ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារការធ្វេសប្រហែស ទាំងសងខាង រថយន្ដ​បុករថយន្ត ​ បណ្ដាល​ឲ្យ២នាក់ស្លាប់ របួស៣នាក់

243


កណ្ដាល៖ គ្រោះថ្នាក់​ចរាចររវាងរថយន្ដ​ហ៊ីយ៉ាន់​ដាយ​ធុនធំ បុក​រថយន្ដ​ហ៊ីយ៉ាន់​ដាយធុន​តូច ពី​ក្រោយពេញមួយទំ​ហឹង បណ្តាលឲ្យមនុស្ស​២នាក់​ស្លាប់ ​និង៣នាក់​ទៀត​រងរបួស​ធ្ងន់ស្រាល នៅម៉ោង១និ​ង២០នាទីរំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ១៨-១៩ ស្ថិតក្នុង​ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

មន្រ្ដីនគរបាល​ចរាចរណ៍​ស្រុកកៀន​ស្វាយ បានឲ្យ​ដឹងថា ជនរង​គ្រោះស្លាប់​បាត់បង់​ជីវិតមាន២នាក់ ទី១-ឈ្មោះ គ្រឿន សំនាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះ កក វិចិត្រ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ​ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះ​ទាំង២នាក់ជា​អ្នករួម​ដំណើរក្នុង​រថយន្ដម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទដឹក​ទំនិញធុនតូច ពណ៌ខៀវ ពាក់ស្លាកលេខ ច -3035 ភព2 បើកបរដោយឈ្មោះ កក សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ​ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ (របួសស្រាល) ,ឈ្មោះ សុខ រី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ​ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ (របួសធ្ងន់ជាអ្នករួមដំណើរ) ។ ចំណែក​រថយន្ដម្ខាងទៀត​ម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7384 បើកបរដោយឈ្មោះ ស៊ិន ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ មានទី​លំនៅភូមិគួកប៉ែល ឃុំចេក ស្រុកស្វាយរៀង ខេត្ដស្វាយរៀង ដោយមានអ្នក​រួមដំណើរ​ចំនួន០២នាក់ ទី១-ឈ្មោះ ស៊ូ ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ របួសស្រាល និងឈ្មោះ ត្រេន ធិ ភេទប្រុស អាយុ៣០ឆ្នាំ ។ អ្នករួមដំណើរទាំង​២នាក់មានទីលំ​នៅភូមិប្រោះស្វា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

នៅមុនពេល​កើតហេតុ រថយន្ដ​ម៉ាកហ៊ី​យ៉ាន់ដាយធុនតូច ពាក់ស្លាកលេខ ច -3035 ភព2 ធ្វើដំណើរ​ក្នុងទិសដៅ​ពីភ្នំពេញ​ឆ្ពោះទៅ​អ្នកលឿង លុះបើក​មកដល់ចំណុច​កើតហេតុ រថយន្ដក៏ខូច រួចក៏ឈប់លើចិញ្ចើម​ផ្លូវហើយ​ធ្វើការជួស​ជុល ខណៈដែល​ជួសជុលនោះ គឺពុំបើកភ្លើង ឬស្លាកសញ្ញា​សម្គាល់ណាមួយនោះទេ ភ្លាមនោះក៏​មានរថយន្ដ​ហ៊ីយ៉ាន់ដាយ​មួយគ្រឿងទៀត ធុនធំ ពាក់ស្លាក​លេខភ្នំពេញ 3B-7384 បើកដោយល្បឿនលឿន ក្នុងទិសដៅស្របគ្នា ដោយមិន​ប្រយ័ត្ន ក៏បុករថយន្ដ​ពាក់ស្លាកលេខ ច -3035 ភព2ពីក្រោយ​ពេញមួយទំហឹង បណ្ដាលឲ្យ​មនុស្ស២នាក់​ស្លាប់និង៣នាក់​ទៀតរបួស​ធ្ងន់ស្រាល ។

ការសន្និដ្ឋាន​របស់សមត្ថកិច្ច​ជំនាញបាន​ឲ្យដឹងថា ករណីនេះបណ្តាល​មកពីរថយន្ដ​ពាក់ស្លាកលេខ ភ្នំពេញ 3B-7384 ធ្វេសប្រហែស ខ្ជីខ្ជាមិន​ប្រុងប្រយ័ត្ន មិនមើលស្ថានភាព​ផ្លូវខាងមុខ​មានឧបសគ្គ បើកដោយល្បឿនលឿន ។ ចំណែករថយន្ត​ពាក់ស្លាកលេខ ច -3035 ភព2 ធ្វេសប្រហែស ខ្ជីខ្ជាមិន​ប្រុងប្រយ័ត្ន​ឈប់គ្មានដាក់​ភ្លើងបំភ្លឺ​អោយសញ្ញាដល់​អ្នកប្រើប្រាស់ផ្លូវ ទើបបានជា​មានហេតុការណ៍​គ្រោះថ្នាក់កើតឡើង ៕

 

អត្ថបទដែលជាប់ទាក់ទង