ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ បម្រើឱ្យវិស័យកាត់ដេរដែលមានស្រាប់ក្នុងក្រុង មិនតម្រូវឱ្យរុះរើទេ តែរោងចក្រថ្មីត្រូវជំរុញទៅជាយក្រុង

105

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីពិគ្រោះ យោបល់អំពីការផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឱ្យវិស័យកាត់ដេរទាំងអស់ ក្នុងរាជធានីភ្នំពេញ។

តាមសេចក្តីប្រកាស អំពីលទ្ធផលនៃជំនួបពិភាក្សា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ជូន សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)ថា រដ្ឋបាលរាជធានីភ្នំពេញ ពុំមានវិធានការឱ្យរើរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឱ្យវិស័យកាត់ដេរទាំងអស់ដែលមានស្រាប់ ទៅទីតាំងជាយក្រុងឡើយ ដោយត្រូវបន្តចង្វាក់ផលិតកម្មនៅលើទីតាំងបច្ចុប្បន្ននេះជារៀងរហូត។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ឱ្យជួយចលនាដល់វិនិយោគិន ដែលមានបំណងបង្កើតរោងចក្រថ្មី ទៅសាងសង់នៅតំបន់ជាយក្រុង ឬនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីការពិភាក្សាគ្នារួចមក ភាគីទាំងពីរបានឯកភាពដូចខាងក្រោម៖

១៖ បង្កើតក្រុមការងាររួមមួយ ដែលមានសមាសភាពខាង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សមាគមដឹកជញ្ជូនទំនិញផ្លូវគោកកម្ពុជា ដើម្បីប្រជុំកំណត់ប្រភេទ និងទំហំរថយន្តដឹកទំនិញធុនធ្ងន់ចេញ-ចូលរាជធានីភ្នំពេញ តម្រាយផ្លូវហាមឃាត់ និងកំណត់ពេលវេលាម៉ោងចេញ-ចូល សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ។

២៖ ក្រុមការងាររួមនេះ នឹងធ្វើការប្រជុំរៀងរាល់មួយខែម្តង ឬបីខែម្តងតាមការចាំបាច់ ដើម្បីពិភាក្សារកដំណោះស្រាយ ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ និងដោះស្រាយ បញ្ហាកង្វល់របស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ។

៣៖ ចំពោះការសាងសង់រោងចក្រ ដែលមានក្រឡាផ្ទៃក្រោម ៣,០០០ម៉ែត្រក្រឡា (បីពាន់ម៉ែត្រការ៉េ) រដ្ឋបាល
រាជធានីភ្នំពេញ នឹងជួយសម្រួលបែបបទ តាមសេវាច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានី ភ្នំពេញ សំដៅជួយកាត់បន្ថយពេលវេលា ដើម្បីឆាប់បានដំណើរការសាងសង់៕

អត្ថបទដែលជាប់ទាក់ទង