ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជីវករលក់ដូរគ្រឿងបន្លាស់ម៉ូតូនិងជួសជុលម៉ូតូនៅមុខផ្សារហេងលីរំលោភយកចិញ្ចើមផ្លូវគ្មានសល់សម្រាប់អ្នកថ្មើជើង

136

ភ្នំពេញ៖ ប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរជាច្រើនបានសំដែងការរិះគន់យ៉ាងខ្លាំងទៅលើគណៈកម្មការគ្រប់គ្រងផ្សារហេងលីក៏ដូចជាអាជ្ញាធរសង្កាត់និងអាជ្ញាធរខណ្ឌទួលគោកដែលបណ្ដែតបណ្ដោយឲ្យបងប្អូនអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវមុខ ផ្សារនេះយ៉ាងអាណាធិបតេយ្យរកកន្លែងដើរមិនឃើញទេ។

  បងប្អូនប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថាកំណាត់ផ្លូវលេខ២៧១ចាប់ពីស្តុបnokiaដល់ផ្លូវទេពផនក្នុងសង្កាត់ ទឹកល្អក់ទី៣ ឃើញថាប្រជាពលរដ្ឋបានមករំលោភយកចិញ្ចើមផ្លូវស្ទើរទាំងស្រុងមិនឲ្យអ្នកដំណើរថ្មើរជើងដើរលើចិញ្ចើមផ្លូវនេះបានឡើយ។

    ហេតុនេះហើយបងប្អូនប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់លើផ្លូវនេះឲ្យបានល្អឡើងវិញផង ដើម្បីឲ្យ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយថ្មើរជើងបានងាយស្រួលឡើងវិញ។

   គួរបញ្ជាក់ផងដែរថា កន្លងមកនេះអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាល តែងបានណែនាំដូចជាកោះប្រជុំជារឿយៗដើម្បីជម្រុញអាជ្ញាធរខណ្ឌទាំង១២រៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ពិសេសកំណាត់ផ្លូវទាំង១១ នៅកណ្ដាលក្រុងតែម្ដង។ ប៉ុន្តែការណែនាំទាំងនេះហាក់ដូចជាមិនសូវមានប្រសិទ្ធភាពសោះ ដោយសារតែខណ្ឌមួយចំនួនបានអនុវត្តតាម តែខណ្ឌផ្សេងទៀតមិន ព្រមអនុវត្ត ដោយបណ្តែតបណ្តោយឲ្យមានការរំលោភបំពាននៅឡើយ ពិសេសគឺលើទីតាំងដែលមានខ្នងបង្អែកក្រាស់ស្រាប់តែម្ដង ដោយពួកគេហាក់ដូចជាមិនអើពើនឹងចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញឡើយ។

    គេបានកត់សម្គាល់ឃើញហើយថា កន្លងមកនេះអាជ្ញាធរខណ្ឌទួលគោកដឹកនាំដោយលោកឯកឃុន ដឿនជាអភិបាលខណ្ឌ គឺពិតជាបានដឹកនាំនិងណែនាំឲ្យមន្រ្តីរបស់ខ្លួនអោយរៀបចំសណ្ដាប់ធ្នាប់ជាច្រើនផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ប៉ុន្តែមិនដឹងថាហេតុអ្វីបានជានៅលើកំណាត់ផ្លូវលេខ២៧១មុខផ្សាហេងលីនេះបែរជាបណ្តែតបណ្តោយឲ្យបងប្អូនអាជីវកររំលោភយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងដូច្នេះឡើយ។ 

  ដូច្នេះទេប្រជាពលរដ្ឋទាំងអស់សូមអោយអាជ្ញាធរខណ្ឌទួលគោកមានវិធានការរៀបចំសណ្ដាប់ធ្នាប់នៅមុខផ្សារហេងលីនេះឲ្យបានល្អប្រសើរផង អោយដូចពាក្យណែនាំរបស់លោកឯកឃុន ដឿនថា ឲ្យមន្ត្រីទាំងអស់ ដាក់ខ្លួនដាក់កាយប្រឹងប្រែងធ្វើយ៉ាងណាដើម្បីដណ្តើមអោយ បានផ្ការំដួលបីទង៕

 

អត្ថបទដែលជាប់ទាក់ទង