ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច ជ្រុលបុកម៉ូតូ និងបន្តទៅបុករថយន្តកុងតឺន័រ របួសបែកក្បាលធ្ងន់ធ្ងរ

110

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងនារីជាសង្សាររងរបួសស្រាល ខណៈដែរគូសង្សារមួយគូនេះ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយព្យាយាមជិះម៉ូតូគេចពីសមត្ថកិច្ច ដែលកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ ទាំងបញ្ច្រាសទិសដៅចរាចរណ៍ បណ្តាលអោយប៉ះជាមួយម៉ូតូមួយគ្រឿង និងបន្តទៅបុករថយន្តកុងទីន័រពីក្រោយពេញទំហឹងនោះ។
ហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់មុខវិទ្យាល័យ ជាស៊ីម សាមគ្គី
ផ្លូវ២៧១ ស្ថិតក្នុងបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញគូស្នេហ៍ប្រុសស្រីមួយគូនេះ បើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1K-4040 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីកើតទៅលិច ដោយនារីជាសង្សារអង្គុយពីក្រោយ មិនបានពាក់មួកសុវត្ថិភាពនោះទេ។ លុះមកដល់ចំណុចកើតហេតុ ដោយឃើញសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍នៅខាងមុខ ចម្ងាយប្រហែល៣០ម៉ែត្រ គេក៏បត់ម៉ូតូត្រឡប់ក្រោយ ហើយជ្រុលទៅទាក់ដៃចង្កូតនឹងម៉ូតូមួយគ្រឿងទៀតម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HA-6550 ដែលបើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យម៉ូតូ Zoomer-X ដួលអូសជាង១០ម៉ែត្រ រងការខូចខាតបន្តិចបន្តួច។ ដោយឡែក អ្នកបើកបររងរបួសរលាត់ដៃរលាត់ជើង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ម៉ូតូបង្កខាងលើ បានព្យាយាមបើកគេចទៅក្រោយទៀត ទាំងបញ្ច្រាសទិសដៅចរាចរណ៍ និងក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកកន្ទុយរថយន្តកុងទីន័រមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9354 ដែលបើកបរដោយបុរសម្នាក់ ចេញមកពីខាងក្រោយវិទ្យាល័យជាស៊ីម តាមបណ្តោយផ្លូវ២៧១ស្ទួន ហើយបានបត់ឆ្វេងទៅផ្លូវ២៧១ បំណងឡើងស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ រីឯបុរសជាអ្នកបើកបរម៉ូតូ បានរងរបួសបែកក្បាលធ្ងន់ធ្ងរ និងនារីជាសង្សារអង្គុយពីក្រោយរងរបួសស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈ។ ភ្លាមៗនោះ អ្នកបើកបររថយន្តកុងទីន័រ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ ដោយភាគីខាងម៉ូតូ Zoomer-X មិនចង់មានរឿងវែងឆ្ងាយ ក៏បានទូរស័ព្ទហៅសាច់ញាតិឲ្យមកយកខ្លួន និងម៉ូតូចេញទៅបាត់ទៅ។ ដោយឡែក រថយន្តកុងទីន័រ និងម៉ូតូបង្ក ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង