ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនិញខូចគុណភាព ចំនួន ៧០ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលរកឃើញ និងដកហូត នៅក្នុងផ្សារសាមគ្គីក្រគរ ខេត្តពោធិ៍សាត់

92


(ខេត្តពោធិ៍សាត់)៖ នៅថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់តាមតូបលក់ទំនិញនៅក្នុងផ្សារសាមគ្គីក្រគរ ទីរួមខេត្តពោធិ៍សាត់ ។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើម្ហូបអាហាមួយចំនួនរួមមាន៖ លតស្វិត នំបាញ់ឌុក ត្រីងៀត និងប្រហុក ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ទំនិញខូចគុណភាព និងទំនិញហាមឃាត់ រួមមាន៖ ទឹកម្ទេស ទឹកត្រីកោះកុង ស្ករគ្រាប់ នំផ្អែម សរុបចំនួន ៧០ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមកដុតកម្ទេចចោលភ្លាមៗ ហើយបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាពបន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

លោក តូច ចៅកុយ បានឲ្យដឹងថា នៅក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញរបស់លោក បានធ្វើការវិភាគបឋមលតស្វិត នំបាញ់ឌុក ត្រីងៀត ប្រហុក និងទំនិញវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល ក្រុមការងាររបស់លោករកមិនឃើញមានសារធាតុគីមីហាមឃាត់ទេ។
លោកប្រធានសាខា បានឲ្យដឹងថា ប៉ុន្តែមន្ត្រីជំនាញកាំកុងត្រួល បានធ្វើការដកហូតទំនិញខូចគុណភាព (ហួសកាលបរិច្ឆេទប្រើប្រាស់) ដូចជា៖ ទឹកម្ទេស ទឹកត្រីកោះកុង ស្ករគ្រាប់ នំផ្អែម សរុបចំនួន ៧០គីឡូក្រាម យកមកដុតកំទេចចោលភ្លាមៗ នៅមុខសមត្ថកិច្ចដែលបានចូលរួម។
លោក តូច ចៅកុយ ក៏បានណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់ នូវផលិត ផលម្ហូបអាហារ ដែលមានដាក់បន្ថែមនូវ សារធាតុគីមីហាមឃាត់ និងទំនិញហួសថ្ងៃកំណត់ប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានពន្យល់ផ្សព្វផ្សាយ អប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង