ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងបង្កើតស្ដង់ដាវិថីម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារ ចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត

98

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ្រោងនឹងស្នើរាជរដ្ឋាភិបាលសុំដាក់បញ្ចូលស្ដង់ដាវិថីម្ហូបអាហារ (Food Street) និងស្ដង់ដាតូបលក់ម្ហូបអាហារ ចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីលើកកម្ពស់អនាម័យម្ហូបអាហារនៅកម្ពុជា ដែលជាសក្ដានុពលដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត ដើម្បីត្រៀមរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ថោង ខុន បានឱ្យដឹងថា ស្ដង់ដាវិថីម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារ (ទាំងចល័ត និងអចល័ត) នឹងក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាលើកកម្ពស់សេវាកម្មម្ហូបអាហារផង និងលើកកម្ពស់សុវត្ថិភាព អនាម័យម្ហូបអាហារជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។

ក្រៅពីនេះ វាក៏នឹងចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង លើកកម្ពស់ភាពស្អាត និងបៃតងនៅតាមក្រុង-ស្រុក និងទីប្រជុំជននានា នៃរាជធានី-ខេត្តគោលដៅទេសចរណ៍ទៀតផង។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានទទួលទានអាហារ ដែលឆ្លងកាត់ការរៀបចំស្ដង់ដាវិថីម្ហូបអាហារនេះ នឹងទទួលបាននូវភាពកក់ក្ដៅជឿទុកចិត្តបាន។

លើសពីនេះ ស្ដង់ដាវិថីម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារ នឹងលើកកម្ពស់ជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យមានការរីកលូតលាស់ផងដែរ។

លោក ថោង ខុន បានបន្តថា «នៅពេលគេល្បីតៗគ្នាថា កម្ពុជាមានស្ដង់ដាម្ហូបអាហារល្អត្រឹមត្រូវ មានសុវត្ថិភាព មានអនាម័យត្រឹមត្រូវ នោះហើយគឺជាសក្ដានុពលថ្មីមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម»។

ប៉ុន្តែនៅចំពោះមុខ ស្ដង់ដាទាំងពីរនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ បើគិតក្នុងក្របខណ្ឌចលនាប្រឡងប្រណាំងទីក្រុងស្អាត។ ត្រង់ចំណុចនេះ លោក ថោង ខុន បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងស្នើសុំរាជរដ្ឋាភិបាលដើម្បីបញ្ចូលស្ដង់ដាទាំងពីរនេះ ទៅក្នុងសូចនាករចលនាប្រឡងប្រណាំងទីក្រុងស្អាត។

លោក រដ្ឋមន្ត្រីបានបន្តថា ជាការគ្រោងទុក នៅពេលរៀបចំទិវាជាតិទីក្រុងស្អាតលើកទី៧ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងប្រកាសដាក់ឱ្យអនុវត្តស្ដង់ដាវិថីម្ហូបអាហារ និងស្ដង់ដាតូបលក់ម្ហូបអាហារនេះ ទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីបំផុសឱ្យក្រុងបេក្ខភាពនានា ខិតខំរៀបចំទីក្រុងរបស់ខ្លួនឱ្យកាន់តែលេចធ្លោរឡើង៕

អត្ថបទដែលជាប់ទាក់ទង