ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣ឆ្នាំទៀត រថយន្តធំ,រថយន្តកុងថេណឺ ទាំងអស់នឹងឈប់អោយចូលកណ្តាលក្រុងទៀតហើយ អ្នកមានបំណងបង្កើតរោងចក្រថ្មីសុំគិតដល់ទីតាំងក្រវ៉ាត់ក្រុងទី៣

132

ភ្នំពេញ៖ ក្នុងឧិកាសជួបពិភាក្សាការងារជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីរសៀលថ្ងៃទី២៧កុម្ភះនេះនៅរដ្ឋបាលរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រាន់តែចង់តម្រង់ទិសរោងចក្រ និងឃ្លាំងស្តុកទំនិញទាំងអស់អោយគិតគូទៅតាមលទ្ធភាពក្នុងការផ្លាស់ប្តូរទីតាំងរោងចក្រកាត់ដេរ​ឬឃ្លាំងរបស់ខ្លួនទៅនៅជាយក្រុងពិសេសតាមផ្លូវក្រវ៉ាត់ក្រុងទី៣ដែលអស់លោក លោកស្រីជាម្ចាស់រោងចក្រនៅកណ្តាលក្រុងមានពេលវេលា៣ឆ្នាំពីពេលនេះទៅលើការប្តូរទីតាំងនេះ។ 

​លោកអភិបាលមានប្រសាសន៏ថា យើងអត់ត្រូវការអោយបងប្អូនរុះរើទីតាំង រោងចក្រចាស់នៅកណ្តាលក្រុងនោះទេ តែយើងគ្រាន់តែជូនដំណឹងថា ក្នុងរយះពេល៣ឆ្នាំទៀតនៅពេលផ្លូវក្រវ៉ាត់ក្រុងទី៣ស្ថាបនារួច រថយន្តធំ,រថយន្តកុងថេណឺ ទាំងអស់នឹងឈប់លែងអោយចូលកណ្តាលក្រុងទៀតហើយព្រោះវាបានបង្ក បញ្ហាច្រើនដល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ,បង្កគ្រោះថ្នាក់ចរាចរជាដើមនៅពេលឡានធំទាំងនោះដឹកទំនិញមកផ្គត់ផ្គង់រោងចក្រនៅកណ្តាលក្រុង។ដូច្នេះ នេះជាការតម្រង់ទិស និងជូនដំណឹងជាមុនសំរាប់លោកលោកស្រីជាម្ចាស់រោងចក្រត្រូវគិតគូអោយហើយក្នុងការរកទីតាំងនៅខាងក្រៅ ហើយចំពោះការផ្គត់ផ្គង់សំភារះវត្ថុធាតុដើមឲ្យរោងចក្រនៅកណ្តាលក្រុង គឺលោក លោកស្រីអាចប្រើប្រាស់រថយន្តធុនតូច។

  ក្នុងឱកាសនោះដែរ សជិកសមាគមរោងចក្រកាត់ដេរ ក៏បានបង្ហាញក្តីបារម្មណ៏ខ្លះៗនៅពេលប្តូរទីតាំងរោងចក្រអាចធ្វើឲ្យបងប្អូនកម្មករយល់ច្រឡំ និងបង្កទៅជា បញ្ហាផ្សេងដែលសុំឲ្យរដ្ឋបាលរាជធានីភ្នំពេញជួយសំរួលលើរឿងនេះដែរ។

  លោកអភិបាលបន្តថា បើលោកលោកស្រី មានបំណងបង្កើតរោងចក្រថ្មីសុំគិតដល់ទីតាំងក្រវ៉ាត់ក្រុងទី៣សំរាប់រយះពេល៣ឆ្នាំទៅមុខទៀត ហើយយើងក៏ត្រូវគិតពីផលប្រយោជន៏គ្រប់ភាគីពាក់ពន្ធ័ដែលអាចទទួលយកបាន៕

   ក្រោយកិច្ចប្រជុំនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញដំណឹងមួយពាក់ព័ន្ធនឹងបញ្ហាខាងលើនេះផងដែរ ដែលក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់អោយដឹងថា៖រដ្ឋបាលរាជធានីភ្នំពេញពុំមានវិធានការឲ្យរើរោងចក្រ ឃ្លាំងស្តុកទំនិញបម្រើឲ្យវិស័យកាត់ដេរទាំងអស់ដែលមានស្រាប់ទៅទីតាំងជាយទីក្រុងឡើយដោយត្រូវបន្តចង្វាក់ផលិតកម្មនៅលើទីតាំងបច្ចុប្បន្ននេះជារៀងរហូត។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានសំណូមពរដល់សហគមន៍រោងចក្រកាត់ដេរនៅកម្ពុជា gmac សូមឲ្យជួយចលនាដល់វិនិយោគិនដែលមានបំណង បង្កើតរោងចក្រថ្មីទៅសាងសង់នៅតំបន់ជាយក្រុងឬនៅតាមបណ្ដោយខ្សែក្រវាត់ក្រុងទី ៣ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

  បន្ទាប់ពីការពិភាក្សាគ្នារួច ភាគីទាំងពីរបានឯកភាពដូចខាងក្រោម៖

  ១ បង្កើតក្រុមការងាររួមមួយដែលមានសមត្ថភាពខាងសហគមន៍រោងចក្រកាត់ដេរនៅកម្ពុជា gmac សមាគមដឹកជញ្ជូនផ្លូវគោកកម្ពុជាដើម្បីកំណត់រកមាឌនិងទំហំរថយន្តដឹកទំនិញធុនធ្ងន់ចេញ ចូលរាជធានីភ្នំពេញតម្រាយផ្លូវហាមឃាត់និងការកំណត់ពេលវេលាម៉ោងចេញ ចូលសំដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។

  ២ ក្រុមការងាររួមនេះនឹងធ្វើការប្រជុំរៀងរាល់ខែម្តងឬបីខែម្តងតាមការចាំបាច់ដើម្បីពិភាក្សារកដំណោះស្រាយក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនិងដោះស្រាយបញ្ហាកង្វល់របស់សមាគមរោងចក្រកាត់ដេរកម្ពុជា gmac ដែលពាក់ព័ន្ធនិងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ។

  ៣  ចំពោះការសាងសង់រោងចក្រដែលមានផ្ទៃក្រឡាក្រោម ៣០០០ ម៉ែត្រការ៉េរដ្ឋបាលរាជធានីភ្នំពេញនិងជួយសម្រួលបែបបទតាមសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញសំដៅជួយកាត់បន្ថយពេលវេលាដើម្បីឆាប់បានដំណើរការសាងសង់៕

 

អត្ថបទដែលជាប់ទាក់ទង