ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្សឹក សង្ឃ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ទាំងយប់ , បណ្តាញសង្គមបរិយាយពីរឿងហោ សុខុនជាមួយLDP

461


ភ្នំពេញ៖ នៅទីបំផុត សង្ឃទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ត្រូវបានចាប់ផ្សឹកបានសម្រេចហើយ។ ពិធីផ្សឹកត្រូវបានធ្វើឡើងនៅវត្តបុទុមវតី ចំពោះព្រះភក្ត្រសម្តេចសង្ឃនាយក នន្ទ ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃជាច្រើនអង្គផ្សេងទៀត។ ការចាប់ផ្សឹកទាំងបង្ខំបែបនេះ ដោយសារព្រះចៅអធិការវត្តច្បារអំពៅអង្គនេះ បានប្រព្រឹត្តខុសធម៌វិន័យពាក់ព័ន្ធនឹងការឡាយវីដេអូ មានសង្ឃដីកាទាក់ទងនឹងបញ្ហានយោបាយ បញ្ហាប្រទេសជាតិ និងបញ្ហាការដកការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប មកលើប្រទេសកម្ពុជា។

ពិធីផ្សឹកព្រះតេជគុណ ហោ សុខុន ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា។ មុនពេលផ្សឹកព្រះតេជគុណ ត្រូវបានគេដឹកចេញពីវត្តច្បារអំពៅ សម្តៅទៅវត្តបុទុវតី ហើយធ្វើពិធីផ្សឹកតែម្តង យ៉ាងតក់ក្រហល់តែម្តង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បែកធ្លាយ​សំឡេង​ជេរ​ពុទ្ធបរិស័ទ សង្ឃ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​នាំទៅ​វត្ត​បទុម​វ​ត្តី​ហើយ​។

បណ្តាញទំនាក់ទំនងសង្គមហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ទម្លាយ​សំឡេង​ព្រះសង្ឃ ហោ សុខុន ជេរ​បុរស​ម្នា​ក់ដោយ​ពាក្យសម្តី​អសុរោះ ប្រមាថ អា​ម៉ឹង យ៉ាង​គ្រោក​គ្រា​ត ខណៈដែល​បុរស​នោះ បាន​តេ​ទូរស័ព្ទ ហើយ​សួរ​ពី​ករណី​ថា តើ​ព្រះ​តេជគុណ បាត់​ខ្លួន​ពី​វត្ត​ច្បារអំពៅ ទៅណា កាលពី​យប់​ថ្ងៃទី​១២​កុម្ភៈ​? ស្រាប់តែ​សង្ឃ ហោ សុខុន ជេរ​យ៉ាង​គ្រោក​គ្រា​ត​។ អ្នក​តេ​សួរ​ស័ព្ទ​នោះ បាន​ថត​សំឡេង​សង្ឃ ហោ សុខុន ហើយ​ធ្វើជា​វិ​ដេ​អូ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។​

​នៅ​ដើមខែ​កុម្ភៈ​នេះ សង្ឃ ហោ សុខុន បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​កនូវ​សារ​នយោបាយ​បំបែកបំបាក់ដោយបាន​លើកសរសើរ​សម្តេច​ក្រឡា​ហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថា​ជា​ផ្កាយ​សំណាង និង​មានគុណ​បំណាច់​ដ៏​អស្ចារ្យ​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​នៅក្នុង​រាជរដ្ឋាភិបាល ប្រទេសជាតិ និង​សង្គម​កម្ពុជា​។​

​សារ​នយោបាយ​របស់​ព្រះ​តេជគុណ ហោ សុខុន ដូច្នេះ នាំ​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង បញ្ចេញ​ប្រតិកម្ម​បំភ្លឺ ដោយ​មិន​ទទួលយក​ការសរសើរ​ក្នុង​បំណង​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​នោះឡើយ​។​

​ជាការ​កត់សម្គាល់ ព្រះសង្ឃ ហោ សុខុន មាន​គំនុំ​យ៉ាងខ្លាំង​ក្លា​នឹង​ក្រុម​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា រហូតដល់​សង្ឃ ហោ សុខុន បាន​ហៅ​លោក ខឹម វាសនា ថា​ជា​ជន​ក្បត់ជាតិ ថែម​ទៀតផង​។ អតីតសង្ឃ ហោ សុខុន ក៏ជាសកម្មជនយ៉ាងសកម្មរបស់អតីតគណបក្សសង្រ្គោះជាតិផងដែរ តាមរយៈការរ៉ៃអង្គាសថវិកាមូលនិធី ចូលរួមក្នុងការធ្វើបាតុកម្ម។

បើតាមគណនីហ្វេសប៊ុកឈ្មោះ មួន វេហាស៍ បានសរសេរថា នឹកឃើញកាលហោសុខុន ចោទ LDP ថាទមិឡ និងចង់បំផ្លាញសាសនា ព្រមទាំងអន្តរិយកម្ម ព្រមទាំងរឿងផ្សេងៗទៀត យ៉ាងច្រើន គឺក្នុងបំណងតែមួយ ខិតខំកៀរគរឲ្យមន្ត្រីធំៗរបស់ CPP រាប់ចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតថ្នាក់ក្រោម លើសពីនេះទៀត ហោ សុខុន ក៏ខិតខំប្រម៉ែប្រមូលសង្ឃ សង្ឃរាជ មន្ត្រីសង្ឃ សម្តេចសង្ឃជាដើម និងសកម្មភាពតូចធំដូចជា កម្មវិធីមហាសង្ឃនិបាទ សង្ឃវច្ចនៈ វិទ្យុ ឡាយ។ល គឺក្នុងបំណងរំលាយ LDP ហើយខិតខំមួលបង្កាច់ បង្កើតគណនីក្លែងក្លាយ ដាក់ទំនាយ បណ្តាសា គ្រប់សព្វបែបយ៉ាង។ លទ្ធផលចុងក្រោយ ហោ សុខុន លាចាកសិក្ខាបទបានសម្រេច! អនុមោទនា! សម្ព័ន្ធ នៅតែ សម្ព័ន្ធ! នេះសមដូចព្រះពុទ្ធដីកាថា បាចអង្កាមបញ្រ្ចាស់ខ្យល់ ឬដូចបុគ្គល ដែលចាប់លាមក គប់សំដៅព្រះច័ន្ទជាដើម។ ទោសៈជាភ្លើង ដែលដុតរោលរាលបុគ្គលនេះ ទាំងយប់ទាំងថ្ងៃ ចងអាឃាត ជាលំពែងដែលបុកទម្លុះបេះដូងរបស់បុគ្គលនេះ ឲ្យអន្ទះអន្ទែងឥតស្រាកស្រាន្ត ឧបមាដូចជា មាតាបិតា ដែលទើបតែបាត់បង់កូនតែម្នាក់ ជាទីស្រឡាញ់បណ្តូលចិត្ត ហើយរងចាំផ្លូវកូនត្រឡប់មកវិញជាដើម នេះគឺជានរកលោកិយ ដែលកំពុងតែដុតហោ សុខុន ក្នុងពេលបច្ចុប្បន្ន។


អត្ថបទដែលជាប់ទាក់ទង