ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍អ្នក ផលិតអំបិលកំពត-កែប នឹងត្រូវរំលាយ នៅដំណាច់ខែមីនានេះហើយ!

109

នៅថ្ងៃទី ៣០ មីនា ឆ្នាំ២០១៩ខាងមុខនេះ សហគមន៍អ្នកផលិតអំបិលខេត្តកំពត កែប ដែលជាអ្នកផលិត និងផ្គត់ផ្គង់អំបិលតែមួយគត់នៅកម្ពុជា នឹងត្រូវរំលាយហើយ!
ខណៈដែលសមាគមន៍នេះ ក៏បានធ្វើលិខិតជូនដំណឹងរួចរាល់អស់ហើយ ជូនទៅដល់អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ។ នេះបើតាមការឲ្យដឹង ពីលោក អ៊ុំ ឈុន ប្រធានរដ្ឋបាលសហគមន៍អ្នកផលិតអំបិលកំពតកែប បានឱ្យដឹងថា ការឈានដល់ការរំលាយ សហគមន៍នេះត្រូវបាន លោក អ៊ុំ ឈុន ឲ្យដឹងថា គឺដោយសារតែ កសិករ ផលិតអំបិល មួយចំនួន មិនចង់បន្ត ការផលិតអំបិលរបស់ខ្លួន ជាបន្តទៅទៀត។ លោកថា តាមលក្ខខណ្ឌ សហគមន៍ ១អាណត្តិមាន រយៈពេល ៥ឆ្នាំម្ដង ដើម្បីប្រជុំរើស ប្រធានក្រុមប្រឹក្សាភិបាល និងការចុះ កិច្ចសន្យា ថ្មី ជាមួយនឹង អ្នកផលិតអំបិល។ ប៉ុន្ដែ អណាត្តិទី៣នេះ គឺបានផុតតាំងពី ខែកញ្ញា ឆ្នាំ២០១៨មកម្លេះ ដោយកាលនោះ ខាង សហគមន៍បាន ធ្វើមហាសន្និបាតប្រជុំ និងរៀបចំកិច្ចសន្យាថ្មី ដើម្បីបន្ដ អណាត្តិ តែ មានកសិករដែលជាអ្នកផលិតអំបិល ប្រមាណតែ ៧០%ប៉ុណ្ណោះបាន ចូលរួម និងមាន ៣០% ទៀត មិនចូលរួមបន្ត ការផលិត ជាមួយសហគមន៍ទៀតនោះទេ។
ដូច្នេះហើយ ទើបក្រុមប្រឹក្សាភិបាល សហគមន៍ សម្រេចថា នឹងរំលាយ សហគមន៍អ្នកផលិតអំបិល ខេត្ត កំពត កែបនេះ នៅត្រឹមដំណាច់ខែ មីនា ឆ្នាំនេះតែម្ដង។ 

ទោះយ៉ាងណា គេនៅរង់ចាំមើលសេចក្ដីសម្រេច ចុងក្រោយរបស់ ក្រសួង ជាអាណាព្យាបាលពិសេស គឺក្រសួង សិប្បកម្ម និងឧស្សាហកម្ម។ ប៉ុន្ដែ បើតាមតំណាង សហគមន៍អ្នកផលិតអំបិល ខេត្ត កំពតកែប គឺខាងសហគមន៍ បានជូនដំណឹងរួចអស់ទៅហើយ អំពីការសម្រេចរំលាយ សហគមន៍នេះ ទៅកាន់អាជ្ញាធរខេត្តកំពត និងកែប ព្រមទាំង ក្រសួងសិប្បកម្ម និងឧស្សាហកម្ម អគ្គនាយកដ្ឋាន ពន្ធដារ និង ក្រសួងមហាផ្ទៃ ផងដែរ។
តាមការបញ្ជាក់ពី លោក អ៊ុំ ឈុន ផ្ទៃដីផលិត អំបិលរបស់ សហគមន៍ នេះមាន ទំហំ ជាង ៤ពាន់ ៥០០ ហិកតា ដែលជា កម្មសិទ្ធិឯកជន របស់ កសិករ ផលិតអំបិល ជាង ២០០ នាក់ ហើយក្រោយពី ការរំលាយសហគមន៍ទៅ កិច្ចការ បន្ទាប់ គឺជាភារកិច្ច របស់អាជ្ញាធរខេត្ត ដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត។
លោកបន្ថែមទៀតថា មានកសិករ ផលិតអំបិលខ្លះ បានលក់ដី របស់ខ្លួន ជាបណ្ដើរៗហើយ តែអ្នកទិញដីនោះ ក៏មិនទាន់ឃើញ ធ្វើអីដែរ នៅទុកដីទំនេរចោល។ រីឯអ្នកបន្តផលិត អំបិល ផ្សេងទៀត ក៏ផលិតមិនបានច្រើននោះដែរ ពោលគឺបាន ប្រហែលតែ ពាក់កណ្ដាល ប៉ុណ្ណោះព្រោះមានបញ្ហា កង្វះកម្លាំង ពលកម្ម។ អ្នកសារព័ត៌មានសួរថា តើអនាគត់ ការផលិតអំបិលកម្ពុជា នឹងទៅយ៉ាងណា? លោកអ៊ុំ ឈុន បាន បញ្ជាក់ថា លោកមិនទាន់ ហ៊ាននិយាយ ពីរឿងនេះទេ គឺត្រូវរង់ចាំមើល វិធានការបន្តរបស់ អាជ្ញាធរខេត្ត កំពត និងកែប ក៏ដូចជា ក្រសួង ជាអាណាព្យាបាល ។

តាមការលើកឡើងរបស់ ប្រជាពលរដ្ឋ និងអ្នកតាមដាន សង្គមមួយចំនួន បានលើកឡើងថា ការជំរុញ ឲ្យ អ្នកផលិត អំបិល ជ្រួលច្របល់ លែងចង់ផលិតអំបិលនេះ គឺដោយសារតែ ការផលិតជួបបញ្ហាច្រើន ទាំងអាកាសធាតុ និងកម្លាំងពលកម្ម។ ពិសេសជាងនេះទៀត គឺនិន្នាការ តម្លៃដីធ្លី កំពុងពុះកញ្ជ្រោលខ្លាំង ដែលធ្វើឲ្យពួកគេ កំពុង សម្លឹងឃើញឱកាសនេះ ទាញយកដីស្រែ អំបិល ទៅលើឲ្យឈ្មួញដី បានតម្លៃខ្ពស់ ជាជាងការផលិតអំបិល។

ទោះយ៉ាងណា លោក អ៊ុំ ឈុន បាន គូសបញ្ជាក់ថា ដីស្រែអំបិលនេះ គឺមានការ ចុះកិច្ចសន្យា ផ្ដិតមេដៃច្បាស់លាស់ រវាង ម្ចាស់ស្រែអំបិល និងអាជ្ញាធរ ថា ដីទាំងនោះ គឺទុកតែ សម្រាប់ ផលិតអំបិល ប៉ុណ្ណោះ មិនអាចយកទៅធ្វើ អ្វីផ្សេងក្រៅពី ការផលិត អំបិលនោះឡើយ។ បើទោះបីជាលក់ ឲ្យអ្នកផ្សេងទៀត ក៏អ្នកទិញបន្ដនោះ ត្រូវតែយកមកធ្វើការ ផលិត អំបិលដែរ។ 

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះ កម្ពុជា បាន ចុះកិច្ចព្រមព្រៀង នាំចូលអំបិល ពីចិន ប្រមាណ ២ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ តម្រូវការក្នុងស្រុក ត្បិតថា ការផលិត អំបិល ជួបបញ្ហាភ្លៀងធ្លាក់ច្រើនក៍ដោយ។ បើតាមលោក អ៊ុំ ឈុន អំបិល នាំចូលពីចិន ទាំងនោះបានបញ្ចេញ លក់ទៅលើទីផ្សារ ជិតអស់ហើយ តួយ៉ាង អំបិលសម៉ត់ នៅសល់តិចតួចប៉ុណ្ណោះ ខណៈដែល អំបិលគ្រួស នៅសល់ប្រមាណ ៥០%។ ដោយឡែក ការផលិតអំបិល ក្នុងស្រុក នៅឆ្នាំនេះវិញ គឺមិនសូវជា មានច្រើនប៉ុន្មានទេ ព្រោះថា ប៉ុន្មានខែ មកនោះ អ្នកផលិតអំបិល គឺផលិតលក់ដោយខ្លួនឯង មិនបាន លក់តាមរយៈ សហគមន៍នោះទេ។
លោកអ៊ុំ ឈុន ក៏បាន សំណូមពរ ឲ្យខាងអាជ្ញាធរ គួរតែបន្ត គ្រប់គ្រងការផលិតអំបិល របស់ កសិករ ផលិតអំបិល ក្រោយពីសហគមន៍ត្រូវបានរំលាយ ដើម្បីធានាបាននូវគុណភាពអំបិល សម្រាប់សុខភាពពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង