ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ច្រកទ្វារឆ្លងព្រំដែន មួយចំនួនទៀត​ នៃប្រទេសក្នុងមហាអនុតំបន់មេគង្គត្រូវបានបើកបន្ថែម ដេីម្បីសម្រួលដល់ការដឹកជញ្ជូន

100


សៀមរាប៖ ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសថៃ ជាសហប្រធាន បានអញ្ជើញជា អធិបតីក្នុងពិធីបើក ដឹកនាំ និងបិទកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ ព្រំដែនក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ដែលបានប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូ ជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន មន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេស មកពីប្រទេសក្នុងតំបន់មហាអនុតំបន់មេគង្គ រួមមាន៖ ប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមការងារADB អង្គការDFAT និងអង្គការ GIZ ផងដែរ។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើការបន្តសុពលភាពក្នុងការអនុវត្តការប្រមូលផលដំបូង នៃការ អនុវត្តកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនរបស់ប្រទេសក្នុងមហាអនុតំបន់មេគង្គ ការបញ្ចប់លើសេចក្ដីព្រាង អនុស្សរណៈនៃការយោគយល់ស្ដីពីការបើកច្រកទ្វារព្រំដែនបន្ថែម ការកំណត់បន្ថែមខ្សែផ្លូវឆ្លងកាត់ប្រទេស នីមួយៗ និងការពិនិត្យលើការអនុវត្តការប្រមូលផលដំបូងនៃការអនុវត្តកិច្ចព្រមព្រៀងលើការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ព្រមទាំងការលើកទឹកចិត្តឱ្យប្រទេសមីយ៉ាន់ម៉ា ចូលរួមអនុវត្តកិច្ចព្រមព្រៀងខាងលើ នេះផងដែរ។ លើសពីនេះទៀត កិច្ចប្រជុំនេះ ក៏បានពិភាក្សាស្វែងរកវិធីល្អៗដើម្បីដោះស្រាយបញ្ហាប្រឈម នានា និងធ្វើដំណើរឆ្ពោះទៅមុខក្នុងការអនុវត្តការប្រមូលផលដំបូងនៃការអនុវត្តកិច្ចព្រមព្រៀងការដឹក ជញ្ជូនឆ្លងកាត់ព្រំដែនប្រកបដោយភាពរលូន និងចីរភាពផងដែរ។

ជាលទ្ធផល៖ កិច្ចប្រជុំនេះបានសម្រេច ឯកភាពនិងអនុម័តរបាយការណ៍មន្រ្តីដឹកជញ្ជូនឆ្លងកាត់ព្រំដែន សេចក្តីប្រកាសព័ត៌មានរួមរបស់កិច្ចប្រជុំលើកទី៧គណៈកម្មការរួម ដឹកជញ្ជូនឆ្លងកាត់ព្រំដែន GMS សម្រេចលើផែនការសកម្មភាពដល់ឆ្នាំ ២០២៣ ពន្យាពេលសុពលភាពអនុវត្តអនុស្សរណៈ ការប្រមូល ផលដំបូងនៃកិច្ចព្រមព្រៀងGMSដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដល់ថ្ងៃទី ៣១ ខែឩសភា ឆ្នាំ២០២១ ឯកភាពទុកពេលឱ្យប្រទេសGMSរហូតដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបំពេញនីតិវិធីផ្ទៃក្នុង និង ចុះហត្ថលេខាជាចុងក្រោយ នូវអនុស្សរណៈស្តីពី៖ ការបន្ថែមផ្លូវរបៀង ខ្សែផ្លូវ និងច្រកទ្វារឆ្លងកាត់ព្រំដែនសម្រាប់កិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ឯកភាពរៀបចំធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែនCBTA 2.0 និងអនុវត្តពេញលេញឆ្នាំ ២០២៣។

ក្រៅពីនេះ កម្ពុជាបានឯកភាពរៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មការរួមកិច្ចព្រមព្រៀងGMSដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅខែតុលា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។ ប្រទេសមីយ៉ាន់ម៉ា បានសន្យាចូលរួមអនុវត្តការប្រមូលផលដំបូងនៃកិច្ចព្រមព្រៀងGMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ ។ សាធារណរដ្ឋប្រជាមានិតចិន យល់ព្រមរៀបចំកិច្ចប្រជុំលើកទី៨ គណៈកម្មការរួមនៃកិច្ចព្រម ព្រៀងGMSដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅឆ្នាំ២០២០។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ លទ្ធផលជាផ្លែផ្កាទាំងនេះ នឹងបង្ហាញសហគមអន្តរជាតិថា ប្រទេសក្នុងមហាអនុតំបន់មេគង្គ បានព្យាយាម និងប្ដេជ្ញាចិត្តខ្ពស់ក្នុងបើកច្រកព្រំដែនបន្ថែមទៀត និង ដាក់បន្ថែមខ្សែផ្លូវមួយចំនួនទៀតដើម្បីតភ្ជាប់ប្រទេសក្នុងមហាអនុតំបន់មេគង្គ ព្រមទាំងធ្វើសមាហរណ កម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកសំដៅលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងសុន្ទរកថាបិទអង្គប្រជុំ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានលើកឡើងថា៖ ការបើកច្រកឆ្លងកាត់ព្រំដែន និង ការដាក់បន្ថែមចំនួនខ្សែផ្លូវឆ្លងកាត់របស់បណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ គឺជាកត្តាសត្យានុម័តក្នុង ការពង្រីក និងពង្រឹងការតភ្ជាប់រវាងប្រទេសនីមួយៗ ព្រោះថាវិស័យដឹកជញ្ជូនគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច របស់ប្រទេសក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ ជំរុញឱ្យមានរំហូរទេសចរកាន់តែច្រើនឡើង លើកកម្ពស់ ការធ្វើពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ប្រកបដោយចីរភាព។

ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងឱ្យស្រប តាមការរីកចម្រើនរបស់ប្រទេសនីមួយៗ និងពិភពលោក ក៏ដូចជាការរីកចម្រើនផ្នែកបច្ចេកវិទ្យា នឹង ជួយសម្រួលដល់នីតិវិធីគយ និងនីតិវិធីដឹកជញ្ជូន ព្រមទាំងបង្កើតឱកាសបន្ថែមទៀតក្នុងការរក ឱ្យឃើញនូវវិធីថ្មីៗដើម្បីឱ្យការដឹកជញ្ជូនទទួលបានជោគជ័យខ្ពស់។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសំណូមពរឱ្យប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ គោរពនីតិវិធីចាំបាច់នានាក្នុងការដាក់បន្ថែម បណ្ដាញខ្សែផ្លូវរបស់ប្រទេសនីមួយៗ និងផ្ដោសំខាន់លើសុវត្ថិ ភាពចរាចរណ៍ជាចម្បង៕

អត្ថបទដែលជាប់ទាក់ទង