ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ៖ រាល់ពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗ ពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិ និងទទួលការគាំទ្រ ពីរាជរដ្ឋាភិបាល

187


ភ្នំពេញ៖ ខណៈដែលប្រជាពលរដ្ឋខ្មែរ ខ្សែស្រឡាយចិន-វៀតណាម បាននឹងកំពុងអបអរ នូវពិធីចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលធ្វើទៅតាមទម្លៀមទម្លាប់ សាសនាជនជាតិចិន កាលពីថ្ងៃទី៤ កុម្ភៈ ដែលត្រូវរៀបចំបាយចំនី ម្ហូបអាហារ ដាក់ថ្វាយទេវតា និងកុងម៉ា យ៉ាងសប្បាយរីករាយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា មិនថាតែពិធីបុណ្យចូលឆ្នាំចិនទេ គឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ ប្រពៃណី និងពិធីសាសនាសំខាន់ៗនានា របស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ឋិសេរីភាពពេញលេញ ក្នុងការប្រតិបត្តិទៅតាមជំនឿ និងការជ្រើសរើសរបស់ខ្លួន ដោយគ្មានការរើសអើង ហើយក៏ទទួលបាន នូវការគាំទ្រ និងលើកទឹកចិត្ត ពីរាជរដ្ឋាភិបាលផងដែរ ។

សម្តេចតេជោ បានមានប្រសាសន៍ នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះថា “កាលពីថ្ងៃទី៤ កុម្ភៈ ម្សិលមិញ គឺយើងសង្កេតឃើញ បងប្អូនប្រជាពលរដ្ឋ និងអាជីវករភាគច្រើន នៅក្នុងរាជធានីភ្នំពេញ បានរៀបចំពិធីសែន អបអរសាទរថ្ងៃចូលឆ្នាំចិន ជួបជុំក្រុមគ្រួសារ យ៉ាងសប្បាយរីករាយ។ ទន្ទឹមនឹងនោះ ក៏មានមន្រ្តីរាជការមួយចំនួនធំ បានចូលរួមអបអរសាទរ ទាំងនៅតាមក្រសួង មន្ទីរ និងនៅតាមគេហដ្ឋានផងដែរ” ។

សម្តេចបានសង្កត់ធ្ងន់ថា “មិនថាតែពិធីបុណ្យចូលឆ្នាំចិនទេ គឺរាល់នូវពិធីបុណ្យទំនៀមទម្លាប់ប្រពៃណី និងពិធីសាសនាសំខាន់ៗនានា របស់បងប្អូនជនជាតិភាគតិច គឺមានសិទ្ឋិសេរីភាពពេញលេញ ក្នុងការប្រតិបត្តិទៅតាមជំនឿ និងការជ្រើសរើសរបស់ខ្លួន ដោយគ្មានការរើសអើង ហើយក៏ទទួលបាននូវការគាំទ្រ និងលើកទឹកចិត្ត ពីរាជរដ្ឋាភិបាលផងដែរ” ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានជូនពរជូនពរបងប្អូន​ ជនរួមជាតិជួបតែសេចក្តីសុខ និងទទួលបាន នូវលាភសំណាង ល្អពេញគ្រប់ទាំង១២ខែ តែម្តង ជាមួយនឹងសុខសុភមង្គល ក្នុងក្រុមគ្រួសារគ្រប់ៗគ្នាកុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង