ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបង្ការ និងពន្លត់អគ្គីភ័យ ជាករណី​យកិច្ច​គ្រប់​មន្ទីរ​ អង្គភាព​ ផ្នែក​ឯកជន​ និង​ប្រជាពលរដ្ឋ​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​

81


សៀមរាប ៖ ​ក្នុង​ឱកាស​ទិវា​ជាតិ​បង្ការ​ និង​ពន្លត់អគ្គីភ័យ​នេះ​ លោក​ ប៉ុ​ល​ លឹ​ម​ ​បាន​គូសបញ្ជាក់​ថា​ ការ​បង្ការ​ ពន្លត់​ អគ្គី​ភ័យ​ គឺជា​ករណី​យកិច្ច​គ្រប់​មន្ទីរ​ អង្គភាព​ ផ្នែក​ឯកជន​ និង​ប្រជាពលរដ្ឋ​ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​គ្រោះ​អគ្គី​ភ័យ​ និង​ចូលរួម​ពន្លត់អគ្គីភ័យ​នៅ​ពេល​មាន​គ្រោះ​អគ្គី​ភ័យ​កើត​មាន​ឡើង។

នៅព្រឹកថ្ងៃទី២២​ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ ដើម្បីជម្រុញ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ជាយថាហេតុនេះ ។ ទិវានេះបានប្រារព្ធធ្វើទៅក្រោមអធិបតីលោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ និង ជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ។

ក្នុងឱកាសនោះដែរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ការគោរពទិវាជាតិ​បង្ការ និង ពន្លត់អគ្គីភ័យ ថ្ងៃនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានអត្ថន័យ និង មានសារសំខាន់ ក្នុងគោលបំណងបំផុសការចូលរួមពីគ្រប់បណ្តាស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ផ្នែកឯកជន ជាសំខាន់បងប្អូនប្រជាពលរដ្ឋ បានយល់ដឹង គាំទ្រ និង ចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ច ប្រកបដោយការបេ្តជ្ញាយ៉ាងមុតមាំ ដើមី្បកាត់បន្ថយគ្រោះថ្នាក់ ដែលបណ្តាលមកពីបញ្ហាអគ្គីភ័យ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើ និង អំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជន ប្រជាពលរដ្ឋ ត្រូវមានការ​ប្រុងប្រយ័ត្នខ្ពស់ កុំឲ្យកើតមានអគ្គីភ័យនេះ ក្នុងនោះដែរអាជ្ញាធដែនដីគ្រប់ជាន់ថ្នាក់ ក៏ត្រូវបង្កើននូវការចាត់វិធានផ្សព្វ ផ្សាយ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឲ្យបណ្តាម្ចាស់គេហដ្ឋាន ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជាដើម ឲ្យមានការប្រុង​ប្រយ័ត្ន​នូវគ្រប់វិនាទីចំពោះដើមចោទដែលអាចបង្កឲ្យកើតមានអគ្គីភ័យ ដូចជាភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងទៀន ធូប ភ្លើងព្រៃ ភ្លើងបារី រំសែវជាតិផ្ទុះ ប្រេងឥន្ធៈ ឧស្ម័នចំហេះ សារធាតុគីមី ដែលជាវត្ថុងាយឆេះ សំខាន់លើបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និង ក្លឹមកម្សាន្តជាដើម។ ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់កងកម្លាំងនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន នគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរអប្សរា និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអង្គភាពមួយចំនួន រួមទាំងវិស័យឯកជន ដែលបានសហការគ្នាល្អ ក្នុងការខិតខំយកចិត្តទុកដាក់ ចូលរួមជួយប្រជាពល រដ្ឋ ដែលរងគ្រោះដោយគ្រោះអគ្គីភ័យ បានទាន់ពេលវេលានៅខេត្តសៀមរាប។

ក្នុងឱកាសទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យនេះ លោក ប៉ុល លឹម មានប្រសាសន៍ ដោយបានគួសបញ្ជាក់ថា ការបង្ការ ពន្លត់អគ្គីភ័យ គឺជាករណីកិច្ចគ្រប់មន្ទីរ អង្គភាព ផ្នែកឯកជន និង ប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គីភ័យ និង ចូលរួមពន្លត់អគ្គីភ័យនៅពេលមានគ្រោះអគ្គីភ័យកើតមានឡើង និង ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីបង្ការ និង ពន្លត់អគ្គីភ័យ និង លិខិតបទដ្ឋានគតិយុត្តនានា និងធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ក្នុងគោលដៅមានហានិភ័យខ្ពស់ ព្រមទាំងឲ្យបានយល់ដឹងអំពីវិធានការ បច្ចេកទេសបង្ការ និង ពន្លត់អគ្គីភ័យ នៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹបកម្សាន្ត តាមផ្សារ និង អាជីវកម្មនានា គឺត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាព បង្ការពន្លត់អគ្គីភ័យ ឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ។ ក្នុងនោះដែរឯកឧត្តមក៏បាន លើកនូវអនុសាសន៍ល្អៗមួយចំនួន លើការបង្ការចំពោះបញ្ហា អគ្គីភ័យ ដោយផ្តោតសំខាន់ទៅលើការរៀបចំនូវប្រព័ន្ធសុវត្ថិភាព និង បង្ការគ្រោះអគ្គីភ័យ នៅតាមបណ្តាអគារធំៗខ្ពស់ៗ និង បណ្តាក្រុមហ៊ុន ផ្សារទំនើប ក្លីបកំសាន្ត និង រោងចក្រ មហោស្រពជាដើម ។ ក្នុងនោះលោកក៏បានផ្តោតសំខាន់ ចំពោះរាល់បច្ចេកទេស ក្នុងការរៀបចំនូវស្ថានីយ៍ប្រេងឥន្ធនៈ តើគ្រប់ជំនាញពាក់ព័ន្ធបានធ្វើការពិនិត្យត្រឹមត្រូវ ទៅតាមស្តង់ ដា បច្ចេកទេសឬទេ ដើមី្បបង្ការកុំឲ្យមានហានីភ័យកើតឡើង ។ លោកបានបន្តទៀតថា ដោយអនុវត្ត តាមយុទ្ធសាសន៍ចតុកោណដំណាក់កាលទី៤ ក្នុងការចូលរួមលើកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ និង បង្កើននូវសមទ្ធិផលជាតិជាច្រើន ដូចជា ផ្លូវ ស្ពាន អគារខ្ពស់ៗ បុរី ភូមិគ្រឹះ សណ្ឋាគារ ផ្សារទំនើប ផ្ទះសំណាក់ រោងចក្រ និង គ្រឹះស្ថានសិក្សា សហគ្រាសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង