ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន អញ្ជើញប្រគល់សញ្ញាបត្រដល់សាមណេរនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

310

កំពង់ចាម ៖ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគេន/ប្រគល់សញ្ញាបត្រ បរិញ្ញា បត្រដល់សាមណេរនិស្សិត និងនិស្សិត និងបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៨ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមាន ទីតាំងស្ថិតក្នុងវត្តទស្សនារមជ្រោយថ្មសង្កាត់ បឹងកុកក្រុងកំពង់ចាមខេត្តកំពង់ចាម។ ពិធីនេះ បានប្រព្រឹត្ដទៅ កាលពីថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានពាំនាំនូវការសាក សួរសុខទុក្ខពីសម្តេចទាំងពីរដល់សាមណេរនិស្សិត និសិ្សត ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តទាំងមូលនិងបានកោតសរសើរដល់គណៈគ្រប់គ្រងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូបុគ្គលិកទាំងអស់ដែលបានបំពេញភារកិច្ចក្នុងវិស័យពុទ្ធសាសនានិងពុទ្ធិកសិក្សាយើង។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបាន យកអស់កម្លាំងកាយចិត្តនិងបញ្ញាស្មារតីដឹកនាំនាវាកម្ពុជាមានការរីកចម្រើន លើគ្រប់វិស័យ។ វិស័យព្រះពុទ្ធសាសនាបានរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចជាតិ ការជួយកាត់បន្ថយ ភាពក្រីក្រ។ ពុទ្ធិកសិក្សាគឺជាថ្នាលបណ្តុះបណ្ដាល ព្រះសង្ឃនិងគ្រហស្ថ ដែលជាកូនចៅ ប្រជាពលរដ្ឋយើងក្រីក្រ។ បានចូលរួមក្នុងសង្គមដូចជាកសាងផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាមពិសេសជាកន្លែងអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទនិងមហាជនទូទៅផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា សព្វថ្ងៃនេះប្រទេសជាតិទាំងមូល ទទួលបាននូវសុខសន្តិភាពពេញលេញពេញផ្ទៃប្រទេស ។ ប្រជាពលរដ្ឋរស់នៅ ក្រោមដំបូលសុខសន្តិភាព។ ប្រទេសជាតិមានសុខសន្តិភាពទើបយើង មាន ឱកាសគ្រប់ គ្រាន់ក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

ដូចនេះចូរយើងរួមគ្នាថែរក្សា សុខសន្តិភាពថែរក្សា សមិទ្ធ ផលដែលមានស្រាប់និងបានដោយលំបាក និងសុំអំពាវនាវដល់ បងប្អូនទាំងអស់ទៅ បោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះត្រូវចាំថា មួយសន្លឹក របស់បងប្អូននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ និងសេចក្តីសុខក្នុង ជីវភាពរស់នៅរបស់ បងប្អូន៕

អត្ថបទដែលជាប់ទាក់ទង