំកែប្រែ នៃក្រសួងមហាផ្ទៃ ទទួល និងឃុំខ្លួនឈ្មោះនេះ តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៣៩៧ ហ ក្រ ៥ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ។ ដីកាបង្គាប់ បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះដាំ ញ៉ា អាយុ៥៣ឆ្នាំ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន៦០ លានរៀល ពីបទ ផលិតកែច្នៃ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅចំណុចផ្ទះជួលលេខ សេ១៩ ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អាផាតមិន LEE បន្ទប់លេខ៦១៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្ទប់លេខ៧ អាផាតមិនឡាលីន ផ្ទះលេខ១៤ ផ្លូវលេខ៤៦០ ក្រុមទី២៧ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា ៣៩ កថាខណ្ឌទី៥ និងមាត្រា៤០ កថាខណ្ឌទី៧ នៃច្បាប់ស្តីពិការត្រួតពិនិត្យគ្រឿងញៀន និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះនោះ ដើម្បីយកមកអនុវត្តទោសតាមអំណាចសាលក្រមនេះ៕

អត្ថបទដែលជាប់ទាក់ទង