លិចស្រឡាងដឹកមនុស្សលើសចំណុះ នៅភាគខាងជើងអ៊ីរ៉ាក់ ស្លាប់៤៥នាក់
បាកដាដ៖ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា មនុស្សចំនួន៤៥នាក់បានស្លាប់នៅពេលស្រឡាងមួយគ្រឿង ដឹកអ្នកដំណើរលើសទម្ងន់ បានលិចនៅលើដងទន្លេ Tigris ក្បែរទីក្រុងម៉ូស៊ូល ភាគខាងជើងប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
បើតាមប្រធានអាជ្ញាធរការពារជនស៊ីវិលនៃទីក្រុងម៉ូស៊ូល លោក Husam Khalil ស្រឡាង អាចមានដឹកមនុស្សប្រមាណជា២០០នាក់ ដែលភាគច្រើនជាស្រ្តីនិងកុមារ ហើយអ្នកស្លាប់ភាគច្រើនក៏ជាស្រ្តីនិងកុមារផងដែរ ដែលពុំចេះហែលទឹក ខណៈដងទន្លេ Tigris ជាទីដែលស្រឡាងបានលិចនោះ មានទឹកហូរក្នុងល្បឿនយ៉ាងលឿន៕