ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះពិនិត្យសភាពការណ៍ផ្ទាល់ ករណីបង្រ្កាបបទល្មើសសត្វព្រៃ បណ្ដាលឲ្យមន្រ្តីឧទ្យានុរក្ស១រូប រងរបួសធ្ងន់

92

ខេត្តមណ្ឌលគិរី ៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ លោករ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងពិនិត្យស្ថានភាពនៃការផ្ទុះអាវុធដោយខ្មាន់កាំភ្លើង ក្នុងករណីបង្រ្កាបបទល្មើសសត្វព្រៃ ដែលបាន បណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកចំនួន០១រូប រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរបួសភ្លាមៗ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍ចុះបង្រ្កាបបទល្មើសសត្វព្រៃ ហើយត្រូវក្រុមខ្មាន់កាំភ្លើងបាញ់រះ បណ្ដាលឲ្យរងរបួសមន្រ្តីឧទ្យានុរក្សចំនួន០១រូបខាងលើនេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបំបែកត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។

លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្នុងនាមក្រសួងបរិស្ថាន ដែលមានលោកសាយ សំអាល់ ជារដ្ឋមន្រ្តី បានចាត់តាំងគណៈប្រតិភូរបស់ក្រសួងបរិស្ថាន ដើម្បីជួយរៀបចំ និងរង់ចាំទទួលជនរងគ្រោះ ឲ្យមកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានហេតុការណ៍ចុះបង្រ្កាបបទល្មើសសត្វព្រៃដោយក្រុម ការងារអនុវត្តច្បាប់របស់ដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានក្រុមខ្មាន់កាំភ្លើង ដែលមានគ្នាប្រមាណជា៦នាក់ បំពាក់ដោយអាវុធអាកាបានបាញ់រះ មកលើក្រុមអនុវត្តច្បាប់ ហើយបានបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សចំនួន០១រូបរងរបួសធ្ងន់។
លោក រ័ត្ន វិរៈ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការលះបង់របស់បងប្អូនដែលជាអ្នកអភិរក្ស ក្នុងនោះរួមមាន មន្រ្តីនគរបាល យោធា សត្តរក្ស និងមន្រ្តីឧទ្យានុរក្ស ដែលឋិតនៅក្រោមដំបូលតែមួយ គឺគ្រួសារតែមួយនៃប្រជាជាតិខ្មែរ ដោយបានលះបង់នូវការជួបជុំគ្រួសារផ្ទាល់ខ្លួនដើម្បីមកចូលរួម ចំណែកអនុវត្តច្បាប់ ក្នុងបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិ។ លោកក៏បានកោតសរសើរនូវវីរភាពរបស់បងប្អូនឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់។ លោកបានបន្តថា ចំពោះជនប្រព្រឹត្តនិងបក្ខពួក កម្លាំងជំនាញព្រហ្មទណ្ឌនឹងធ្វើការតាមកំណត់មុខសញ្ញាដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបាន។
លោក រ័ត្ន វិរៈ ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នា និងបន្តកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងជម្នះនូវរាល់ឧបសគ្គដែលបានកើតឡើង ជាពិសេសត្រូវតាំងចិត្តនិងស្មារតីឲ្យបានម៉ឺងម៉ាត់ចំពោះព្រឹត្តិការណ៍នេះ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុគ៌គ បានឲ្យដឹងថា នៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២៩ ខែមករានេះ បានឳ្យដឹងថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ រវាងក្រុមអ្នកប្រមាញ់សត្វព្រៃ រវាងក្រុមមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្ត បណ្តាលឱ្យមន្រ្តីឧទ្យានុរក្សម្នាក់រងរបួសធ្ងន់ នៅតំបន់ការពារសត្វព្រៃស្រែពក ចំណុចត្រពាំងកកោះ ភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
លោកប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា មូលហេតុឈានដល់ការផ្ទុះអាវុធនេះ ក្រុមមន្រ្តីឧទ្យានុរក្សចំនួន០៦នាក់ និងមានកាំភ្លើងAK ២ដើម បានដើរល្បាត ស្វែងរកបទល្មើសនានានៅចំណុចខាងលើ ក៏បានជួបប្រទះជាមួយក្រុមអ្នកប្រមាញ់សត្វព្រៃ ដែលធ្វើសកម្មភាពបរបាញ់សត្វព្រៃ ហើយបានឃាត់សួរនាំ តែដោយសារជនបង្កមានគ្នាប្រមាណជា៥-៦នាក់ និងមានអាវុធទៀតនោះ ក៏បានផ្ទុះអាវុធដាក់គ្នាទៅវិញទៅមក បណ្តាលឱ្យមន្រ្តីឧទ្យានុរក្សម្នាក់ឈ្មោះ ចេង ចន្ធី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានរងធ្ងន់ត្រង់ភ្លៅ ហើយក្រុមមន្រ្តីឧទ្យានរក្សបានដកថយទៅជំរំវិញ លុះដល់ម៉ោង៥ព្រលឹមនោះដែរ ក្រុមអ្នកប្រម៉ាញ់សត្វព្រៃ ក៏បានទៅជំរំមន្រ្តីឧទ្យានុរក្ស ហើយក៏បានបាញ់រះចំម៉ូតូមន្រ្តីឧទ្យានុរក្ស រួចគេចខ្លួនបាត់ ចំណែកឯជនរងគ្រោះ ក៏ត្រូវបានក្រុមការងារជួយសង្រ្គោះបញ្ចូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងនៅវេលាម៉ោង៥ រសៀលថ្ងៃទី២៩ ខែមករានេះ ចំពោះករណីផ្ទុះអាវុធខាងលើនេះ លោក បានដាក់កម្លាំង ចុះទៅធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង តែនៅតំបន់នោះ មិនមានសេវាសម្រាប់ទាក់ទងគ្នានោះទេ ហើយរហូតមកដល់ពេលនេះកម្លាំងរបស់លោក នៅមិនទាន់ត្រលប់មកវិញនៅឡើយទេ។ ដូច្នេះ លោកស្នងការរងនគរបាលខេត្ត មិនទាន់សន្និដ្ឋានបាននៅឡើយទេ រងចាំកម្លាំងជំនាញចេញពីក្នុងព្រៃសិន៕

អត្ថបទដែលជាប់ទាក់ទង