ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ

103


ភ្នំពេញ៖ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុំព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់និងកាន់តែរឹងមាំ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃទី១២កុម្ភៈនេះ។

បើតាមសម្តេចនាយករដ្ឋមន្រ្តី សូមអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។

ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតដាលប៉ុន្តែឥឡូវគឺបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាករណ៍របស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សម្តេចបន្ថែមថា កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជាកាន់តែរីក​ចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។

អរគុណសារជាថ្មីដល់វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍន៍ប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំមកទល់សព្វថ្ងៃ និង អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង។

យើងពិតជាមានមោទនភាព ដែលបានឃើញប្រទេសជាតិកាន់តែរីកចម្រើនទៅមុខជារៀងរាល់ថ្ងៃ។ អ្វីដែលយើងសម្រេចបាន គឺដោយសារការចូលរួមចំណែកពីបងប្អូនជនរួមជាតិ និងដៃគូវិស័យឯកជននានាដែលមានជំនឿជឿជាក់លើសន្តិភាព និងទំនុកចិត្តដ៏រឹងមាំលើ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា” ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជន គឺធានាដាច់ខាតមិនអោយ សង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយ ទោះបីដោយទម្រង់រូបភាពណាក៏ដោយ។

សូមអរគុណចំពោះការស្រឡាញ់រាប់អាន និងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់ និងការគាំទ្រឥតងាករេពីបងប្អូនជនរួមជាតិចំពោះរូបខ្ញុំ។ ព្រោះសុខទុក្ខរបស់បងប្អូន គឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខជានិច្ច ដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ។ ជូនពរបងប្អូនជនរួមជាតិមានជីវិតរស់នៅកាន់តែរុងរឿង​ និងទទួលបាននូវលាភសំណាងល្អៗ នៅក្នុងឆ្នាំថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង