ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូ២គ្រឿងបើកបុកគ្នា ស្លាប់ម្នាក់ និង៣នាក់ទៀតរបួស

85


សៀមរាប៖ មនុស្សម្នាក់បានស្លាប់ ភ្លាមនៅកន្លែងកើតហេតុ ខណៈមនុស្ស៣នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរម៉ូតូ២គ្រឿងបើកបុកគ្នា នៅស្រុកពួក ។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិជាតិ៦ ត្រង់ចំណុចមុខសាលាបឋមសិក្សា សម្តេចក្រុមព្រះនរោត្តម រណរិទ្ធ ស្ថិតក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប រវាងម៉ូតូ បុកជាមួយនឹងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និងមនុស្សចំនួន៣នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់និងស្រាល ។

លោក ទេព ពុំសែន បានឲ្យដឹងទៀតថា ករណីនេះគឺ ម៉ូតូម៉ាកហុងដាឌ្រីម ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1I – 4643 បើកបរ ដោយឈ្មោះ យឺន ចាន់ថ្លា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក បានទទួលរងរបួសធ្ងន់ ជិះម្នាក់ឯង បើកបរលើផ្លូវត្រង់ក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាកហុងដា ក្លិច ផលិតឆ្នាំ២០១៦ ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1AD – 1642 ជិះមនុស្ស៣នាក់ បើកបរក្នុងទិសដៅពីកើតទៅលិច ហើយបត់ឆ្វេងមិនប្រយ័ត្ន ដែលអ្នកបើកបរដោយឈ្មោះ ហូ ហាច ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ត្រូវជាប្តី បានស្លាប់នៅនឹងកន្លែង ដឹកប្រពន្ធឈ្មោះ សោម សុផល អាយុ៣១ឆ្នាំ ទទួលរងរបួសស្រាល និងកូនឈ្មោះ ហូ វិចទ័រ ភេទប្រុស អាយុ៧ឆ្នាំ ទទួលរងរបួសស្រាល ។

លោក ទេព ពុំសែន បានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង និងដកហូតវត្ថុតាង ម៉ូតូទាំង២គ្រឿង យកមករក្សាទុក នៅអធិការនគរបាលស្រុក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ខណៈដែលសាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំណែកអ្នករបួសធ្ងន់ស្រាល ទាំង៣នាក់ ត្រូវបានកម្លាំងជំនាញហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ៕

អត្ថបទដែលជាប់ទាក់ទង