ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្វះភ្លើង13ភាគរយ អគ្គិសនីកម្ពុជាកាត់បន្ថយការផ្គត់ផ្គង់ខ្លះ នៅពេលថ្ងៃតាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់

112


ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានប្រកាសថា ដោយយើងនៅមានកម្រិតថាមពលប៉ុន្មាន 13ភាគរយ ដែលតម្រូវឲ្យអគ្គិសនីកម្ពុជា ធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះ រហូតដល់វស្សាមកដល់ ការកាត់បន្ថយការផ្គត់ផ្គង់នេះ ធ្វើនៅពេលថ្ងៃតាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់។

អគ្គិសនីកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី 18 ខែមីនា ឆ្នាំ 2019 នេះ បានបញ្ជាក់ថា ក្នុងគោលដៅនៃការអភិវឌ្ឍវិស័យអគ្គិសនីដល់ឆ្នាំ 2030 រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការអភិវឌ្ឍន៍ ប្រភពអគ្គិសនី រួមមាន វារីអគ្គិសនី រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម និងប្រភពផ្សេងៗទៀត ដូចជា ថាមពលពន្លឺព្រះអាទិត្យ ផ្គុំជាមួយនឹងការនាំចូលប្រភពអគ្គិសនី ពីប្រទេសជិតខាង ដោយបានដាក់ឲ្យដំណើរការ គម្រោងជាបន្តបន្ទាប់ តាមផែនការដែលបានគ្រោងទុក។ កំណើនខ្ពស់នៃការវិនិយោគទុន ពីក្នុងនិងក្រៅប្រទេស ដោយសារស្ថិរភាពនយោបាយ ក្រោយការបោះឆ្នោតសាកលឆ្នាំ 2018 ការបញ្ចុះថ្លៃអគ្គិសនី ចាប់ពីខែមករា អាកាសធាតុក្តៅខ្លាំង និងការខ្វះទឹកខុសប្រក្រតី ធ្វើឲ្យតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ 2019 បានកើនឡើងយ៉ាងគំហុក លើសពីការរំពឹងទុក។ ការខ្វះខាតទឹកនេះ ធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ ចេញពីប្រភេទវារីអគ្គិសនី ថយចុះមិនអាចធានាការផ្គត់ផ្គង់ ថាមពលអគ្គិសនីពេញលេញ ទូទាំងប្រទេស ដែលចុងរដូវប្រាំង ដូចសព្វដង។

អគ្គិសនីកម្ពុជា បានបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ អគ្គិសនីកម្ពុជាបានទំនាក់ទំនង ប្រទេសជិតខាង ឲ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែម ដល់កម្ពុជា។ ជាលទ្ធផល ប្រទេសថៃបានជួយបង្កើនការផ្គត់ផ្គង់បន្ថែម 80 មេហ្គាវ៉ាត់ ប្រទេសឡាវបន្ថែម 10 មេហ្គាវ៉ាត់ និងប្រទេសវៀតណាមបានជួយរក្សាការផ្គត់ផ្គង់អគ្គិសនីឲ្យនៅដដែល ទោះបីជាភាគខាងត្បូងប្រទេសវៀតណាម កំពុងជួបបញ្ហាខ្វះខាតអគ្គិសនីដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅមានកម្រិតថាមពលប៉ុន្មាន 13ភាគរយ ដែលតម្រូវឲ្យអគ្គិសនីកម្ពុជា ធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះ រហូតដល់វស្សាមកដល់ ការកាត់បន្ថយការផ្គត់ផ្គង់នេះ ធ្វើនៅពេលថ្ងៃ តាមកន្លែងឆ្លាស់គ្នា ដើម្បីរក្សាការផ្គត់ផ្គង់នៅពេលយប់ ដែលជាពេលប្រជាពលរដ្ឋ ត្រូវការប្រើប្រាស់ចាំបាច់ ជាមួយគ្នានោះ ក៏បានគិតគូរឱ្យអស់លទ្ធភាព ផ្ដុំគ្នាជាមួយការជួយដំណើរការម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន ក្នុងការផ្គត់ផ្គង់ពេលថ្ងៃ សម្រាប់ដំណើរការផ្នែកឧស្សាហកម្ម​ការកិនស្រូវអង្ករសម្រាប់នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និងស្ថាប័នរាជរដ្ឋាភិបាល។ ក្នុងរយៈពេលដែលមានការលំបាក 72 ថ្ងៃ រហូតដល់ចុងខែឧសភា ដោយឡែកថ្ងៃបុណ្យជាតិ ឬនៅថ្ងៃអាទិត្យ ដែលជាថ្ងៃសម្រាកសរុប 23 ថ្ងៃ អគ្គិសនីកម្ពុជា នឹងរក្សាការផ្គត់ផ្គង់ឲ្យមានជាធម្មតា។ ប្រសិនបើមានភ្លៀងធ្លាក់មក មុនចុងខែឧសភា ការផ្គត់ផ្គង់ និងមានជាប្រក្រតីឡើងវិញ។ ព័ត៌មានពីកម្មវិធីកាត់ចរន្ត សូមពិនិត្យមើលទៅតាមគេហទំព័របណ្ដាញ facebook ផ្លូវការរបស់អគ្គិសនីកម្ពុជា។ លើសពីនេះទៅទៀត អគ្គិសនីកម្ពុជា ក៏បាននិងកំពុងសិក្សាប្រភពបន្ថែម ជាលក្ខណៈប្រញាប់ដទៃទៀត ដែលអាចមានដោយរក្សាគោលការណ៍ មិនឲ្យមានការដំឡើងថ្លៃអគ្គិសនី ហើយនៅតែអាចចុះថ្លៃភ្លើង ជូនប្រជាពលរដ្ឋនៅឆ្នាំក្រោយថែមទៀត។ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ និងជួយសន្សំសំចៃ ការប្រើប្រាស់អគ្គិសនី ដើម្បីបន្ថយការលំបាក ដែលយើងកំពុងជួបប្រទះ ក្នុងរយៈពេលអន្តរកាលនេះ៕

អត្ថបទដែលជាប់ទាក់ទង