ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងកសិកម្ម​ លើកឡើងពីវឌ្ឍនភាព លើវិស័យកសិកម្ម ព្រមទាំងបញ្ហាប្រឈម

101


ភ្នំពេញ: វិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូក្រសួងអញ្ជើញ មកចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ហួង ធៀមទៀង ប្រធានប្តូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
លោក វេង សាខុន បានថ្លែងថា គោលបំណងសំខាន់ របស់កិច្ចប្រជុំនេះគឺធ្វើការពិភាក្សា ស្វែងយល់ និងតាមដានពីវឌ្ឍនភាព លើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបញ្ហាប្រឈម ជារួមដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យនេះ។

តាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីលោកប្រធានប្តូរវេនមានមតិស្វាគមន៍រួចមក លោករដ្ឋមន្រ្តី បានរាយការណ៍ជូនកិច្ចប្រជុំពិភាក្សា ដោយសង្ខេបជាបន្តបន្ទាប់ទៅតាមអនុវិស័យនីមួយៗជាអាទិ៍ អនុវិស័យដំណាំគ្រប់ប្រភេទ ព្រៃឈើ ជលផល ផលិតកម្មសត្វនិងសុខភាពសត្វ និងអនុវិស័យកៅស៊ូ ដោយផ្តោតជាសំខាន់ទៅលើវឌ្ឍនភាព គោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងបញ្ហាប្រឈមពាក់ព័ន្ធ។

ក្នុងកិច្ចភិភាក្សា លោកប្រធានគណបក្ស ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានចោទសួរ លើកសំណើ សំណូមពរ ផ្លាស់ប្តូរទស្សនវិស័យ និងផ្តល់មតិសំខាន់ៗទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម និងវិធីសាស្រ្ត ឬយុទ្ធសាស្រ្តដោះស្រាយបញ្ហា។ល។ ជាការឆ្លើយតបលោករដ្ឋមន្ត្រីបានបកស្រាយ និងគូស បញ្ជាក់អំពីយន្តការ នៃដំណោះស្រាយ បញ្ហាដោយឈរលើគោលការណ៍បច្ចេកទេស ច្បាប់ គោលនយោបាយ និងជាសំខាន់គឺយោង ទៅតាមតួនាទី និងភារកិច្ចរបស់ក្រសួងដែលមានលក្ខណប្រទាក់ក្រឡា ស៊ីជម្រៅ ទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព និងជាពិសេសសមស្របតាមនិន្នាការនយោបាយ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាសកល ការវិវឌ្ឍន៍របស់ប្រទេសជាតិទាំងផ្នែកសេដ្ឋកិច្ច ប្រជាជន កំណើនភ្ញៀវទេសចរណ៍ សេចក្តីត្រូវការស្បៀង ការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មទំនើបៗ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ជាអនេកជូនចំពោះសមាជិក សមាជិកានៃអង្គពិភាក្សា ដែលបានចំណាយពេលវេលា អញ្ជើញចូលរួមក្នុងអង្គពិភាក្សា និងបានផ្តល់មតិដែលជាពុទ្ធិ និងធាតុចូលដ៏សំខាន់ សម្រាប់ជាគន្លឹះក្នុងការដោះស្រាយបញ្ហាជាគោលធំៗ ដើម្បីឈានទៅធ្វើការអភិវឌ្ឍវស័យកសិកម្មកម្ពុជាឲ្យមានចីរភាព និរន្តរភាព និងភាតរបរិស្ថាន ឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០។

សូមបញ្ជាក់ថាកិច្ចប្រជុំពិភាក្សានាព្រឹកនេះ បានផ្តោតជាសំខាន់លើប្រធានបទមានជាអាទិ៍ ទី១.វឌ្ឍនភាពអំពីការងារបង្កបង្កើនផល បញ្ហាតម្លៃ ទីផ្សារកសិផល និងសម្ភារកសិកម្ម ទី២.វិធានការទប់ស្កាត់ និងគ្រប់គ្រងបទ ល្មើសព្រៃឈើ និងនេសាទ ទី៣. កញ្ចប់ថវិការបស់ក្រសួង ទី៤.វឌ្ឍនភាពនៃការអនុវត្តដីសម្បទានសេដ្ឋកិច្ច ទី៥.ការប្រែក្លាយតំបន់កសិកម្មទៅជាតំបន់កសិ-ទេសចរណ៍ កសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជករ ទី៦.ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម A ទៅ Z (ដាំដុះ ប្រមូលផល កែច្នៃ វេចខ្ចប់ ឡសម្ងួត ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការនាំចេញ) ទី៧.ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ទី៨.ការយកចិត្តទុកដាក់ ថែរក្សា និងអភិរក្ស ជំនឿ វប្បធម៌ ប្រពៃណី និងសាសនារបស់បងប្អូនជនជាតិភាគតិច ពិសេសការអភិវឌ្ឍសហគមន៍ព្រៃឈើ។

ក្នុងកិច្ចប្រជុំក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជាមួយប្រតិភូក្រសួងកសិកម្ម ដែលដឹកនាំដោយ លោក វេងសាខុន
និងសម្របសម្រួលដោយ ឯឧ ហួង ធៀមទៀង ប្រធានប្ដូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានផ្ដល់ជាទស្សនទានដើម្បីជួយសម្រួលដល់បញ្ហាកសិកម្មនៅកម្ពុជា និងដេញដោលចំពោះបញ្ហានានារួមមាន ៖
១ / ជំរុញអោយមានការបង្កេីនថវិកាជាតិចំពោះការអនុវត្តន៍គោលនយោបាយរបស់ក្រសួងកសិកម្ម ដើម្បីប្រើការចាយវាយនោះអោយបានជាប្រយោជន៍ដល់កសិករ
២ / ជំរុញអោយធានាបាននូវការអភិវឌ្ឍន៍វិស័យកសិឧស្សាហកម្ម កសិពាណិជ្ជកម្ម កសិទេសចរណ៍ ដើម្បីគាំទ្រវិស័យសិកម្មកម្ពុជាអោយក្លាយជាកសិផលមានអនាម័យ ផលិតផលមានស្តង់ដា មានទីផ្សា មានតម្រូវការសម្រាប់ទីផ្សាជាតិនិងអន្តរជាតិ និងកសាងភាពឈានឡើងនៃវិស័យកសិកម្មអោយក្លាយជាវិស័យលេចធ្លោក្នុងចំណោមអនុវិស័យធំៗក្នុងប្រព័ន្ធសេដ្ឋកិច្ច ។
៣ / ទាមទាអោយមានការដកហូតរាល់ដីសម្បទានសេដ្ឋកិច្ចទាំងឡាយណាដែលត្រូវបានឈ្មួញយកទុកចោល យកសម្រាប់បំផ្លាញអនុផលព្រៃឈើជាដើម ដើម្បីយកមកជួលកសិករក្នុងតម្លៃទាបបំផុត ជាទុនសម្រាប់ធ្វើកសិកម្ម
៤ / ទាមទាអោយមានការអនុវត្តន៍ច្បាប់លើអាជ្ញាធរថ្នាក់ក្រោមជាតិ គឺរដ្ឋបាលខេត្តព្រះសីហនុ ដែលមិនព្រមស្ដាប់តាមការណែនាំរបស់ក្រសួងកសិកម្ម យោងលើលិខិតលេខ ១៩៤៧ សកស ចុះថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០១៧ និង រំលោភលើលិខិតលេខ ១០៨២ ចុះថ្ងៃទី ៣១ មករា ឆ្នាំ ២០១៩ ដែលមានអត្ថន័យយោងតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ លើករណីដីគម្របព្រៃឈើនៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
៥ / ជំរុញអោយពិនិត្យលើការចេញ លិខិតអនុញ្ញាត្តិ ដឹកអនុផលព្រៃឈើចេញពីដីសម្បទាន PC ដែលមានលក្ខណៈបង្កប់បទល្មើសព្រៃឈើបង្កប់ជាមួយ ។

នៅព្រឹកនេះដែរ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជួបប្រជុំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដឹកនាំដោយលោក វេង សាខុន លោក ពេជ្រ ស្រស់
បានត្រៀមនូវយោបល់មួយចំនួន ដើម្បីធ្វើកំណែទម្រង់ក្នុងក្រសួងកសិកម្មក្នុងគោលបំណង លើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើកកម្ពស់នូវជីវភាពរបស់បងប្អូនប្រជាកសិករខ្មែរយើង ហើយយោបល់ខ្ញុំមានដូចខាងក្រោម ៖១. ការបង្កើតនូវកញ្ចប់ថវិកាបម្រុង ដើម្បីធានាតម្លៃកសិកម្ម នៅពេលធ្លាក់តម្លៃក្នុងរដូវប្រមូលផលរបស់ប្រជាកសិករ២. ការទម្លាក់តម្លៃសម្ភារៈផ្គត់ផ្គង់ ចំពោះវិស័យកសិកម្មនៅ ប្រទេសកម្ពុជា ដើម្បី ឱ្យបងប្អូនកសិករខ្មែរមានឱកាស
ធ្វើកសិកម្មបានផលចំណេញនៅពេលលក់ចេញផងដែរ៣. ការស្តាប្រឡាយចាស់ និងបង្កើតធារាសាស្រ្តថ្មីឲ្យច្រើន ខ្សែ ដើម្បីបង្ហៀរទឹក និងស្តុកទឹកឲ្យបានគ្រប់ភូមិសាស្រ្ត
កសិកម្ម ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើកសិកម្មបាន២ ទៅ ៣ដង ក្នុងមួយឆ្នាំ ដើម្បីបង្កើនសេដ្ឋកិច្ចដល់កសិករ ៤. ការទប់ស្កាត់ឈ្មួញកណ្តាល កុំឲ្យដើរទម្លាក់តម្លៃកសិកម្ម ៥. ការប្រកាសនូវតម្លៃកសិកម្មមុនកសិករធ្វើការដាំដុះដើម្បី ធានាតម្លៃនិងផលចំណេញជូនប្រជាកសិករខ្មែរនៃយើង ៦. ការស្វែងរក និងបង្កើនទីផ្សារលក់កសិផលនៅក្នុងស្រុកដើម្បីឲ្យកសិករងាយនាំមកលក់ និងបានចំណេញច្រើន ៧. ការទប់ស្កាត់នាំចូលកសិផលពីបរទេស ដើម្បី ធានាឲ្យ
កសិផលខ្មែរមានលំនឹងទីផ្សារ និងធានាតម្លៃបានខ្ពស់។ យោបល់របស់ខ្ញុំដែលមាន៧ចំណុចខាងលើនេះ គឺជាដង្ហើមរស់ថ្មីរបស់បងប្អូនកសិករខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង