ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ សមរង្ស៊ី កំសាករកលេខដាក់គ្មាន!

386


ភ្នំពេញ៖កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ អតីតបក្សប្រឆាំង បានប្រកាសពីផែនការប្រមូលអ្នកគាំទ្រក្នុងស្រុក ដើម្បីត្រៀមទទួលលោក សម រង្ស៊ី។ លោកសមរង្ស៊ី ដែលបានប្រកាសថា នឹងវិលចូលស្រុកវិញឆាប់ៗ។ ប៉ុន្តែមិនត្រឹមតែពេលរដ្ឋខ្មែរក្នុងស្រុកទេ ដែលមិនជឿលើអតីតមេបក្សប្រឆាំង ជាអ្នកនយោបាយ ជើងមិនជាប់ដីរូបនេះ សូម្បីតែអតីតតំណាងរាស្ត្រ និងជាអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ក៏មិនចាប់អារម្មណ៍រឿងនេះដែរ ព្រោះលោក សម រង្ស៊ី តែងតែប្រកាសច្រើនដងហើយ តែ “ថាចោល ថាចោល” ដូចជាពិបាកជឿណាស់។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង បានបើកកិច្ចប្រជុំមួយ នៅសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដើម្បីពិភាក្សាពីការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី មកកាន់កម្ពុជា។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ ៧រូបទៀត រួមមាន៖ លោកស្រី មូរ សុខហួរ លោក ហូរវ៉ាន់ លោកម៉ែនសុថាវរិន្ទ លោក អេង ឆៃអ៊ាង លោកអ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ និងលោក ឡុង រី។
សេចក្តីប្រកាសព័ត៌មានពីលទ្ធផល និងសេចក្តីសម្រេចនៃកិច្ចប្រជុំនេះ ត្រូវបានគេផ្សព្វផ្សាយ ប៉ុន្តែផែនការនៃដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី មិនត្រូវបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ចូលមកកម្ពុជា នៅពេលណាទេ។
ក៏ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្ត្រីជាន់ខ្ពស់ និងជាអតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ផែនការនៃការវិលត្រឡប់របស់លោក សម រង្ស៊ី គឺលោកដូចជាមិនចាប់អារម្មណ៍ទេ ព្រោះលោកសមរង្ស៊ី បានប្រកាសពីការវិលត្រឡប់មកកម្ពុជាវិញនេះ ដូចជាប្រកាសច្រើនដងហើយ តែ “ថាចោល ថាចោល” ដូចជា ពិបាកជឿ។
ជាការពិតណាស់ បើយើងរម្លឹកពីប្រវត្តិរបស់លោកសមរង្ស៊ី ចាប់តាំងពីក្រោយចេញបង្កើតគណបក្សផ្ទាល់ខ្លួន កាលពីឆ្នាំ១៩៩៥ ពោលគឺនៅពេលបង្កើតបញ្ហា ហើយរត់ចោលស្រុក គេចវេសមិនទទួលខុសត្រូវ ដែលយ៉ាងហោចណាស់ ៣-៤ដងទៅហើយ គឺទាល់តែមានភ្លើងខៀវ ពោលគឺមានព្រះរាជក្រឹត្យ ព្រះមហាក្សត្រ លើកលែងទោស តាមរយៈការទូលថ្វាយស្នើសុំពីសម្តេចតេជោ ហ៊ុន សែន ទើបលោកសមរង្ស៊ី ហ៊ានឡើងយន្តហោះ ជិះចូលស្រុកវិញ។
គេនៅចាំបានថា អំឡុងនៃការចាកចេញចុងក្រោយពីកម្ពុជារបស់លោកសមរង្ស៊ី កាលពីខែសីហា ឆ្នាំ២០១៥ នៅពេលតុលាការប្រកាសអនុវត្តសាលដីកាស្ថាពរ ក្នុងសំណុំរឿងលោកសមរង្ស៊ី បរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត ដែលលោកសមរង្ស៊ី ចោទប្រកាន់ថា លោកហោណាំហុង ជាមេគុកបឹងត្របែក ក្នុងសម័យខ្មែរក្រហម គឺលោកសមរង្ស៊ី បានប្រកាសក្តែងៗថានឹងវិលត្រលប់ពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា ដោយមានទាំងកក់សំបុត្រយន្តហោះរួចរាល់។ ប៉ុន្តែដល់ថ្ងៃកំណត់ បែរជាអ្នកនយោបាយជើងមិនជាប់ដីនេះ យកលេសនេះ លេសនោះ ហើយមិនហ៊ានចូលស្រុក ក៏គេចទៅសោយសុខនៅប្រទេសបារាំងបាត់ រហូតដល់សព្វថ្ងៃនេះ។
មួយវិញទៀត ដោយសារតែកើតក្នុងត្រកូលពូជអភិជន មិនដែលស្គាល់ការលំបាក មិនស្គាល់ស្រែចំការ ដោយតាំងតែពីតូច រស់នៅសុខស្រួល ហើយត្រូវបានឪពុកម្តាយបញ្ជូនទៅរៀននៅបារាំង ស្គាល់តែម្ហូបអឺរ៉ុប មិនដឹងពីសុខទុក្ខប្រជាជន កសិករខ្មែរ។ ដូច្នេះហើយ បានជាអ្នកនយោបាយអភិជននេះ នឹងគ្មានផ្លូវ ជិះយន្តហោះ មកចូលដេកគុក ដើម្បីអនុវត្តទោស ដែលខ្លួនបានប្រព្រឹត្តិនោះឡើយ។
ការប្រកាសថា នឹងវិលមកចូលស្រុកវិញរបស់ទណ្ឌិត សម រង្ស៊ី ច្រើនលើកច្រើនសារ ពិសេសឥឡូវ ពេលនេះទៀត គឺគ្រាន់តែចង់ឲ្យសារព័ត៌មាន និងមហាជន ចាប់អារម្មណ៍ ព្រោះទណ្ឌិតរូបនេះ បាត់ដំណឹង បាត់មុខពីកម្ពុជា និងបាត់ដំណឹងពីឆាកនយោបាយយូរឆ្នាំមកហើយ។
ក៏ប៉ុន្តែការប្រកាសចោលៗរបស់សមរង្ស៊ីដូច្នេះ បានធ្វើឲ្យមហាជន ពិសេសខ្មែរក្នុងស្រុក ហើយសូម្បីតែសកម្មជន និងថ្នាក់ដឹកនាំអតីតបក្សប្រឆាំងខ្លួនឯង ក៏បាត់ជំនឿអស់ដែរ។ គេឈប់ជឿការភូតកុហក់របស់បុគ្គលទណ្ឌិត សម រង្ស៊ី ព្រោះប្រជាជនខ្មែរ រួមទាំងសកម្មជន និងថ្នាកដឹកនាំបក្សប្រឆាំង បានស្គាល់ច្បាស់ហើយពីក្រយៅរបស់អ្នកនយោបាយកំសាកញី សមរង្ស៊ី មិនមែនតែពេលនេះទេ គឺយូរឆ្នាំណាស់មកហើយ ពោលគឺតាំងពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង