ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​បារាំង មិន​ឲ្យ​ទិដ្ឋាការដល់សហគមន៍​ជនជាតិដើម​ភាគតិច​ , សហគមន៍ទាមទារ​រកយុត្តិធម៌

147


​ភ្នំពេញ​៖ តំណាង​ជនជាតិភាគតិច​ព្នង ជាង១០០នាក់ បានធ្វើ​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅអគារ Meta House ទល់មុខមជ្ឈមណ្ឌលភ្នំពេញ ផ្លូវលេខ៣៧ មហាវិថីសម្តេចសុធារស នៅទីក្រុងភ្នំពេញ ដើម្បីទាមទារ​រក​យុត្តិធម៌តាមផ្លូវ​ច្បាប់ ដែល​ស្ថានទូត​បារាំងបដិសេធ មិន​ឲ្យ​ទិដ្ឋាការដល់​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​។

លោកយុន ឡូរ៉ង់ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច បានថ្លែងថា ​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិចព្នង ៩​នាក់ ត្រូវ​ទៅ​ចូលរួម​សវនាការ​បឋម នៅ​ម៉ោង ១១ និង ៣០ នាទី ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​សាល​សវនាការ ណាន់​ទែ​រ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង តាម​លិខិតអញ្ជើញ​ជា​ផ្លូវការ​ពី​ចៅក្រម​។​ លោកបានបន្តថា សន្និសីទកាសែតនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយដល់សាធារណជន បានដឹង បានឮពីទុក្ខលំបាក និងភាពអយុត្តិធម៌ ដែលក្រុមហ៊ុន BOLLORÉ Groupe នៅប្រទេសបារាំង តាមរយៈ ក្រុមហ៊ុន Socfin-KCD បានរំលោភបំពានសិទ្ធិលើដីធ្លី បាត់បង់ប្រពៃណីទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចព្នងក្នុងឃុំប៊ូស្រា។ ដើម្បីទាមទាររកយុត្តិធម៌ពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដែលបដិសេធមិនឲ្យទិដ្ឋាកាដល់តំណាងសហគមន៍ជនជាតិដើមភាគតិចទៅចូលរួមសវនាការ និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្តកិច្ចការសហការល្អ និងផ្តល់ភាពយុត្តិធម៌។

លោកគ្រើង តុលា តំណាងសហគមន៍ឃុំប៊ូស្រា បានអានសេចក្តីថ្លែងការណ៍អំពីការទាមទារសិទ្ធិ និងស្វែងរកយុត្តិតាមផ្លូវច្បាប់ ដែលសហគមន៍ ត្រូវបានស្ថានទូតបារាំងនៅកម្ពុជចា បានបដិសេធមិនបាន ផ្តល់ទិដ្ឋាកា ឲ្យតំណាងសហគមន៍ទៅចូលរួមសវនាការនៅតុលាការប្រទេសបារាំង។ លោកបានថ្លែងថា សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នងបានធ្វើការតវ៉ា និងទាមទារឲ្យមានដំណោះស្រាយលើកន្លែងប៉ះពាល់ សិទ្ធិទំនៀមទម្លាប់និងប្រពៃណីរបស់យើងខ្ញុំ មុខរបរប្រពៃណីដែលសហគមន៍របស់យើង បាននិងកំពុងប្រតិបត្តិការនិងដូចដែលបានទទួលស្គាល់ដោយសហគមន៍របស់យើងខ្ញុំ ច្បាប់កម្ពុជានិងច្បាប់អន្តរជាតិ ។ សមាជិកយើងខ្ឡះនៅកំពុងតែប្រឈមមុខនឹងបណ្តឹងព្រហ្មទណ្ឌនៅតុលាការនៅឡើយ។ សមាជិក​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ចំនួន ១១៤​នាក់ បានដាក់​ពាក្យបណ្តឹងរ​ដ្ឋប្បវេណី ទាមទារ​សំណង​លើក​ការខូចខាត និង​ជំងឺ​ចិត្ត ពី​ក្រុមហ៊ុន BOLLORÉ Groupe នៅ​ប្រទេស​បារាំង ដោយសារតែ​ក្រុមហ៊ុន​នេះ បាន​បង្ក​ឲ្យ​ជនជាតិភាគតិច បាត់បង់​សិទ្ធិ​លើដី​ធ្លី បាត់បង់​ប្រពៃណី ទំនៀមទម្លាប់ ចាប់តាំងពី​ក្រុមហ៊ុន Socfin-KCD មកដល់​ភូមិដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង ក្នុង​ឃុំ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី​។​

​តំណាង​ជនជាតិដើម​ភាគតិច បានបន្តថា នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ តំណាង​សហគមន៍​ជនជាតិភាគតិច​ព្នង ៩​នាក់ បាន​ទៅធ្វើ​ការសម្ភាសន៍​នៅ​ស្ថានទូត​បារាំង នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់ពី​បាន​សម្ភាសន៍ តំណាង​ជនជាតិដើម​ភាគតិច​ទាំងនោះ បានទទួល​ការណែនាំ​ពី​មន្ត្រី​ស្ថានទូត​បារាំង ឲ្យ​បំពេញ​ឯកសារ​ពីរ​ទៀត គឺ​ទីមួយ​-​ការធានារ៉ាប់រង​សុខភាព និង​ឯកសារ​ទី​២ គឺ​លិខិតធានា​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​ការ​ស្នាក់​នៅក្នុង​ទីក្រុង​ប៉ារីស​។​ ក៏ប៉ុន្តែ​តំណាង​សហគមន៍​ជនជាតិដើម​តិច បាន​អះអាងថា ទោះបីជា​ពួកគាត់​បាន​បំពេញ​គ្រប់គ្រាន់​ តាម​ការណែនាំរ​បស់​មន្ត្រីស្ថានទូត​បារាំង​ក៏ដោយ ក៏​ស្ថានទូត​បារាំង បាន​បដិសេធ​មិន​ឲ្យ​ទិដ្ឋាការ​ដល់​ពួកគាត់ ដើម្បី​ទៅ​ចូលរួម​សវនាការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ឡើយ​។​
​ជុំវិញ​ការលើកឡើង ​របស់​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ខាងលើនេះ មិនសុំបំភ្លឺពី​ស្ថានទូត​បារាំងប្រចាំ​កម្ពុជា បាននោះ​ទេ​៕​

អត្ថបទដែលជាប់ទាក់ទង